- ថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៨:៥៩ នាទី យប់

ភ្នំពេញ៖ អាជ្ញាធរ ខេត្តពោធិ៍សាត់ មានផែនការអភិវឌ្ឍន៍ «សហគមន៍នេសាទកំពង់ប្រាក់» ទៅជាតំបន់អេកូទេសចរណ៍ ដែលអាចផ្ដល់ការងារ និងប្រាក់ចំណូលបន្ថែម សម្រាប់លើកកម្ពស់ជីវភាពពលរដ្ឋក្នុងតំបន់កាន់តែប្រសើរឡើង។ នេះបើតាមការបង្ហើបរបស់ លោក សុខ ឆុន លេខាធិការនៃសហគន៍នេសាទកំពង់ប្រាក់ កាលពីថ្ងៃទី១ ខែឧសភា កន្លងទៅ។
លោក សុខ ឆុន បានឱ្យដឹងថា ការចង់ប្រែក្លាយសហគមន៍នេសាទកំពង់ប្រាក់ ទៅជាតំបន់អេកូទេសចរណ៍ គឺជាគំនិតផ្ដួចផ្ដើមរបស់ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ដែលជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និង លោក ខួយ រីដា អភិបាលខេត្តពោធិ៍សាត់។ បច្ចុប្បន្ន គេកំពុងតែវាស់វែងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។
សហគមន៍នេសាទកំពង់ប្រាក់ មានសក្ដានុពលទេសចរណ៍ជាច្រើន ដូចជា ផ្ទះបណ្ដែតទឹក ព្រៃលិចទឹក និងសត្វស្លាប ជាដើម។ សម្រាប់ទេសចរដែលចង់មកកម្សាន្ត លោក សុខ ឆុន ណែនាំឱ្យជិះទូកទស្សនាបឹងទន្លេសាប, ស្វែងយល់ពីជីវិតរស់នៅលើផ្ទះបណ្ដែតទឹក និងការប្រកបររបធ្វើនេសាទរបស់ពលរដ្ឋ។
លោក សុខ ឆុន ប្រាប់ដូច្នេះថា៖«នៅសហគមន៍កំពង់ប្រាក់យើង មានសក្ដានុពលច្រើនណាស់។ បើសិនជា ទេសចរមកលេង ពួកគេអាចមកមើលការរស់នៅរបស់ប្រជាពលរដ្ឋតាមមាត់ទន្លេ។ ក្រៅពីនោះ គេអាចទៅមើលព្រៃលិចទឹក និងសត្វស្លាបកម្រៗ ឬជិះទូកលំហែកាយ និងទស្សនាការប្រកបរបរនេសាទរបស់ប្រជាសហគមន៍យើងផងដែរ»។
តំណាងឱ្យសហគមន៍នេសាទកំពង់ប្រាក់ លោក ឆុន សារទរចំពោះគម្រោងអភិវឌ្ឍន៍អេកូទេសចរណ៍នេះ ដោយរំពឹងថា ពលរដ្ឋនឹងទទួលបានការងារ និងប្រាក់ចំណូលបន្ថែម តាមរយៈការបម្រើសេវាទូក និងការលក់ត្រី ឬបន្លែផ្លែឈើ ជាដើម។ លោក បន្ថែមដូច្នេះថា៖«កាលណាមានភ្ញៀវទេសចរមកលេងកាន់តែច្រើន ពលរដ្ឋក្នុងតំបន់ការតែសម្បូរការងារធ្វើ ជាពិសេសអ្នកបើកទូក និងការលក់ដូរផ្សេងៗ។ ដូច្នេះ ខ្ញុំសង្ឃឹមថាអាចផ្ដល់ចំណូលបន្ថែមដល់សហគមន៍ក្រៅពីរបរនេសាទ ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពពលរដ្ឋឱ្យកាន់តែប្រសើរ»។
កំពង់ប្រាក់ ជាភូមិបណ្តែតទឹកដ៏មានភាពទឹកទាញមួយនៃបឹងទន្លេសាប មានភូមិសាស្រ្តស្ថិតនៅឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ចាប់ពីខែឧសភា រហូតដល់វិច្ឆិកា (រដូវទឹកស្រក) គឺជាពេលដែលទេសចរធ្វើដំណើរទៅកម្សាន្តនៅទីតាំងនេះច្រើនជាងគេ។ កំពង់ប្រាក់ មានព្រៃលិចទឹក និងសត្វស្លាបជាច្រើនប្រភេទ ប៉ុន្តែ ទេសចរ ដែលភាគច្រើនជាជនបរទេសនោះ ចូលចិត្តទស្សនាភូមិបណ្ដែតទឹក ដើម្បីស្វែងយល់ពីជីវភាពរស់នៅ និងបៀបរបបនៃការនេសាទរបស់ប្រជាពលរដ្ឋ។
បច្ចុប្បន្ន សហគមន៍នេសាទមួយនេះ កំពុងយកចិត្តទុកដាក់លើការងារអភិរក្សត្រីមេពូជ និងទប់ស្កាត់បទល្មើសនេសាទផ្សេងៗ។ ការងារនេះ ទទួលបានការជ្រោមជ្រែងពី លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងសហភាពអឺរ៉ុប និងអង្គការស្បៀងអាហារ និងកសិកម្ម (FAO) ដែលគាំទ្រលើផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងសកម្មភាពជាច្រើនទៀតផងដែរ៕
អ្នកសរសេរអត្ថបទ
ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។
