- ថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៣:៥៩ នាទី រសៀល

ភ្នំពេញ៖ រដ្ឋសភា បានរៀបចំវេទិកាផ្សព្វផ្សាយ ស្ដីពី «ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា» ដើម្បីបញ្ជ្រាបចំណេះដឹងកិច្ចគាំពារសង្គម ដល់ភាគីពាក់ព័ន្ធ ពិសេសដល់តំណាងរាស្រ្តក្នុងរដ្ឋសភា។ វេទិកានេះត្រូវបានរៀបចំឡើង នៅថ្ងៃទី១៩ឧសភា នៅវិមានរដ្ឋសភា ដោយ សម្ដេច ឃួន សុដារី ចាត់ទុកវេទិកានេះថា ជាឱកាសល្អក្នុងនាមជាស្ថាប័នតាក់តែងច្បាប់ និងតាមដានការអនុវត្តច្បាប់ និងជាតំណាងរាស្រ្ត អាចយកចំណេះដឹងកិច្ចគាំពារសង្គម ទៅផ្សាយបន្តដល់ពលរដ្ឋតាមមូលដ្ឋាន។
វេទិកានេះ ត្រូវបានរៀបចំឡើងដោយមានកិច្ចសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងមានអ្នកចូលរួមប្រមាណ៣០០នាក់ ដែលភាគច្រើនជាសមាជិកព្រឹទ្ធសភារដ្ឋសភា ក្រសួងការងារ ក្រសួងសង្គមកិច្ច និងដៃគូពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងពិធីប្រកាសបើកវេទិកា សម្ដេចប្រធារដ្ឋសភា ឃួន សុដារី បានគូសបញ្ជាក់ថា ប្រព័ន្ធគាំពារសង្គម បានរួមចំណែកយ៉ាងសំខាន់ ជួយដល់ពលរដ្ឋក្នុងពេលជួបវិបត្តិនានា និងចូលរួមជួយកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភា ក្នុងវេទិកា ផ្សព្វផ្សាយគាំពារសង្គម នាព្រឹកថ្ងៃទី១៩ឧសភា ឆ្នាំ២០២៥។ រូបពី រដ្ឋសភា
ប្រព័ន្ធគាំពារសង្គម ក៏ជាផ្នែកមួយនៃការគាំពារថែទាំសុខភាពពលរដ្ឋ ចាប់តាំងពីពេលចាប់កំណើត រហូតដល់ទទួលមរណភាពផងដេរ ដែលអាចកំណត់ជា «អភិក្រមនៃវដ្តជីវិត» មានដំណាក់កាល៧ រួមមាន មាតុភាពនិងហានិភ័យកុមារភាព, ហានិភ័យសុខភាព, ហានិភ័យការងារ, ពិការភាព, និកម្មភាព, ភាពគ្មានជម្រកនិងជរាភាព និងឧត្ដរជីវី។ សម្តេចប្រធានព្រឹទ្ធសភា បន្ថែមដូច្នេះ មុននឹងបន្តចាត់ទុក វេទិការផ្សព្វផ្សាយនាពេលនេះ ថាជាឱកាសរបស់សមាជិករដ្ឋសភា និងព្រឹទ្ធសភា ក្នុងការបង្កើនចំណេះដឹងពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម។
សម្ដេច ឃួន សុដារី បានថ្លែងបន្ថែមថា៖ «ចំណេះដឹងនេះ (កិច្ចគាំពារសង្គម)មិនគ្រាន់តែផ្ដល់ឱ្យតំណាងរាស្ត្រជាមូលដ្ឋាន នៃចំណេះដឹង(កិច្ចគាំពារសង្គម) សម្រាប់ចុះជួបជាមួយពលរដ្ឋ ដើម្បីផ្សព្វផ្សាយ ជម្រាបជូនឱ្យគាត់(ពលរដ្ឋ) បានដឹង ព្រោះជារឿងដែលគាត់(ពលរដ្ឋ) ត្រូវការបំផុត ក្នុងការរស់នៅរបស់គាត់។»។
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងវេទិកាផ្សព្វផ្សាយ ប្រព័ន្ធគាំពារសង្គម នៅវិមានរដ្ឋសភា នាថ្ងៃទី១៩ឧសភា ឆ្នាំ២០២៥។ រូបពី រដ្ឋសភា
សម្រាប់ប្រមុខរដ្ឋសភា ចំណេះដឹងកិច្ចគាំពារសង្គម ដែលទទួលបានក្នុងវេទិកានេះ នឹងជួយឱ្យសមាជិក សមាជិកា រដ្ឋសភា និងព្រឹទ្ធសភា មានមតិយោបល់កាន់តែច្រើន ក្នុងកិច្ចប្រជុំ សមាជរដ្ឋសភា និងព្រឹទ្ធសភា ដែលនឹងរៀបចំឡើង នៅដើមខែមិថុនា ខាងមុខនេះ។
សម្ដេច ឃួន សុដារី សង្កត់ធ្ងន់ថា ដើម្បីបម្រើពលរដ្ឋឱ្យកាន់តែមានសមត្ថកិច្ចភាព ចាំបាច់បំផុត គឺត្រូវបំពាក់នូវចំណេះដឹងសំខាន់ៗ សម្រាប់ឆ្លើយតបតម្រូវការរបស់រាស្រ្ត និងរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គមជាតិប្រកបដោយបរិយាប័ន្ន និងភាពធន់៕
លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងវេទិកា ផ្សព្វផ្សាយប្រព័ន្ធគាំពារសង្គម នៅវិមានរដ្ឋសភា នាថ្ងៃទី១៩ឧសភា ឆ្នាំ២០២៥។ រូបពី រដ្ឋសភា
អ្នកសរសេរអត្ថបទ
