- ថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៦:៥៩ នាទី ល្ងាច

ស្ថានភាពគ្រួសារប្រកបមុខរបរកសិកម្មនៅកម្ពុជា បានប្រែប្រួលរចនាសម្ព័ន្ធក្នុងវិស័យកសិកម្ម មកនៅត្រឹមអត្រា៥៤,៥ភាគរយប៉ុណ្ណោះនៅឆ្នាំ២០២៣។ ពោល អត្រានេះគឺបានធ្លាក់ចុះ ២៧,៥ភាគរយ បើធៀបនឹងឆ្នាំ២០១៣ កម្ពុជាមានគ្រួសារប្រកបមុខរបរកសិកម្មដល់ជិត៨២ភាគរយ។ នេះបើយោងតាមរបាយការណ៍ថ្នាក់ជាតិចុងក្រោយ ស្តីពី លទ្ធផលជំរឿនកសិកម្មនៅកម្ពុជា ឆ្នាំ២០២៣។
ក្រសួងផែនការ ប្រកាសផ្សព្វផ្សាយនូវរបាយការណ៍ថ្នាក់ជាតិ ស្តីពី លទ្ធផលចុងក្រោយនៃជំរឿនកសិកម្មនៅកម្ពុជា ឆ្នាំ២០២៣ ក្រោមវត្តមានឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។ របាយការណ៍នេះ ឆ្នាំ២០២៣ បានបង្ហាញថា កម្ពុជាមានគ្រួសារនៅទូទាំងប្រទេសជាង៣,៤លានគ្រួសារ ក្នុងនោះ គ្រួសារកាន់កាប់កសិកម្មមាន១,៨៥លានគ្រួសារ។
ក្នុងពិធីប្រកាសលទ្ធផលជំរឿនកសិកម្មនៅកម្ពុជានេះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានរៀបរាប់យ៉ាងលម្អិតថា ក្នុងចំណោមគ្រួសារកាន់កាប់កសិកម្មទាំង១,៨៥លានគ្រួសារនេះ គឺមានក្បាលដីកសិកម្មសរុប ៣,៦លានក្បាលដី (រួមទាំងដីជុំវិញលំនៅឋាន) និងមានផ្ទៃដីសរុបប្រមាណ ៣,២ លានហិកតា។ ផលិតភាពដាំដំណាំស្រូវនៅទូទាំងប្រទេស គិតជាមធ្យមស្មើនឹង ៣,៤ តោន ក្នុង១ហិកតា។
តែយ៉ាងណាមិញ, ចំនួនគ្រួសារដែលកាន់កាប់កសិកម្មនៅឆ្នាំ២០២៣ គឺបានថយចុះប្រមាណ ២៨ ម៉ឺនគ្រួសារ។ ចំនួននេះ គឺស្មើនឹង១៣ភាគរយ បើប្រៀបធៀបនឹងលទ្ធផលនៃជំរឿនកសិកម្មនៅ ឆ្នាំ២០១៣ ខណៈគ្រួសារដែលប្រកបមុខរបរកសិកម្មនៅកម្ពុជាក្នុងឆ្នាំ២០២៣ បានធ្លាក់ចុះត្រឹម៥៤,៥ភាគរយ។ នេះជាការលើកឡើងរបស់លោករដ្ឋមន្ត្រីក្រសួងផែនការ ដែលជំរឿនកសិកម្មនៅកម្ពុជាលើកដំបូង ត្រូវបានធ្វើឡើង ក្នុងឆ្នាំ២០១៣ (បានធ្វើអង្កេតចន្លោះជំរឿនកសិកម្មនៅឆ្នាំ២០១៩) មានគ្រួសារប្រកបមុខរបរកសិកម្មជិត៨២ភាគរយ។
របាយការណ៍ថ្នាក់ជាតិ ស្តីពី លទ្ធផលចុងក្រោយនៃជំរឿនកសិកម្មនៅកម្ពុជា ឆ្នាំ២០២៣ គឺពិតជាមានភាពចាំបាច់សម្រាប់រដ្ឋាភិបាល ផ្នែកឯកជន និងដៃគូអភិវឌ្ឍទាំងអស់សម្រាប់ការរៀបចំផែនការ និងគោលនយោបាយ ដើម្បីអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល។ លោក ប៊ិន ត្រឈៃ បានអះអាងថា ៖ «លទ្ធផលជំរឿនកសិកម្ម បានចូលរួមចំណែកក្នុងការផ្តល់ទិន្នន័យសូចនាករសំខាន់ៗ ដែលជាតម្រូវការចាំបាច់មិនអាចខ្វះបានសម្រាប់ធ្វើបច្ចុប្បន្នភាពស្ថានភាពកសិកម្មនៅកម្ពុជា។ វាក៏បង្ហាញពីមូលដ្ឋានគ្រឹះនៃអង្គភាពកសិកម្ម ដែលឆ្លុះបញ្ចាំងអំពីទិន្នន័យ ព័ត៌មាន និងសកម្មភាពផលិតកម្ម កសិកម្ម ព្រមទាំងសូចនាករសំខាន់ផ្សេងៗទៀតរបស់អង្គភាពកសិកម្មគ្រប់ទំហំខ្នាត ប្រភេទ និងទម្រង់លក្ខណៈ នៃរចនាសម្ព័ន្ធកសិកម្មនៅកម្ពុជា»។
បើតាមលោករដ្ឋមន្ត្រីក្រសួងផែនការ ជំរឿនកសិកម្មនៅកម្ពុជា ឆ្នាំ២០២៣ នេះ ត្រូវបានក្រុមការងារចុះសម្ភាសន៍ និងស្រង់ទិន្នន័យចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ដោយគ្របដណ្តប់អង្គភាពកសិកម្មទាំងអស់ (គ្រួសារកាន់កាប់កសិកម្ម និងសហគ្រាសខ្នាតធំ) នៅក្នុងដែនដីកម្ពុជា។ ការស្រង់ទិន្នន័យអង្គភាពកសិកម្មនៅកម្ពុជា ធ្វើឡើងដោយផ្អែកតាមនិយមន័យច្បាស់លាស់ស្ដីពី«អង្គភាពកសិកម្ម» ដែលសំដៅដល់អង្គភាពផលិតកម្មកសិកម្មមួយមានទីតំាងមួយជាក់លាក់ ឬមានសកម្មភាពផលិតកម្មសំខាន់ដែលបង្កើតតម្លៃបន្ថែមមួយផ្នែកធំ និងមានយ៉ាងហោចណាស់ គឺត្រូវមានផ្ទៃដីដាំដុះដំណាំ ០,០៣ហិកតា និង/ឬ មានចិញ្ចឹមបសុសត្វ ប្រភេទ ធំយ៉ាងតិច ២ក្បាល និង/ឬ បសុសត្វប្រភេទតូចយ៉ាងតិច ៣ក្បាល និង/ឬ យ៉ាងហោចណាស់ មានបសុបក្សីចំនួន ២៥ក្បាល)៕
អ្នកសរសេរអត្ថបទ
កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញផ្នែកព័ត៌មានសេដ្ឋកិច្ច កសិកម្ម និងផលិតវីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕
