- ថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ១០:២០ នាទី ព្រឹក

អតីតប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញមានជំងឺមហារីកក្រពេញប្រូស្តាត ដែលអាចរីកយ៉ាងរហ័ស ហើយបានឆ្លងទៅដល់ឆ្អឹងរបស់លោកថែមទៀត។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យរបស់លោកចេញនៅថ្ងៃទី១៨ ខែឧសភា។
បន្ទាប់ពីការត្រួតពិនិត្យសុខភាពជាប្រចាំ លោក ចូ បៃឌិន អតីតប្រធានាធិបតីអាម៉េរិក ត្រូវបានរកឃើញមានដុំសាច់តូចមួយ នៅក្រពេញប្រូស្តាត។ តាមការបញ្ជាក់របស់អ្នកនាំពាក្យរបស់អតីតប្រធានាធិបតី ការរកឃើញដុំសាច់តូចបែបនេះ ជាដំណាក់កាលដ៏សំខាន់ ក្នុងការវាយតម្លៃបន្ថែម។
ការត្រួតពិនិត្យសុខភាពនោះ ធ្វើឡើងដោយសារលោក បៃឌិន មានរោគសញ្ញាពាក់ព័ន្ធនឹងទឹកនោម។ បើតាមសេចក្តីថ្លែងការណ៍ លោក បៃឌិន និងគ្រួសារ កំពុងពិនិត្យមើលជម្រើសក្នុងការព្យាបាលជាមួយវេជ្ជបណ្ឌិត។
«ដោយសារវាជាជំងឺ ដែលមានទម្រង់រីកសាយយ៉ាងរហ័ស មហារីកក្រពេញប្រូស្តាត ទំនងពាក់ព័ន្ធនឹងអ័រម៉ូន ដែលអាចទទួលបានការព្យាបាលប្រកបដោយប្រសិទ្ធភាព»។ ការិយាល័យរបស់លោក បៃឌិន បានបញ្ជាក់បែបនេះ ដោយបន្ថែមថា មហារីករបស់លោកបៃឌិន ស្ថិតក្នុងចំណាត់ថ្នាក់ទី៩ នៃ Gleason។
ចំណាត់ថ្នាក់ទី៩ នៃ Gleason ជាចំណាត់ថ្នាក់នៃការវាយតម្លៃមហារីកក្រពេញប្រូស្តាដ៏ខ្ពស់បំផុត ក្នុងចំណោម១០ចំណាត់ថ្នាក់ ហើយជាប្រភេទមហារីក ដែលអាចរីកសាយយ៉ាងរហ័ស។
នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ លោក បៃឌិន ដែលកំពុងកាន់អំណាចជាប្រធានាធិបតី ក៏ធ្លាប់យកដុំពកចេញពីដើមទ្រូងផងដែរ ហើយដុំនោះត្រូវបានបញ្ជាក់ថា ជាមហារីក។ មុនពេលចូលកាន់តំណែង លោក បៃឌិន ក៏ធ្លាប់កើតជំងឺមហារីកស្បែកប្រភេទ Non-melanoma Skin Cancers និងត្រូវបានព្យាបាលតាមរយៈការវះកាត់បែប Mohs។
តាមទិន្នន័យរបស់វិទ្យាស្ថានជាតិនៃសុខាភិបាលអាម៉េរិក មានអ្នកជំងឺកើតមហារីកប្រូស្តាតចំនួន ៣១៣ ៧៨០ ករណី ក្នុងឆ្នាំ២០២៥ ពោលគឺស្មើនឹង១៥ភាគរយ នៃករណីកើតជំងឺមហារីកថ្មីៗ។ ចំណែកអ្នកស្លាប់មានចំនួន ៣៥ ៧៧០នាក់ ដែលស្មើនឹង ៥,៨ភាគរយ នៃអ្នកស្លាប់ដោយសារជំងឺមហារីក។
តាមការចុះផ្សាយរបស់សារព័ត៌មាន ABC អ្នកជំងឺមហារីកក្រពេញប្រូស្តាត អាចមានជំងឺរស់ក្នុងរយៈពេល ៥ឆ្នាំប៉ុណ្ណោះ ហើយវាមានអត្រាដល់ ៩៨ភាគរយឯណោះ។ ក្នុងពេលបច្ចុប្បន្ន លោក បៃឌិន មានវ័យ៨២ឆ្នាំហើយ។
ក្រោយទទួលបានដំណឹងនេះ លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ដែលធ្លាប់តែរិះគន់លោក បៃឌិន ជុំវិញគោលនយោបាយ និងការដឹកនាំប្រទេស បានជូនពរដល់លោកបៃឌិន ឆាប់ជាសះស្បើយផងដែរ៕
អ្នកសរសេរអត្ថបទ
ធៀន ភារិន្ទ បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ នៅក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ននេះ ភារិន្ទកំពុងសិក្សាផ្នែកច្បាប់ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនៅដេប៉ាតេម៉ង់សិក្សាអន្តរជាតិ នៃវិទ្យាស្ថានការបរទេស សកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ភារិន្ទ ជាអ្នកតាមដានព័ត៌មានអន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងការបរទេស។...
