បង្ការការឆ្លងកូវីដក្នុងសហគមន៍៖ សុខាភិបាលឱ្យពលរដ្ឋមានអាយុ១២ឆ្នាំឡើង ទៅចាក់វ៉ាក់សាំង
  • ថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៩:២៤ នាទី ព្រឹក
បង្ការការឆ្លងកូវីដក្នុងសហគមន៍៖ សុខាភិបាលឱ្យពលរដ្ឋមានអាយុ១២ឆ្នាំឡើង ទៅចាក់វ៉ាក់សាំង

ភ្នំពេញ៖ ដើម្បីបង្ការ ក៏ដូចជាធានាភាពស៊ាំសហគមន៍ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មី  (JN.1 lineages) ក្រសួងសុខាភិបាលប្រាប់ឱ្យពលរដ្ឋដែលអាយុចាប់ពី១២ឆ្នាំឡើង ទៅចាក់វ៉ាក់សាំងកូវីដ-១៩  នៅតាមមូលដ្ឋានសុខភាពសាធារណៈ។ ការជំរុញនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍សាជាថ្មី កាលពីថ្ងៃទី១៧ ខែឧសភា។

TTN-Free-Banner-In-Article-PC

លោក ម៉ី សំបូរ រដ្ឋមន្ត្រីស្តីទីនៃក្រសួងសុខាភិបាល បានចេញលិខិតជាសាធារណៈមួយទៅកាន់អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត នាយកមន្ទីរពេទ្យជាតិ រួមទាំងប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវផ្តល់វ៉ាក់សាំងកូវីដ-១៩ ជាប្រចាំនៅគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈ រួមមានមន្ទីរពេទ្យជាតិ និងមណ្ឌលសុខភាព។ ជាពិសេស ត្រូវផ្តល់វ៉ាក់សាំងកូវីដ-១៩ ដោយរួមបញ្ជូលជាមួយសកម្មភាពចុះផ្តល់សេវាសុខភាពមូលដ្ឋាន។ 

ជាមួយគ្នានេះ លោក ម៉ី សំបូរ បានណែនាំដល់ប្រធានមន្ទីរពេទ្យខាងលើ ឱ្យជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ រំលឹកដល់ប្រជាជនអាយុចាប់ពី១២ឆ្នាំឡើង រាល់៦ខែម្តងតាមយុទ្ធសាស្ត្រនៃការចាក់រំលឹកវ៉ាក់សាំងកូវីដ-១៩។  ជាពិសេស អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត នាយកមន្ទីរពេទ្យជាតិ រួមទាំងប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវលើកទឹកចិត្តពលរដ្ឋដែលមានវ័យចាស់ ជរា មានជំងឺរ៉ាំរ៉ៃ និងអ្នកមានភាពស៊ាំថយចុះជាដើម ឱ្យមកទទួលវ៉ាក់សាំងដើម្បីការពារជំងឺកូវីដ-១៩ ថ្មី។ 

គួរជម្រាបថា នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ក្រសួងសុខាភិបាលប្រកាសរកឃើញករណីឆ្លងជំងឺកូវី-១៩ ថ្មី ក្នុងសហគមន៍ចំនួន៦ករណី។  ការរកឃើញនូវករណីឆ្លងក្នុងសហគមន៍ថ្មីនេះ ជាក្តីព្រួយបារម្ភ​នៃការផ្ទុះឡើងវិញនូវជំងកូវីដ-១៩ ខណៈប្រទេសថៃមានអ្នកកើតជំងឺនេះឡើងវិញ កើនឡើងខ្ពស់គួរឱ្យកត់សម្គាល់។

ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ នៅកម្ពុជា ជំងឺនេះ បានសម្លាប់ពលរដ្ឋ ៣ ០៥៦នាក់។

គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៤ ខែឧសភា អ្នកកើតជំងឺ COVID-19 នៅថៃ​ ចាប់ផ្ដើមកើនឡើងវិញ ដោយមានចំនួនអ្នកឆ្លងដល់ទៅ៧១០៦៧នាក់ និងស្លាប់១៩នាក់។  នេះបើយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលព័ត៌មានជំងឺ COVID របស់រដ្ឋាភិបាលថៃ៕ 


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សារព័ត៌មានថ្មីៗ