- ថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៥:២៩ នាទី ល្ងាច

ភ្នំពេញ៖ ដំណើរការវាស់វែងផលប៉ះពាល់នៃការសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ត្រូវបានបញ្ចប់ដោយជោគជ័យហើយ។ បច្ចុប្បន្ន ក្រុមការងារបច្ចេកទេសអន្តរក្រសួង បន្ត បោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកតម្លៃ១៧០០លានដុល្លារនេះ ក្នុងចម្ងាយ១៥៣គីឡូម៉ែត្រ សម្រាប់កំណាត់ទី២។
លោក អៀង វ៉េងស៊ុន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានក្រុមការងារបច្ចេកទេសពិសេសទទួលបន្ទុកលើការកំណត់និយាមកា និងរៀបចំផែនទីលម្អិតសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ ចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយ ព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ នាថ្ងៃទី១៧ ខែឧសភា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ ដែលការបោះបង្គោលព្រំដីសម្រាប់កំណាត់ទី២នេះ គឺមានចម្ងាយ១៥៣គីឡូម៉ែត្រ (ចាប់ពីខេត្តកណ្តាល រហូតដល់ខេត្តកែប)។
ក្រសួងសាធារណការបានអះអាងយ៉ាងដូច្នេះ៖ « ក្នុងដំណើរបេសកកម្ម សម្រាប់កំណាត់ទី២ នេះ ក្រុមការងារអន្តរក្រសួងនឹងប្រើប្រាស់ឧបករណ៍ទំនើបបច្ចេកវិទ្យាចុងក្រោយ ដែលទើបបានបំពាក់បន្ថែម ដើម្បីធានាសុក្រឹត្យភាពនៃការចុះផ្ទៀងផ្ទាត់ និងបោះបង្គោលកំណត់និយាមកាកាន់តែប្រសើរឡើង និងភាពឆាប់រហ័សនៃការបំពេញការងារ»។
បើតាមក្រសួងសាធារណការ កិច្ចការគម្រោងព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ត្រូវបានបញ្ចប់ការវាស់វែងផលប៉ះពាល់ ១០០ភាគរយហើយ។ បច្ចុប្បន្ន ក្រុមការងារកំពុងបន្តនីតិវិធីជាបន្តបន្ទាប់សម្រាប់ផ្តល់សំណងជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។ ជាមួយគ្នានេះ ក្រុមហ៊ុនអនុវត្តគម្រោង កំពុងសហការយ៉ាងយកចិត្តទុកដាក់ជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដើម្បីបោសសម្អាតគ្រឿងយុទ្ធភណ្ឌពុំទាន់ផ្ទុះ ដែលនៅសេសសល់ពីសង្គ្រាម មុននឹងបញ្ជូនគ្រឿងចក្រជីកស្តារសម្រាប់កំណត់ទី១។
គួរជម្រាបថា ប្រមុខរដ្ឋាភិបាលសម្រេចបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤។ ព្រែកជីកតម្លៃ១៧០០លានដុល្លារ មានប្រវែង ១៨០ គីឡូម៉ែត្រ ដោយចាប់ផ្ដើមពីចំណុចព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាម ព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និង បន្តរហូតដល់ សមុទ្រខេត្តកែប។ ព្រែកជីកនេះ ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និង ខេត្តកែប។
ចំពោះការសាងសង់ផ្លូវទឹកនេះ មានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងចៀសគ្នាបាន។ គម្រោងផ្លូវទឹកនេះ នឹងចំណាយទុនចំនួន ១៧០០លានដុល្លារ ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនខ្មែរ និងក្រុមហ៊ុនចិន CRBC ស្ថិតក្នុងរូបភាព BOT។ ក្នុងនោះ ក្រុមហ៊ុនខ្មែរកាន់កាប់ទុនវិនិយោគ ៥១ភាគរយ និងក្រុមហ៊ុនចិន CRBC កាន់កាប់ទុនវិនិយោគ៤៩ភាគរយ ដោយគ្រោងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៨៕
អ្នកសរសេរអត្ថបទ
