- ថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៧:២៩ នាទី ល្ងាច

មេដឹកនាំឥណ្ឌូណេស៊ី និងថៃ នៅថ្ងៃទី១៩ ខែឧសភា បានប្រកាសដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ទន្ទឹមនេះ ភាគីទាំងពីរ បានប្តេជ្ញាជំរុញលើវិស័យទេសចរណ៍, ការប្រឆាំងឧក្រិដ្ឋកម្មឆ្លងព្រំដែន និងការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតជាដើម។
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ នៅថ្ងៃទី១៩ ខែឧសភា បានធ្វើទស្សនកិច្ចនៅថៃជាលើកដំបូង ចាប់តាំងពីឡើងកាន់តំណែង ហើយជាប្រធានាធិបតីឥណ្ឌូណេស៊ីដំបូង ក្នុងរយៈពេល ២០ឆ្នាំ ដែលបានបំពេញទស្សនកិច្ចនៅថៃ។ ទស្សនកិច្ចដែលធ្វើឡើងចំខួបទំនាក់ទំនង ៧៥ឆ្នាំ លោក ប្រាបូវ៉ូ និងនាយករដ្ឋមន្រ្តីថៃ ផែថងថាន ស៊ីណាវ៉ាត់ បានឯកភាពដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ដើម្បីជំរុញការវិនិយោគ និងកិច្ចសហប្រតិបត្តិការបន្ថែម។
«ការសម្រេចចិត្តក្នុងការដំឡើងទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្រ្ត បានបង្ហាញពីការប្តេជ្ញាក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសំខាន់ៗ ដែលបម្រើដល់ប្រយោជន៍ប្រជាជនប្រទេសទាំងពីរ»។ លោកស្រី ផែថងថាន បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី១៩ ខែឧសភា។
តាមការប្រកាសរបស់លោក ប្រាបូវ៉ូ មេដឹកនាំថៃ និងឥណ្ឌូណេស៊ី បានពិភាក្សាលើបញ្ហាសន្តិសុខ ដែលរួមបញ្ចូលទាំងកិច្ចសហប្រតិបត្តិការលើដែនសមុទ្រ, កិច្ចខិតខំប្រឆាំងអំពើភេរវកម្ម, ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត, បង្កើនការធ្វើសមយុទ្ធយោធារួមគ្នា និងជំរុញភាពជាដៃគូឧស្សាហកម្មអាវុធ។
ប្រជាជនឥណ្ឌូណេស៊ី ជាជនជាតិមួយក្នុងចំណោមជនជាតិផ្សេងទៀត ដែលរងគ្រោះដោយសារការទាក់ទាញ ទៅធ្វើការនៅមីយ៉ាន់ម៉ា ពាក់ព័ន្ធនឹងការឆបោកបោកតាមប្រព័ន្ធអ៊ីនធឺណិត។ នៅដើមឆ្នាំនេះ អាជ្ញាធរថៃ បានជួយជនជាតិឥណ្ឌណេស៊ីជាច្រើននាក់ពីមីយ៉ាន់ម៉ាឱ្យមានសេរីភាព ហើយនាំទៅថៃវិញ។
ទន្ទឹមនេះ ប្រទេសទាំងពីរ បានប្តេជ្ញាជំរុញការវិនិយោគ, ទេសចរណ៍, ពាណិជ្ជកម្ម និងសន្តិសុខស្បៀងអាហារ។ មេដឹកនាំឥណ្ឌូណេស៊ី បានអំពាវនាវឱ្យក្រុមហ៊ុនថៃជាច្រើនទៀត វិនិយោគលើវិស័យថាមពល និងការគ្រប់គ្រងស្បៀងអាហាររួមគ្នា៕
អ្នកសរសេរអត្ថបទ
ធៀន ភារិន្ទ បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ នៅក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ននេះ ភារិន្ទកំពុងសិក្សាផ្នែកច្បាប់ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនៅដេប៉ាតេម៉ង់សិក្សាអន្តរជាតិ នៃវិទ្យាស្ថានការបរទេស សកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ភារិន្ទ ជាអ្នកតាមដានព័ត៌មានអន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងការបរទេស។...
