- ថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៨:២៩ នាទី យប់

អង់គ្លេសបានកាន់កាប់មូលបត្របំណុលរដ្ឋាភិបាលអាម៉េរិកចំនួន ៧៧៩ពាន់លានដុល្លារគិតត្រឹមចុងខែមីនា ឆ្នាំ២០២៥។ ចំនួននេះច្រើនជាងប្រទេសចិនជាលើកដំបូង ក្នុងរយៈពេល ២៥ឆ្នាំ ដែលមានត្រឹមតែប្រមាណ ៧៦៥ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នា។
ក្រសួងរតនាគារអាម៉េរិកនៅថ្ងៃទី១៧ ខែឧសភា បានចេញផ្សាយទិន្នន័យដែលបង្ហាញថាតម្លៃមូលបត្របំណុលរបស់រដ្ឋាភិបាលអាម៉េរិកដែលកាន់កាប់ដោយជនបរទេសបានកើនដល់កម្រិតខ្ពស់បំផុតនៅក្នុងខែមីនាគឺ ៩០៥០ពាន់លានដុល្លារ។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន តួលេខនេះបានកើនឡើងជិត ១២ភាគរយ។ នេះក៏ជាខែទីបីជាប់គ្នាដែរដែលតួលេខនេះបានកើនឡើង។
កាលពីខែមីនា អង់គ្លេសបានវ៉ាដាច់ចិន ដើម្បីក្លាយជាម្ចាស់បំណុលបរទេសធំជាងគេទី២ របស់អាម៉េរិក ដោយកាន់កាប់មូលបត្របំណុលរដ្ឋាភិបាលអាម៉េរិកចំនួន ៧៧៩ពាន់លានដុល្លារ។ នេះជាលើកដំបូងចាប់តាំងពីខែតុលាឆ្នាំ ២០០០ ដែលតួលេខរបស់អង់គ្លេសមានកម្រិតខ្ពស់ជាងចិន។
ទោះជាយ៉ាងណា និន្នាការនេះមិនឆ្លុះបញ្ចាំងពីទុនបម្រុងរូបិយប័ណ្ណបរទេសរបស់អង់គ្លេសនោះទេ។ អ្នកវិភាគយល់ឃើញថា នេះគ្រាន់តែជាការបង្ហាញតួនាទីរបស់ទីក្រុងឡុងដ៍នៅកន្លែងលំហូរមូលធនអន្តរជាតិដ៏ធំតែប៉ុណ្ណោះ។
«តួលេខរបស់អង់គ្លេស ទំនងជាឆ្លុះបញ្ចាំងពីមូលបត្របំណុលដែលកាន់កាប់ដោយធនាគារពិភពលោក ការជឿទុកចិត្តលើការវិនិយោគនៅទីក្រុងឡុងដ៍ និងអាចជាមូលនិធិការពារហានិភ័យ»។ អតីតមន្ត្រីរតនាគារអាម៉េរិក លោក Brad Setser បានប្រាប់កាសែត Financial Times បែបនេះ។
មូលបត្របំណុលបរទេសនៅអាម៉េរិកតាមបណ្តាឆា្នំកន្លងទៅ។ រូបភាព ៖ FT
ជប៉ុន នៅតែជាម្ចាស់បំណុលបរទេសធំជាងគេរបស់អាម៉េរិក ដោយកាន់កាប់មូលបត្របំណុលរដ្ឋាភិបាលចំនួន ១,១៣ទ្រីលានដុល្លារ។ តួលេខនេះបានកើនឡើងពីរខែជាប់គ្នា។
ផ្ទុយទៅវិញ ចិនបានកាត់បន្ថយការកាន់កាប់មូលបត្រអាម៉េរិករបស់ខ្លួនមកនៅត្រឹម ៧៦៥,៤ពាន់លានដុល្លារក្នុងខែមីនា ពី ៧៨៤,៣ពាន់លានដុល្លារកាលពីខែមុន។ នៅខែធ្នូ ឆ្នាំ២០២៤ តួលេខនេះមានចំនួន ៧៥៩ពាន់លានដុល្លារ ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០០៩។ អស់រយៈពេលជាច្រើនឆ្នាំ ជប៉ុន និងចិនបានប្តូរវេនគ្នាទៅមកសម្រាប់ចំណាត់ថ្នាក់កំពូលមួយនេះ។
របាយការណ៍របស់ក្រសួងរតនាគារអាម៉េរិកបង្ហាញថា តម្រូវការសម្រាប់មូលបត្របំណុលរបស់រដ្ឋាភិបាលអាម៉េរិកនៅតែខ្លាំង។ យ៉ាងណាមិញ អ្នកជំនាញខ្លះយល់ថា និន្នាការនេះអាចនឹងត្រឡប់មកវិញក្នុងខែមេសា ដោយសាររដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសពន្ធបដិការនៅថ្ងៃទី២ ខែមេសា ដែលបណ្តាលឱ្យទីផ្សារពិភពលោកមានការប្រែប្រួល។
នៅពេលនោះ មូលបត្របំណុលអាម៉េរិកត្រូវបានលក់ចេញក្នុងអំឡុងពេលថ្ងៃទី ២-១១ ខែមេសា។ ទិន្នផលនៅលើមូលបត្របំណុលរយៈពេល ១០ឆ្នាំ បានឈរនៅចំណុចមួយដែលកើនឡើងច្រើនជាង ៧០ពិន្ទុមូលដ្ឋាន រហូតដល់ជិត ៤,៦ភាគរយ។ លោក ត្រាំ បានពន្យារពេលការដំឡើងពន្ធបដិការរយៈពេល ៩០ថ្ងៃ។ ទីផ្សារមូលបត្របំណុលក៏មានស្ថិរភាពដែរ។ ប៉ុន្តែអ្នកវិនិយោគបរទេសទំនងជានៅតែប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិរបស់អាម៉េរិក។
បើតាមក្រុមអ្នកវិភាគ ចំនួនមូលបត្របំណុលរបស់រដ្ឋាភិបាលអាម៉េរិកដែលវិនិយោគិនចិនកាន់កាប់បានធ្លាក់ចុះចាប់តាំងពីឆ្នាំ ២០១៨ មក។ ទន្ទឹមនោះ អតិផរណាទាប និងកំណើនសេដ្ឋកិច្ចក្នុងស្រុកយឺតនាប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យអ្នកវិនិយោគជប៉ុនចាក់ប្រាក់ទៅក្រៅប្រទេសយ៉ាងច្រើន។ ទិសដៅពេញនិយមបំផុត គឺនៅអាម៉េរិក។ ទោះបីជាធនាគារកណ្តាលជប៉ុន (BOJ) បានបញ្ចប់គោលនយោបាយអត្រាការប្រាក់អវិជ្ជមានរបស់ខ្លួនកាលពីដើមឆ្នាំមុន ក៏អ្នកជំនាញអះអាងថា លំហូរវិនិយោគនេះនឹងមិនផ្លាស់ប្តូរទិសដៅណាមួយក្នុងពេលឆាប់ៗនេះទេ៕
អ្នកសរសេរអត្ថបទ
ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.
