អដិ្ឋធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម៩រូប ត្រូវបានបញ្ជូនទៅវៀតណាមវិញ
- ថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៦:២៩ នាទី ល្ងាច

លោកស្រី កែវ សាវឿន អភិបាលរងខេត្តស្ទឹងត្រែង (អាវស) និងលោកស្រី ង្វៀន ធីថាញ់លីច អភិបាលខេត្ត យ៉ា ឡាយ ប្រទេសវៀតណាម។ រូបពី រដ្ឋបាលខេត្តស្ទឹងត្រែង
ភ្នំពេញ៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានរៀបចំជូនដំណើរអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម៩នាក់ ធ្វើមាតុភូមិនិវត្តន៍ទៅវៀតណាមវិញ។ នេះបើតាមការចេញផ្សាយរបស់រដ្ឋបាលខេត្តស្ទឹងត្រែង។

នៅមុខស្តូបមិត្តភាព កម្ពុជា-វៀតណាម ក្នុងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៦ឧសភា
លោកស្រី កែវ សាវឿន អភិបាលរងខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មការជំនាញរុករកអដ្ឋិធាតុ បានចុះហត្ថលេខា ជាមួយលោកស្រី ង្វៀន ធីថាញ់លីច អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត យ៉ា ឡាយ និងជាប្រធានគណៈកម្មការ ជំនាញរុករកអដ្ឋិធាតុ លើកំណត់ហេតុ ប្រគល់ទទួលអដ្ឋិធាតុចំនួន៩ ក្នុងរដូវប្រាំងឆ្នាំ២០២៤ដល់២០២៥។
លោកស្រី កែវ សាវឿន បានកោតសរសើរពីកិច្ចប្រឹងប្រែងរបស់កម្លាំងវៀតណាម កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ រួមជាមួយប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ក្នុងការស្រាវជ្រាវរុករកជីកគាស់អដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម សម្រេចបាន៩អដ្ឋិធាតុបន្ថែមទៀត។ បច្ចុប្បន្ននេះ អដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្ត និងមន្រ្តីជំនាញការវៀតណាម ដែលពលីនៅទឹកដីខេត្តស្ទឹងត្រែង បានរកឃើញ មាន៤២៨អដ្ឋិធាតុ។
ដំណើររុករក អដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាមនេះ បានធ្វើឡើងតាំងពី ឆ្នាំ២០០២។ តាមរយៈកិច្ចស្វែងរកនេះ លោកស្រី កែវ សាវឿន បានចាត់ទុកយ៉ាងដូច្នេះ៖ «អដ្ឋិធាតុទាំង៩ នៅចំពោះមុខយើងទាំងអស់គ្នា គឺពិតជាភស្តុតាង និងបានក្លាយជាវត្ថុទិព្វ ដើម្បីជួយរំលឹកស្មារតីយើងទាំងអស់គ្នា នឹកគិតទៅដល់រាល់ព្រឹត្តិការណ៍ ប្រវត្តិសាស្រ្ត ដែលបានកើតមានឡើងមកលើប្រជាជនកម្ពុជា ក្នុងអតីតកាលដ៏ខ្មៅងងឹត នៃរបបប្រល័យពូជសាសន៍ ពលពតដ៏ឃោឃៅ»។
ប្រធានគណៈកម្មការជំនាញរុករកអដ្ឋិធាតុខេត្តស្ទឹងត្រែង ក៏អំពាវនាវដល់គ្រប់អាជ្ញាធរដែនដី កំលាំងប្រដាប់អាវុធ មន្រ្តីរាជការទាំងអស់ បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការរុករក ជីកគាស់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមក្នុងរដូវប្រាំង២០២៥ -២០២៦ ខាងមុខបន្ថែមទៀត ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ និងទទួលបានលទ្ធផលថ្មីៗបន្ថែមទៀត។
ជាមួយគ្នាដែរ ភាគីវៀតណាម លោកស្រី ង្វៀន ធីថាញ់លីច បានអរគុណដល់គណៈកម្មការជំនាញរុករកអដ្ឋិធាតុ ខេត្តស្ទឹងត្រែង។ អភិបាលខេត្តនៃប្រទេសទាំងពីរ ក៏បានសូត្រមន្ត បង្សកូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: