- ថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៩:២៩ នាទី យប់

វាជារឿងធម្មតាដែលព្រលឹងខ្មោចជាប់ពាក់ព័ន្ធជានិច្ចនឹងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនថៃ។ អ្នកដឹកនាំរឿងថៃ រាតច្ឆភូមិ ប៊ុនបាន់ឆាឆូក បានបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងខ្សែភាពយន្តរបស់លោកដែលត្រូវបានជ្រើសរើសសម្រាប់ការប្រកួតប្រជែងយករង្វាន់ផ្នែកsemaine de la critique ក្នុងមហោស្រពភាពយន្តកាន។ ខ្សែភាពយន្តរឿង “ខ្មោចមានប្រយោជន៍” របស់លោកត្រូវបានចាក់បញ្ចាំងកាលពីយប់ថ្ងៃសុក្រ និងថ្ងៃអាទិត្យនេះ។ តើរឿងខ្មោចមានប្រយោជន៍ និយាយពីអ្វី?
ជាង១០ឆ្នាំក្រោយ អ្នកដឹកនាំរឿង អភិឆាផុង វីរៈសេដ្ឋាកុល នាំយកខ្សែភាពយន្តថៃមកប្រកួតឈ្នះរង្វាន់តាល់ប័ត្រមាស នៅមហោស្រពកាន លោករាតច្ឆភូមិ ប៊ុនបាន់ឆាឆូកជាសមិទ្ធករថៃទី២ ដែលនាំយករឿងថ្មីមកប្រកួតប្រជែង នៅមហោស្រពកាន ផ្នែក semaine de la critique។ រឿង Pee Chai Dai Ka A Useful Ghost ឬខ្មោចមានប្រយោជន៍ រយៈពេល២ម៉ោង និយាយពីខ្មោចស្រីម្នាក់ ដែលចូលសណ្ឋិតក្នុងម៉ាស៊ីនបូមសំអាតដី។ នាងណាត ជាព្រលឹងកូនប្រសារស្រី របស់ថៅកែរោងចក្រផលិតម៉ាស៊ីនបូមដី ដែលស្លាប់ដោយទាន់ហន់ដោយសារជំងឺផ្លូវដង្ហើម។ ដោយសារតែធូលីមានច្រើនពេកនៅក្រុងបាងកក?
តាមរយៈរឿង Pee Chai Dai Ka ឬខ្មោចមានប្រយោជន៍ សមិទ្ធករភាពយន្តថៃ លោក រាតច្ឆភូមិ ប៊ុនបាន់ឆាឆូក ចង់និយាយពីបញ្ហាសុខភាព បង្កឡើងដោយខ្យល់ពុល ធូលីបំពុលក្នុងបរិយាកាស ដែលកាន់តែរួបរឹតប្រទេសថៃ ដោយសារការអភិវឌ្ឍក្រុង។
Pee Chai Dai Ka ឬខ្មោចមានប្រយោជន៍ និយាយពីនាងណាត ព្រលឹងកូនប្រសារស្រីរបស់ថៅកែរោងចក្រផលិតម៉ាស៊ីនបូមដី ដែលនៅវិលវល់មិនចង់ទៅចាប់ជាតិ និងចូលទៅសណ្ឋិតនៅក្នុងម៉ាស៊ីនបូមដី ដើម្បីអាចត្រលប់ទៅក្បែរប្តី។ ដោយសារតែអាឡោះអាល័យនឹកប្រពន្ធ ម៉ាក់ដឹងច្បាស់ថា ព្រលឹងខ្មោចនាងណាត សណ្ឋិតក្នុងម៉ាស៊ីនបូមដី។ អ្នកទាំងពីរបាននិយាយសាសង និងមានទំនាក់ទំនងជិតស្និទ្ធ ដូចប្តីប្រពន្ធ រហូតធ្វើឲ្យគ្រួសារ ជាពិសេសម្តាយទើសទាល់ខ្លាំង។
ដើម្បីឲ្យគ្រួសារខាងប្តីយល់ព្រមទទួលឲ្យខ្លួនអាចបន្តរស់នៅជាមួយម៉ាក់ ខ្មោចនាងណាតសន្យាបោសសម្អាតដី និងបណ្តេញព្រលឹងខ្មោចអាក្រក់ ដែលតាមរករឿង លងមនុស្សមិនឲ្យធ្វើការនៅក្នុងរោងចក្រតទៅទៀត។ តើនាងណាត អាចសម្រេចតាមការសន្យា ដើម្បីទទួលបានការប្រោសប្រណីយោគយល់ ពីគ្រួសារដែរឬទេ?
សមិទ្ធករថៃ លោករាតច្ឆភូមិ ប៊ុនបាន់ឆាឆូក បានជ្រើសរើសព្រលឹងខ្មោចចូលសណ្ឋិតក្នុងម៉ាស៊ីនបូមដី ជាអង្គសំខាន់នៃរឿង។ ជាសិល្បៈមួយបែបដើម្បី រិះគន់ថា នៅពេលមនុស្សមិនអាចដោះស្រាយបញ្ហាបរិស្ថាន គឺខ្មោច ដែលនឹងចូលសណ្ឋិតក្នុងម៉ាស៊ីនដើម្បីបូមសម្អាតធូលី៕
ដោយ៖ឈាង បុប្ផា (RFI ខេរមភាសា)
