Vardy រកបានគ្រាប់ទី ២០០ ឱ្យ Leicester City មុនចែកផ្លូវគ្នា
  • ថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៥:៥៩ នាទី ល្ងាច
Vardy រកបានគ្រាប់ទី ២០០ ឱ្យ Leicester City មុនចែកផ្លូវគ្នា

កីឡាករ Jamie Vardy រកបានគ្រាប់បាល់ទី ២០០ សម្រាប់ក្រុម Leicester City នៅក្នុងការបង្ហាញខ្លួនលាគ្នាចុងក្រោយ មុនចាកចេញពីក្លិប ខណៈក្រុមឈ្នះ Ipwich Town ២-០ ក្នុងជំនួបក្របខណ្ឌ Premier League សប្តាហ៍ទី៣៧ នៅថ្ងៃទី១៨ ខែឧសភា។

TTN-Free-Banner-In-Article-PC

Vardy វ័យ ៣៨ឆ្នាំ បានបញ្ចប់អាជីពនៅក្លិប Leicester City ដោយរកបាន ២០០គ្រាប់ ក្នុងចំណោមការប្រកួតទាំង៥០០លើក។ ការចាកចេញរបស់ Vardy កើតឡើង ក្រោយពីរូបគេរួមរស់រយៈពេល ១៣ឆ្នាំ ជាមួយនឹងក្លិបក្នុងប្រទេស​អង់គ្លេសមួយនេះ។

សម្រាប់ក្លិប Leicester City ពួកគេបានចាត់ទុក កីឡាករសញ្ជាតិអង់គ្លេស ថាជាកីឡាករដ៏អស្ចារ្យបំផុតមួយប្រចាំប្រវត្តិសាស្ត្រខ្លួន បន្ទាប់ពីរូបគេប្រកាសចាកចេញពីក្រុមនៅចុងបញ្ចប់រដូវកាល កាលពីដើមខែឧសភារួចមក។ 

អតីតកីឡាករលេងឱ្យជម្រើសជាតិអង់គ្លេស Vardy រួមចំណែកសំខាន់ក្នុងការជួយ Leicester City ឈ្នះជើងឯកលីគកំពូលអង់គ្លេស ក្នុងឆ្នាំ ២០១៦ ព្រមទាំងពានរង្វាន់ FA Cup នៅក្នុងឆ្នាំ ២០២១។

កន្លងមក កីឡាករវ័យ ៣៨ឆ្នាំ នៅតែអះអាងថារូបគេនៅតែអាចមានសមត្ថភាពប្រជែងក្នុងការប្រកួតកម្រិតខ្ពស់បានតាមធម្មតា ទោះចាកចេញពីក្រុមក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួនក៏ដោយ៕


អ្នកសរសេរអត្ថបទ

 អ្នក​យកព័ត៌មាន​កីឡា

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង