មុនបិទរដូវកាល CPL ក្រុមជើងឯករង លត់ក្រុមជើងឯក ៥-០
  • ថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៣:៣២ នាទី រសៀល
មុនបិទរដូវកាល CPL ក្រុមជើងឯករង លត់ក្រុមជើងឯក ៥-០
រូបពី Cambodian Premier League

លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាល ២០២៤-២៥ ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី១៨ ឧសភា ឆ្នាំ២០២៥។ ក្នុងជំនួបបិទរដូវកាល ភ្នំពេញក្រោន ជើងឯករង បានលត់ក្រុមព្រះខ័នរាជស្វាយរៀង ជើងឯកលីគកំពូល លទ្ធផល ៥-០ នៅកីឡដ្ឋានខេត្តស្វាយរៀង។

TTN-Free-Banner-In-Article-PC

ព្រះខ័នរាជស្វាយរៀង គ្រងជើងឯកលីគកំពូលកម្ពុជា ២រដូវកាលជាប់គ្នា។ ក្នុងរដូវកាលនេះ ព្រះខ័នរាជស្វាយរៀង មាន ៧៦ពិន្ទុ តាមពីក្រោយដោយភ្នំពេញក្រោន ជើងឯករង ៧២ពិន្ទុ។ មុនជំនួបបិទរដូវកាលលីគ ភ្នំពេញក្រោន បានលត់ព្រះខ័នរាជស្វាយរៀង លទ្ធផល៥-០។ ៥គ្រាប់នោះ រកបានដោយ Andres Neito ២គ្រាប់ នៅនាទី៩ និងនាទី៦០, លឹម ពិសុទ្ធ ១គ្រាប់ នៅនាទី១១, មីហ្ស៊ូណូ ហ៊ីការ៉ុ ១គ្រាប់ នៅនាទី១៤ និង Yudai Ogawa ១គ្រាប់ នៅនាទី៦៩។ 

ដោយឡែក ភ្នំពេញក្រោន នៅតែជាគូប្រជែងសំខាន់របស់ព្រះខ័នរាជស្វាយរៀង។ ក្រុមទាំង២ ត្រូវជួបគ្នាម្ដងទៀត នៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេច ហ៊ុន សែន លើកទី១៨ ដែលនឹងត្រូវធ្វើនៅថ្ងៃទី២៤ ឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

រីឯវិសាខា ក្រុមនេះ បានត្រឹមតែចំណាត់ថ្នាក់លេខ៣ ខណៈ បឹងកេត ចំណាត់ថ្នាក់លេខ៤។ នៅសប្ដាហ៍ទី៣២ ដែលជាសប្ដាហ៍ចុងក្រោយនៃក្របខ័ណ្ឌលីគ រដូវកាល២០២៤-២០២៥ ក្រុមបឹងកេត បានយកឈ្នះ ណាហ្គាវើលដ៍ លទ្ធផល២-១ ទន្ទឹមពេល វិសាខា បានឈ្នះ អង្គរថាយហ្គឺរ លទ្ធផល២-១ នៅកីឡដ្ឋានព្រីនស៍។

ណាហ្គាវើលដ៏ ទទួលបានចំណាត់ថ្នាក់លេខ៥។ ចំណែកអង្គរថាយហ្គឺរ ក្រុមមានទីតាំងនៅខេត្តសៀមរាបនេះ នៅចំណាត់ថ្នាក់លេខ៦។ សម្រាប់ក្រុមទាំង២នេះ ចំណាត់ថ្នាក់នេះ អាចត្រូវបានចាត់ទុកថាសមប្រកប ជាពិសេសអង្គរថាយហ្គឺរ ដែលជាក្រុមធ្លាប់តែនៅជាប់បាតតារាង ហើយឡើងមកនៅត្រឹម Top 6 ក្នុងរដូវកាលនេះ។

រីឯក្រុម អាយ អេស អាយ ដង្កោសែនជ័យ ទទួលបានចំណាត់ថ្នាក់លេខ៧។ ចំណាត់ថ្នាក់នេះ គឺផ្ទុយពីអ្វី ដែលលោក កាំង សេង ប្រធានក្លិបអាយ អេស អាយ ដង្កោសែនជ័យ បានដាក់គោលដៅយកឲ្យបានត្រឹម Top 6។ ប្រកួតចុងក្រោយ ក្រុមអាយ អេស អាយ ដង្កោសែនជ័យ បានឈ្នះ ឡាយហ្វ ព្រះសីហនុ លទ្ធផល៤-២ នៅកីឡដ្ឋាន AIA KMH Park។ 

ក្រុមកងយោធពលខេមរភូមិន្ទ ទទួលបានចំណាត់ថ្នាក់លេខ៨។ ប្រកួតចុងក្រោយ ក្រុមនេះ បានយកឈ្នះលើសមាគមបាល់ទាត់ក្រសួងមហាផ្ទៃ លទ្ធផល៤-១ នៅកីឡដ្ឋានស្ដាតចាស់ 

ក្រុមគិរីវង់សុខសែនជ័យ នៅចំណាត់ថ្នាក់លេខ៩ ខណៈលេខ១០ ក្រុមបាល់ទាត់ឡាយហ្វ ព្រះសីហនុ។ សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ នៅចំណាត់ថ្នាក់លេខ១១ ដែលជាចំណាត់ថ្នាក់បាតតារាង៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា