ស្បៀងអាហារអាម៉េរិករាប់រយតោន អាចនឹងត្រូវកម្ទេចចោល ដោយសារផុតសុពលភាព
  • ថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៤:៥៩ នាទី រសៀល
ស្បៀងអាហារអាម៉េរិករាប់រយតោន អាចនឹងត្រូវកម្ទេចចោល ដោយសារផុតសុពលភាព
រូបភាព ៖ AFP

ស្បៀងអាហារចន្លោះពី ៦០០០-៦៦០០០ មេទ្រីកតោន កំពុងមាននៅក្នុងស្តុក ដោយសារតែការកាត់បន្ថយជំនួយរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងនោះអាហារស្ងួតចំនួន ៥០០តោនអាចនឹងផុតកំណត់ហើយត្រូវកម្ទេចចោល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន ​​Reuters នៅថ្ងៃទី១៦ ខែឧសភា។

TTN-Free-Banner-In-Article-PC

ប្រភពរបស់ Reuters ចំនួន៥ ដែលដឹងពីបញ្ហានេះ រួមទាំងអតីតបុគ្គលិក ៣នាក់នៅទីភ្នាក់ងារអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងអង្គការជំនួយចំនួន២ បានអះអាងថា ឃ្លាំងស្បៀងអាហាររបស់រដ្ឋាភិបាលអាម៉េរិកចំនួន៤ ត្រូវបានជាប់គាំងចាប់តាំងពីរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បានកាត់បន្ថយកម្មវិធីជំនួយអន្តរជាតិក្នុងខែមករា។

ឃ្លាំងដែលមានទីតាំងនៅ Djibouti អាហ្វ្រិកខាងត្បូង ឌូបៃ និងអាម៉េរិក ត្រូវបានគេប៉ាន់ប្រមាណថាមានស្បៀងអាហារចន្លោះពី ៦០00- ៦៦000 មេទ្រីកតោនដែលផលិតនៅអាម៉េរិក រួមទាំងអាហារស្ងួត ប្រេងបន្លែ និងធញ្ញជាតិ ដែលមានតម្លៃសរុបជាង ៩៨លានដុល្លារ។ ការិយាល័យជំនួយមនុស្សធម៌ (BHA) របស់ USAID បានគ្រប់គ្រងឃ្លាំងទាំងនេះ។

ចំនួនអាហារនេះគឺគ្រប់គ្រាន់សម្រាប់ចិញ្ចឹមមនុស្សជាង ១លាននាក់សម្រាប់រយៈពេល ៣ខែ ឬប្រជាជនទាំងមូលនៃតំបន់កាហ្សាសម្រាប់រយៈពេលជាង១ខែ។ ប្រភពចំនួន២បានរៀបរាប់ថា អាហារស្ងួត ៥០០តោននៅឃ្លាំងឌូបៃ នឹងត្រូវផុតកំណត់ក្នុងខែកក្កដា ហើយទំនងជានឹងត្រូវបំផ្លាញ ឬប្រើប្រាស់ជាចំណីសត្វ។

ទោះបីជារដ្ឋបាល ត្រាំ បានផ្តល់ការលើកលែងចំពោះកម្មវិធីមួយចំនួន រួមទាំងនៅក្នុងតំបន់ កាហ្សានិង សូដង់ ក៏ការសម្រេចចិត្តលុបចោលកិច្ចសន្យា និងការបង្កកការទូទាត់ដល់អ្នកផ្គត់ផ្គង់ និងអ្នកដឹកជញ្ជូនបានទុកទំនិញនៅក្នុងឃ្លាំងចំនួន៤ ។

អាម៉េរិកគឺជាម្ចាស់ជំនួយដ៏ធំបំផុតរបស់ពិភពលោកនៃកម្មវិធីជំនួយមនុស្សធម៌ដែលមានយ៉ាងហោចណាស់ ៣៨ភាគរយនៃវិភាគទានសរុបដែលបានកត់ត្រាដោយអង្គការសហប្រជាជាតិ។ នៅឆ្នាំ ២០២៤ ទីក្រុងវ៉ាស៊ីនតោនបានបញ្ចេញជំនួយបរទេសចំនួន ៦១ពាន់លានដុល្លារ ដែលច្រើនជាងពាក់កណ្តាលត្រូវបានបែងចែកតាមរយៈ USAID ។

តាមកម្មវិធីស្បៀងអាហារពិភពលោក (WFP) មនុស្ស ៣៤៣ លាននាក់នៅទូទាំងពិភពលោកកំពុងប្រឈមមុខនឹងអសន្តិសុខស្បៀងយ៉ាងធ្ងន់ធ្ងរ៕


អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។   Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy. 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង