គ្រឿងក្នុងជ្រូក១តោននាំចូលពីថៃ ត្រូវបានអាជ្ញាធរខេត្តបាត់ដំបងបង្រ្កាប​ និងកម្ទេចចោល
  • ថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ១:៥៩ នាទី រសៀល
គ្រឿងក្នុងជ្រូក១តោននាំចូលពីថៃ ត្រូវបានអាជ្ញាធរខេត្តបាត់ដំបងបង្រ្កាប​ និងកម្ទេចចោល

ភ្នំពេញ៖ គ្រឿងក្នុងជ្រូកដែលដឹកចូលមកពីប្រទេសថៃ ចំនួន១០០០គីឡូក្រាម(១តោន) ត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបងរឹបអូស និងដុតបំផ្លាញចោល នៅស្រុកសង្កែ។ ស្នងការនគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ការដឹកជញ្ជូនគ្រឿងក្នុងជ្រូកទាំងនេះពីប្រទេសថៃ ចូលកម្ពុជា គឺមានលក្ខណៈខុសបច្ចេកទេស និងគ្មានលិខិតអនុញ្ញាតពីអាជ្ញាធរ។​

TTN-Free-Banner-In-Article-PC

បើតាមសេចក្តីជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នាថ្ងៃទី១៨ ខែឧសភា  រថយន្តដែលដឹកជញ្ជូនគ្រឿងក្នុងជ្រូកខុសលក្ខណៈបច្ចេកទេស និងគ្មានលិខិតអនុញ្ញាត ចំនួន១តោននោះ គឺត្រូវបានអាជ្ញាធរស្ទាក់បង្ក្រាបនៅចំណុចផ្លូវជាតិលេខ៥ រង្វង់មូលស្រុកថ្មគោល ស្ថិតនៅស្រុកថ្មគោល ខេត្តបាត់ដំបង។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ រថយន្តមួយគ្រឿងម៉ាក Toyota Highlander ពណ៌ទឹកមាស ឆ្នាំ២០០៣ ពាក់ផ្លាកលេខ ភ្នំពេញ ២AU -៩៧៦៤ បើកបរដោយបុរសវ័យ៤២ឆ្នាំម្នាក់ រស់នៅខេត្តបន្ទាយមានជ័យ ដោយនាំបុរសនោះជាមួយវត្ថុតាង ទៅ​សាកសួរនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ 

ក្រោយការសាកសួររួច​ សមត្ថកិច្ចនគរបាលបានរាយការណ៍ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តបាត់ដំបង ហើយសម្រេចយកគ្រឿងក្នុងជ្រូកនាំចូលពីថៃទាំងនោះ ទៅដុតបំផ្លាញចោលនៅទីលានចាក់សំរាមស្ថិតនៅភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ ចំណែកឯ អ្នកដឹកជញ្ជូនវិញ សមត្ថកិច្ចនឹងបន្តនីតិវិធីទៅតាមផ្លូវច្បាប់ ៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សារព័ត៌មានថ្មីៗ