- ថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៧:៥៩ នាទី ល្ងាច

ភ្នំពេញ៖ សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញបើកវេទិកាផ្សព្វផ្សាយស្តីពី «ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា» នៅព្រឹកថ្ងៃទី១៩ឧសភា នៅវិមានរដ្ឋសភា។ សម្ដេចប្រធានរដ្ឋសភា ចាត់ទុកប្រព័ន្ធគាំពារសង្គមជារឿងសំខាន់សម្រាប់សង្គមជាតិ ពិសេសពលរដ្ឋ ដែលជាម្ចាស់ឆ្នោត។
ដោយឃើញពីសារ:សំខាន់នៃប្រព័ន្ធគាំពារសង្គម សម្ដេច ឃួន សុដារី អំពាវនាវឱ្យសមាជិករដ្ឋសភា ព្រឹទ្ធសភា ត្រៀមមតិយោបល់ ពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម ដើម្បីជជែកពិភាក្សាឱ្យបានផុសផុល ក្នុងកិច្ចប្រជុំសមាជ រដ្ឋសភា និងព្រឹទ្ធសភាព នឹងរៀបចំឡើងនៅដើមខែមិថុនា ផ្ដោតលើប្រធាបទសំខានបី គឺប្រព័ន្ធគាំពារសង្គម វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងវិស័យកសិកម្ម។
ក្នុងវេទិកាផ្សព្វផ្សាយស្តីពី «ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា» នាថ្ងៃនេះ សម្ដេច ឃួន សុដារី បានកោតសរសើរពីវត្តមានរបស់សមាជិក រដ្ឋសភា ព្រឹទ្ធសភា ជាច្រើនរូប ដែលបានចូលរួមឈ្វេងយល់ពីចំណេះដឹងនៃកិច្ចគាំពារសង្គម ដោយសារកិច្ចប្រជុំសមាជនាពេលខាងមុខ សមាជិករដ្ឋសភា ព្រឹទ្ធសភា ទាំងអស់ត្រូវតែមានយោបល់ និងបទអន្តរាគមន៍។ ប្រធានរដ្ឋសភា បានលើកឡើងុយ៉ាងដូច្នេះ៖ «សូមសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា សូមត្រៀមឱ្យហើយនូវសំណួរ ព្រោះសម្ដេច( ហ៊ុន សែន) ប្រធានសមាជ លោកមានយោបល់ហើយថា សូមឱ្យពេលនោះ ត្រូវនិយាយឱ្យបានច្រើនគ្នា (ពាក់ព័ន្ធនឹងកិច្ចគាំពារសង្គម)»។
ការជជែកពិភាក្សា និងរកដំណោះស្រាយ សម្រាប់ពលរដ្ឋ ក្នុងអង្គប្រជុំសមាជខាងមុន នឹងជួយដល់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឱ្យកាន់តែរឹងមាំ មានភាពធន់ ដោយឈរលើស្មារតីមិនបោះបង់ពលរដ្ឋណាម្នាក់ចោលឡើយ។ សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា ជាតួអង្គសំខាន់ ដែលតំណាងឱ្យពលរដ្ឋម្ចាស់ឆ្នោត ត្រូវតែទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ សម្រាប់រួមគ្នាគិត និងដោះស្រាយ។ នេះជាការលើកឡើងរបស់ សម្ដេច ឃួន សុដារី ដោយ បន្តអះអាងថា រដ្ឋសភាគំាទ្រពេញទំហឹងចំពោះប្រព័ន្ធគាំពារសង្គមដែលបានរួមចំណែក ជួយដល់ប្រជាពលរដ្ឋ ក្នុងពេលជួបវិបត្ដិនានា និងបានចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជា៕
អ្នកសរសេរអត្ថបទ
