- ថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ១២:០៩ នាទី រសៀល

នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នឹងបំពេញទស្សនកិច្ចនៅជប៉ុន ចាប់ពីថ្ងៃទី២៨ ដល់ទី៣១ ខែឧសភា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសជប៉ុន ចេញនៅថ្ងៃទី១៩ ខែឧសភា។
តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសជប៉ុនចេញនៅថ្ងៃទី១៩ ខែឧសភា សម្តេច ហ៊ុន ម៉ាណែត និងភរិយា លោកស្រី ពេជ ចន្ទមុន្នី នឹងបំពេញទស្សនកិច្ចនៅជប៉ុន ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែឧសភា។
«លោក ស៊ីហ្គេរូ អ៊ីស៊ីបា នាយករដ្ឋមន្រ្តីជប៉ុន នឹងជួបជាមួយសមភាគីកម្ពុជា ដើម្បីពិភាក្សាពីទំនាក់ទំនងទ្វេភាគីរវាងជប៉ុន និងកម្ពុជា ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ»។ សេចក្តីប្រកាស របស់ក្រសួងការបរទេសជប៉ុន បានបញ្ជាក់បែបនេះ។
នេះ នឹងជាដំណើរទស្សនកិច្ចលើកទីពីរទៅជប៉ុន ចាប់តាំងពីឡើងកាន់តំណែង ហើយជាជំនួបលើកដំបូងរវាងលោក ស៊ីហ្គេរូ និងសម្តេច ហ៊ុន ម៉ាណែត។ វត្តមានរបស់សម្តេច ហ៊ុន ម៉ាណែត នៅជប៉ុន នឹងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតលើភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ទន្ទឹមនេះ សម្តេច ហ៊ុន ម៉ាណែត នឹងចូលរួមក្នុងវេទិកា Nikkei លើកទី៣០ ស្តីពីអនាគតអាស៊ីផងដែរ។
ដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន ម៉ាណែត លើកដំបូងនៅជប៉ុន គឺធ្វើឡើងនៅក្នុងខែធ្នូ ឆ្នាំ២០២៣ ដោយកាលនោះ សម្តេច បានជួបជាមួយ លោកនាយករដ្ឋមន្រ្តី គីស៊ីដា ហ្វូមីអូ។
ជប៉ុន ជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់កម្ពុជា ដោយកម្ពុជានាំទំនិញទៅជប៉ុនមានទំហំ ២,២ពាន់លានដុល្លារ ហើយនាំចូលពីជប៉ុនមានទំហំ ៦០២លានដុល្លារ នៅក្នុងឆ្នាំ២០២៤។
នៅចន្លោះឆ្នាំ១៩៩២ ដល់ឆ្នាំ២០២២ ក្រុងតូក្យូផ្តល់ជំនួយឥតសំណងដល់ក្រុងភ្នំពេញចំនួន ១,៦ពាន់លានដុល្លារ, កិច្ចសហប្រតិបត្តិការបច្ចេកទេស ៧០៦លានដុល្លារ និងផ្តល់កម្ចី ១,៨ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យរបស់ក្រសួងការបរទេសជប៉ុន៕
អ្នកសរសេរអត្ថបទ
ធៀន ភារិន្ទ បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ នៅក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ននេះ ភារិន្ទកំពុងសិក្សាផ្នែកច្បាប់ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនៅដេប៉ាតេម៉ង់សិក្សាអន្តរជាតិ នៃវិទ្យាស្ថានការបរទេស សកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ភារិន្ទ ជាអ្នកតាមដានព័ត៌មានអន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងការបរទេស។...
