Messi ចាត់ទុកជំនាន់ខ្លួន និង Ronaldo ជាយុគសម័យមាសនៃបាល់ទាត់
  • ថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ១០:២៩ នាទី យប់
Messi ចាត់ទុកជំនាន់ខ្លួន និង Ronaldo ជាយុគសម័យមាសនៃបាល់ទាត់

កំពូលកីឡាករបាល់ទាត់ Lionel Messi បានចាត់ទុកជំនាន់ប្រកួតប្រជែងទល់នឹង ជាកំពូលកីឡាករ Cristiano Ronaldo ជាជំនាន់យុគសម័យមាស ក្នុងពិភពកីឡាបាល់ទាត់។ ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន ប្រាប់កាសែត French Football ថ្ងៃទី១៨ ខែឧសភា បន្ទាប់ពីត្រូវបានចោទសួរ ថារវាងគេនិងកីឡាករព័រទុយហ្កាល់ តើម្នាក់ណាជាកីឡាករអស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រ​ (GOAT)?។

TTN-Free-Banner-In-Article-PC

​ទោះជាត្រូវបានសួរនាំជាថ្មី អំពីការប្រៀបធៀបគ្នា ជាមួយអតីតដៃគូប្រជែង Ronaldo ថាម្នាក់ណាជាកីឡាករដ៏អស្ចារ្យប្រចាំប្រវត្តិសាស្ត្រ ខ្សែប្រយុទ្ធ Messi ហាក់មិនចង់បកស្រាយអ្វីច្រើនទៀតនោះទេលើរឿងនេះ ។ Messi បានចាត់ទុក ការប្រកួតប្រជែងរវាងគេទល់នឹងប្រធានក្រុមព័រទុយហ្កាល់ គឺជារឿងដ៏អស្ចារ្យបំផុតក្នុងពិភពបាល់ទាត់ ហើយជាគូប្រជែង​ដ៏អស្ចារ្យ។

«ជាការប្រកួតប្រជែងដ៏អស្ចារ្យបំផុតមួយ ក្នុងពិភពបាល់ទាត់ ខ្ញុំគិតថា យើងបានបំពេញឱ្យគ្នាទៅវិញទៅមក ក្នុងនាមជាគូប្រជែង ព្រោះយើងប្រៀបបាននឹងគូប្រជែងដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។ Ronaldo តែងតែចង់ឈ្នះគ្រប់យ៉ាង ហើយខ្ញុំក៏ដូចគ្នាដែរ។ វាប្រៀបបានជាយុគសម័យមាសសម្រាប់យើង ហើយសម្រាប់អ្នកគាំទ្របាល់ទាត់គ្រប់រូប យើងទាំងពីរស័ក្តិសមបំផុត ឈរក្នុងនាមជាកីឡាករកំពូលរយៈពេល ១០ ទៅ ១៥ឆ្នាំ។ វាជាការចងចាំល្អបំផុតសម្រាប់យើង និងគ្រប់គ្នា។»។ ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំ បានលើកឡើងបែបនេះ។

ជំនាន់ Messi និង Ronaldo ប្រជែងគ្នា ប្រមូលបានពានរង្វាន់ កំពូលកីឡាករល្អបំផុតលើពិភពលោក (Ballon d’Or) សរុបរួមគ្នា ១៣លើក (Messi ឈ្នះ ៨លើក, Ronaldo ៥លើក)។​ ​អ្នកទាំង ២ ត្រូវបានមនុស្សទូទាំងពិភពលោកចាត់ទុកជាគូប្រជែងដ៏ខ្លាំង និងអស្ចារ្យបំផុតប្រចាំប្រវត្តិសាស្ត្របាល់ទាត់។

​ការប្រជែងគ្នាដ៏ខ្លាំង ដោយម្នាក់នៅក្រុម Barcelona និងម្នាក់ទៀតនៅក្រុម Real Madrid កំពូលកីឡាករទាំង ២ តែងមានសន្ទុះការប្រកួតប្រជែង រុញច្រានគ្នាទៅវិញទៅមក ឡើងដល់កម្រិតកំពូល ជាប់ឈ្មោះកំពូលកីឡាករល្អប្រចាំពិភពលោកដូចគ្នា មិនថាចំនួនគ្រាប់បាល់ ពានរង្វាន់ ឬកំណត់ត្រាក្នុងបាល់ទាត់នោះទេ សុទ្ធសឹងតែប្រជែងគ្នាទៅមក។ ​

យ៉ាងណាមិញ កន្លងមក​កីឡាករប្រធានក្រុមអាហ្សង់ទីន ធ្លាប់លើកឡើងថា រូបគេនៅតែជាកីឡាករម្នាក់ល្អបំផុត​ ពេញលេញក្នុងប្រវត្តិសាស្ត្រ ព្រោះគេឈ្នះពានរង្វាន់ធំៗសឹងតែទាំងអស់ក្នុងអាជីព។ Messi ឈ្នះ World Cup ឆ្នាំ ២០២២ នៅកាតា ជាពានរង្វាន់ធំជាងគេបង្អស់ ដែលកីឡាករគ្រប់រូបស្រម៉ៃចង់ឈ្នះ ហើយក្រៅពីនេះ កីឡាករវ័យ ៣៧ឆ្នាំ ឈ្នះពានរង្វាន់គ្រប់បែបយ៉ាងជាមួយ Barca និងពានកម្រិតតំបន់ជាមួយក្រុមជម្រើសជាតិផងដែរ។

មកដល់ពេលនេះ កំពូលកីឡាករទាំង ២ បានឈានចូលវ័យចំណាស់រៀងៗខ្លួន ប៉ុន្តែក៏នៅតែប្រកបអាជីពក្នុងវិស័យបាល់ទាត់ដដែល។ Messi កំពុងលេងឱ្យក្លិប Inter Miami ខណៈពេលដែល Ronaldo លេងឱ្យក្រុម Al Nassr នៅទឹកដីអារ៉ាប៊ីសាអូឌីត៕


អ្នកសរសេរអត្ថបទ

 អ្នក​យកព័ត៌មាន​កីឡា

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង