- ថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ២:២៩ នាទី រសៀល

Cristiano Ronaldo Jr កូនប្រុសច្បងរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo រកបានគ្រាប់បាល់ ២គ្រាប់ដំបូងបង្អស់ ជួយក្រុមអាយុក្រោម ១៥ឆ្នាំ U15 ព័រទុយហ្កាល់ ឈ្នះម្ចាស់ផ្ទះក្រូអាស៊ី ៣-២ នៅវគ្គផ្តាច់ព្រ័ត្រ លើកពាន Vlatko Markovic។
នៅការប្រកួតជំនួបផ្តាច់ព្រ័ត្រ ជាការបង្ហាញខ្លួនលើកទី៤ ឱ្យព័រទុយហ្កាល់ អាយុក្រោម ១៥ឆ្នាំ យុវជនមកពីក្រុម Al Nassr បានចាប់ផ្តើមការប្រកួតក្នុងជម្រើស ១១នាក់ ដំបូង ហើយ Ronaldo Jr. រកបានគ្រាប់បាល់បើកឆាក នៅនាទី១៣ ពីការស៊ុតជើងខាងឆ្វេងដ៏ល្អរបស់គេ។
ក្រោយពីកូនប្រុសរបស់កំពូលកីឡាករ Ronaldo ស៊ុតបាល់បញ្ចូលទីបើកឆាក កីឡាករយុវជនក្រូអាស៊ី ក៏រកបានគ្រាប់បាល់តាមស្មើមកវិញ ដោយកីឡាករ Ivan Caleta នាទី២៥។ ហៀបបញ្ចប់ការប្រកួតវគ្គទីមួយ Ronaldo វ័យ ១៤ឆ្នាំ អាចស៊ុតបានគ្រាប់ទី៣ នៅនាទី៤៣ បន្តបើកការនាំមុខដល់ព័រទុយហ្កាល់ អាយុក្រោម ១៥ឆ្នាំ។ ក្រុមម្ចាស់ផ្ទះក្រូអាស៊ី ក៏បានបន្តតាមស្មើនៅនាទី៥៩ ពីការស៊ុតរបស់កីឡាករវ័យក្មេង Rio Joka មុនពេលមិត្តរួមក្រុមរបស់ Ronaldo Jr កីឡាករយុវជន Rafael Cabral ស៊ុតគ្រាប់បាល់ជ័យជម្នះទី៣ បញ្ចូលទីនៅនាទី៧៨។
Ronaldo Jr វ័យ ១៤ឆ្នាំ ដែលពាក់អាវលេខ ៧ ដូចទៅនឹងឪពុករបស់គេ នៅពេលគេរកបានគ្រាប់បាល់លើកដំបូង គេថែមទាំងបានអបអរការស៊ុតបាល់បញ្ចូលទីដ៏ល្បីល្បាញឈ្មោះថា «SIU» ស្រដៀងទៅនឹងឪពុករបស់គេ។
បន្ទាប់ពីក្រុមព័រទុយហ្កាល់ អាយុក្រោម ១៥ឆ្នាំ ឈ្នះពានរង្វាន់ Vlatko Markovic សហព័ន្ធបាល់ទាត់ព័រទុយហ្កាល់ ក៏បានចូលរួមអបអរដល់ការស៊ុតបាល់បញ្ចូលទីលើកដំបូងរបស់កូនប្រុស Ronaldo តាមរយៈការបង្ហោះនៅលើបណ្តាញសង្គម Instagram ផ្លូវការរបស់សហព័ន្ធ។
ដោយឡែកកំពូលកីឡាករវ័យ ៤០ឆ្នាំ ជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេបង្អស់លើពិភពលោក ព្រមទាំងជាកីឡាករបង្ហាញខ្លួនច្រើនជាងគេបំផុតនៅជម្រើសជាតិ ក៏បានបង្ហោះសារលើបណ្តាញសង្គម អបអរដល់ជ័យជម្នះពានរង្វាន់របស់កូនប្រុស ព្រមទាំងបង្ហាញមោទកភាព ពេលឃើញកូនប្រុសខ្លួនអាចស៊ុតបាល់បញ្ចូលទីលើកដំបូងឱ្យក្រុមព័រទុយហ្កាល់៕
អ្នកសរសេរអត្ថបទ
អ្នកយកព័ត៌មានកីឡា
