- ថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៩:៥០ នាទី ព្រឹក

ក្រោយពិធីសូត្រធម៌ចូលកាន់តំណែងជាផ្លូវការរួចភ្លាម សម្តេចប៉ាប ឡេអ៊ុង១៤ បានទទួលជួបប្រធានាធិបតីអ៊ុយក្រែន ហ្សេឡេនស្គី នៅបុរីវ៉ាទីកង់ មុនគេ។ ជាមួយនឹងសេចក្តីអំពាវនាវឱ្យមានការកសាងពិភពលោកថ្មីក្នុងសន្តិភាព សម្តេចប៉ាបថាអ៊ុយក្រែនរង់ចាំការចរចាដើម្បីបានទទួលសន្តិភាពដ៏យុត្តិធម៌និងជានិរន្តន៍។ ប៉ុន្តែរុស្ស៊ីរបស់លោកពូទីន មិនខ្វល់ឮទេ។ យោធារុស្ស៊ីបានវាយប្រហារដោយដ្រូនក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់មានលើអ៊ុយក្រែន និងប្រកាសដណ្តើមកាន់កាប់ដីអ៊ុយក្រែនបានមួយដុំបន្ថែមទៀត។
នៅក្នុងពិធីសម្ពោធចូលកាន់តំណែងជាផ្លូវការ ដែលមានថ្នាក់ដឹកនាំរដ្ឋ-រដ្ឋាភិបាលនៃបណ្តាប្រទេសជាច្រើននៅលើពិភពលោកចូលរួម សម្តេចប៉ាប ឡេអុង១៤ បានអំពាវនាវឱ្យមានការកសាងពិភពលោកថ្មីរស់ក្នុងសន្តិភាព។ ក្រៅអំពីថ្លែងទុក្ខចំពោះមហន្តរាយមនុស្សធម៌នៅហ្កាហ្សា ដែលមនុស្សក្មេងចាស់ប្រុសស្រី ទាំងគ្រួៗ កំពុងរងគ្រោះអត់ឃ្លាន និងទុក្ខវេទនារបស់អ៊ុយក្រែនដែលរង់ចាំការចរចាដើម្បីទទួលបានសន្តិភាពដ៏យុត្តិធម៌និងយូរអង្វែង សម្តេចប៉ាបបានទទួលជួបប្រធានាធិបតីអ៊ុយក្រែនដោយផ្ទាល់ទៀត នៅបុរីវ៉ាទីកង់។
លោកហ្សេឡេនស្គី បានថ្លែងអំណរគុណសម្តេចសង្ឃ ដោយសង្ឃឹមថាការប្រសិទ្ធិពរជ័យសុំសន្តិភាព របស់ព្រះអង្គនឹងក្លាយជាការពិត។ ក្នុងឱកាសនេះដែរ លោកប្រធានាធិបតីអ៊ុយក្រែន បានជួបជជែកគ្នា ជាមួយលោកអនុប្រធានាធិបតីអាមេរិក JD Vances ជាលើកទីមួយ តាំងពីបានប្រទាក់សំដីគ្នាខ្លាំងនៅសេតវិមានមក។
ប៉ុន្តែនៅក្នុងផ្ទៃប្រទេស អ៊ុយក្រែនកំពុងរងការវាយប្រហារដោយដ្រូនពីសំណាក់រុស្ស៊ី ក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់មានពីមុនមកទេ។ បើតាមយោធាអ៊ុយក្រែន ក្នុងយប់ថ្ងៃសៅរ៍ឆ្លងចូលថ្ងៃអាទិត្យ រុស្ស៊ីបានបាញ់ដ្រូនអត្តឃាត ប្រភេទ Shahed ចំនួន ២៧៣គ្រឿងចូលទឹកដីអ៊ុយក្រែន ជាច្រើនតំបន់ រាប់ទាំងក្រុងកៀវផង។ ប្រព័ន្ធការពារអ៊ុយក្រែនកម្ទេចបានតែ៨៨គ្រឿង ឯ១២៨គ្រឿងទៀតរបូតបាត់។ ២៧៣ដ្រូនក្នុងមួយយប់ ជាឯតទគ្គកម្មថ្មីរបស់រុស្ស៊ី ដែលចង់បង្ហាញឱ្យឃើញកាន់តែច្បាស់អំពីឆន្ទៈបន្តសង្គ្រាម សម្លាប់ជនស៊ីវិល។ នេះជាប្រតិកម្មរបស់ថ្នាក់នាំអ៊ុយក្រែន។
ការវាយប្រហារដោយដ្រូនយ៉ាងសន្ធាប់នេះ ប្រព្រឹត្តទៅតែប៉ុន្មានម៉ោងក្រោយពីលោក ដូណាល់ត្រាំប្រធានាធិបតីអាមេរិក ប្រកាសចង់ទូរស័ព្ទទៅសមភាគីរុស្ស៊ីលោកពូទីន ដើម្បីសាកល្បងរកដំណោះស្រាយបញ្ចប់ជម្លោះ និងតែមួយថ្ងៃក្រោយកិច្ចចរចាដោយផ្ទាល់រវាងភាគីអ៊ុយក្រែននិងរុស្ស៊ីនៅតួកគី បានបិទបញ្ចប់ដោយគ្មានលទ្ធផលជុំវិញបទឈប់បាញ់។ សម្រាប់ប្រធានាធិបតីពូទីន ដែលទើបចេញមុខថ្លែងជាសាធារណៈនៅថ្ងៃអាទិត្យនេះ រុស្ស៊ីចង់លុបបំបាត់មូលហេតុដើមនៃសង្គ្រាមដោយបង្កើតលក្ខខណ្ឌសន្តិភាពជានិរន្តន៍ និងធានាបាននូវសន្តិសុខសម្រាប់រុស្ស៊ី។ ហើយយោធារុស្ស៊ី មានកម្លាំងនិងមធ្យោបាយគ្រប់គ្រាន់ក្នុងការសម្រេចកម្មវត្ថុនេះ។
សូមបញ្ជាក់ថា តាំងពីចូលឈ្លានពាននៅខែកុម្ភៈឆ្នាំ២០២២មក យោធារុស្ស៊ីដណ្តើមកាន់កាប់ទឹកដីអ៊ុយក្រែនបាន២០%។ ថ្ងៃនេះ រុស្ស៊ីបានប្រកាសដណ្តើមកាន់កាប់ភូមិថ្មីមួយទៀត នៃតំបន់Donetsk៕
ដោយ៖អៀង សុខម៉ិញ (RFI ខេមរភាសា)
