សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា រៀបចំប្រកួតជើងឯកថ្នាក់ជាតិ ត្រៀមស៊ីហ្គេមលើកទី៣៣
  • ថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៩:៥៩ នាទី យប់
សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា រៀបចំប្រកួតជើងឯកថ្នាក់ជាតិ ត្រៀមស៊ីហ្គេមលើកទី៣៣
កីឡាការិនី ប្រកួតបាញ់កាំភ្លើងវែង រូបពីសហព័ន្ធកីឡាបាញ់កាំភ្លើង

សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១៧-១៨ ឧសភា នៅទីលានបាញ់កាំភ្លើងរាជសីហ៍។ ក្នុងពិធីបិទព្រឹត្តិការណ៍ថ្នាក់ជាតិនេះ លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានថ្លែងថា ការរៀបចំនេះ គឺដើម្បីជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៥ ដកស្រង់បទពិសោធន៍បច្ចេកទេស និងតេស្ដសមត្ថភាពអត្ដពលិក ត្រៀមសម្រាប់ការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា ជាពិសេសស៊ីហ្គេម លើកទី៣៣ នៅចុងឆ្នាំ២០២៥។

TTN-Free-Banner-In-Article-PC

កីឡាបាញ់កាំភ្លើង គឺកីឡាចំណាស់មួយ ដែលមាននៅក្នុងព្រឹត្តការណ៍អូឡាំពិក ចាប់តាំងពីឆ្នាំ១៨៩៦។ បច្ចុប្បន្ន សហព័ន្ធកីឡាបាញ់កាំភ្លើងអន្ដរជាតិ (International Shooting Sport Federation ឬ ISSF) មានសមាជិកសរុប ១៤៩ប្រទេស។

លោក សុខ ពុទ្ធិវុធ យល់ឃើញថា កីឡាករ កីឡាការិនី ត្រូវការពង្រឹង និងហ្វឹកហាត់ឲ្យបានខ្ជាប់ខ្ជួន ដើម្បីអាចឲ្យមានសមត្ថភាពចូលរួមប្រកួតដណ្ដើមមេដាយ និងជ័យលាភីក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា ជាពិសេសព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ នៅអំឡុងខែធ្នូ ឆ្នាំ២០២៥។

ប្រធានរូបនេះ បានបញ្ជាក់ថា ការរៀបចំធ្វើព្រឹត្តិការណ៍នេះឡើង គឺដើម្បីតេស្ដសមត្ថភាពកីឡាករ-ការិនី ក៏ដូចជាការចម្រាញ់យកធនធាន ដែលមានសក្ដានុពលចូលជាក្រុមជម្រើសជាតិ ផងដែរ។ «ការរៀបចំឲ្យមានការប្រកួតលើកនេះគឺដើម្បីជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៥ និងដកពិសោធន៍ បច្ចេកទេស ព្រមទាំងពង្រឹងសមត្ថភាពរបស់កីឡាករ កីឡាការិនី ដើម្បីត្រៀមខ្លួនចូលរួមការប្រកួតកីឡា SEA Game ដែលនឹងប្រារព្ធឡើងនៅប្រទេសថៃ នាខែធ្នូ ខាងមុខនេះ។»។ លោក សុខ ពុទ្ធិវុធ បានថ្លែងដូច្នេះ។

លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា រូបពីសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា

រីឯលោក ហោ មុន្នីរតនៈ ម្ចាស់មេដាយមាស វិញ្ញាសាបាញ់ប្រតិកម្ម Production Optic មានសុទិដ្ឋិនិយមថា ការប្រកួតជើងឯកថ្នាក់ជាសំខាន់ ព្រោះប្រមូលផ្ដុំអត្ដពលិក ដែលមានសមត្ថភាពខ្លាំង មកបញ្ចេញសមត្ថភាព ប្រជែងយកជ័យលាភី។

«ការប្រកួតថ្នាក់ជាតិនេះ ពិតជាសំខាន់ ព្រោះប្រមូលផ្ដុំដោយកីឡាករខ្លាំងៗមកប្រកួត។ ពេលយើងបានឈ្នះលេខ១ គឺបញ្ជាក់ពីសមត្ថភាពរបស់យើង។ ការប្រកួតនេះ ក៏ជំរុញឲ្យយើងកាន់តែខំប្រឹង ដើម្បីឈានទៅរកការប្រកួតប្រជែងអន្ដរជាតិ នៅថ្ងៃអនាគត ពិសេសស៊ីហ្គេម នៅថៃចុងឆ្នាំនេះ»។

គួរបញ្ជាក់ផងដែរ សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានដាក់ ៤ប្រភេទវិញ្ញាសា ដូចជា៖ វិញ្ញាសាកាំភ្លើងវែងខ្យល់  ១០ម៉ែត្រ, វិញ្ញាសាកាំភ្លើងវែងជំហរបី ប្រវែង  ១០ម៉ែត្រ , វិញ្ញាសាបាញ់ប្រតិកម្ម Standard ( 4 Stages) និង វិញ្ញាសាបាញ់ប្រតិកម្ម Production Optic (4 Stages)។ ព្រឹត្តិការណ៍នេះ ត្រូវបានធ្វើរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-១៨ ឧសភា ឆ្នាំ២០២៥ នៅទីលានបាញ់កាំភ្លើងរាជសីហ៍៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា