- ថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ២:៥៩ នាទី រសៀល

នៅថ្ងៃទី១៩-២០ ឧសភានេះ ក្រសួងមុខងារសាធារណៈ ដឹកនាំរៀបចំ «កិច្ចប្រជុំត្រៀម និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការអាស៊ាន ស្ដីពីមុខងារសាធារណៈ ACCSM» នៅខេត្តព្រះសីហនុ។ កិច្ចប្រជុំនាពេលនេះ នឹងពិភាក្សាលើប្រធានបទវឌ្ឍនភាពនៃការអនុវត្តផែនការការងារACCSM និង ACCSM+3 2021-2025, ការរៀបចំផែនការការងារ ACCSM និង ACCSM+3 2026-2030, ការប្រមូលទិន្នន័យសូចនាករសមិទ្ធកម្ម នៃការអនុវត្តផែនការការងារ ACCSM ឆ្នាំ2021-2025 និងការងារផ្សេងៗ។
ពិធីបើកកិច្ចប្រជុំត្រៀម និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ នៅព្រឹកថ្ងៃទី១៩ ឧសភា មានការចូលរួមពីលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងប្រតិភូមន្ត្រីជាន់ខ្ពស់មុខងារសារធារណៈនៃបណ្តាប្រទេសសមាជិកអាស៊ាន រួមទាំងប្រទេសទីម័រឡេស្តេ អគ្គលេខាធិការដ្ឋានអាស៊ាន។
នាពិធីបើកកិច្ចប្រជុំខាងលើ លោក ហ៊ុន ម៉ានី បានលើកឡើងថា ខណៈដែលកម្ពុជា ជាប្រធានប្តូរវេនលើកទី២នេះ ពិភពលោកកំពុងមានការវិវត្តយ៉ាងឆាប់រហ័សផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាមួយនឹងស្ថានភាពមិនប្រាកដប្រជា ដែលកំពុងទទួលរងភាពតានតឹងនៃកត្តាភូមិសាស្ត្រនយោបាយ ការប្រកួតប្រជែងរវាងមហាអំណាច ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល។ លោកឧបនាយករដ្ឋមន្រ្តី ចាត់ទុកកត្តាទាំងអស់នេះ បានជះឥទ្ធិពល ដល់កិច្ចខិតខំប្រឹងប្រែងរួម ក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព និងក្នុងការលើកកម្ពស់វិស័យសាធារណៈក្នុងតំបន់។
«ទោះជាយ៉ាងណា ភាពរឹងមាំរបស់យើង និងការប្រមូលផ្តុំកម្លាំងរួម ជាក់ស្តែងដូចជានៅក្នុងកិច្ចប្រជុំនេះ នឹងផ្តល់ឱកាស ឱ្យយើងអាចធ្វើការរួមគ្នាក្នុងស្មារតីនៃជវភាពនៃតួអង្គតែមួយ និងអភិក្រមសហគមន៍ ទាំងមូល ដើម្បីព្យាយាមស្វែងរកការសម្របខ្លួន ចាប់យកកាលានុវត្តភាព និងដោះស្រាយ បញ្ហាប្រឈមរួមគ្នាប្រកបដោយនវានុវត្តន៍ ស្របតាមស្ថានភាពវិវឌ្ឍនៃនិន្នាការថ្មីៗ។» លោក ហ៊ុន ម៉ានី បន្តដូច្នេះ។
ACCSM មានបេសកកម្ម រួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យអាស៊ានឆ្នាំ២០២៥ តាមរយៈការ ពង្រឹងកិច្ចសហប្រតិបត្តិការមុខងារសាធារណៈក្នុងអាស៊ាន។ ACCSM នឹងជំរុញកិច្ចសហការក្នុងការលើកកម្ពស់ប្រសិទ្ធភាព ប្រសិទ្ធផលមុខងារសាធារណៈ គណនេយ្យភាពសាធារណៈ និងអភិបាលកិច្ចល្អ។ ទន្ទឹមនឹងនេះ ACCSM នឹងស្វែងរកនូវអានុភាពនៃភាពរឹងមាំរបស់ប្រទេសសមាជិកអាស៊ាន។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០០៥ កម្ពុជាធ្លាប់បានធ្វើជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំ ACCSM លើកទី១៣ សម្រាប់ឆ្នាំ២០០៥-២០០៦ ដែលជាលើកទី១ របស់ខ្លួន បន្ទាប់ពីចូលជាសមាជិកពេញសិទ្ធិនៃ ACCSM ក្នុងឆ្នាំ២០០១។ រយៈពេល ម្ភៃឆ្នាំក្រោយមក ក្រសួងមុខងារសាធារណៈកម្ពុជា បានទទួលធ្វើជាប្រធានប្តូរវេនសម្រាប់ឆ្នាំ២០២៤-២០២៦ និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ACCSM ជាលើកទី២៣ និង ACCSM+3 លើកទី៨៕
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕
