- ថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៨:២៩ នាទី ព្រឹក

ភាពអត់ឃ្លានស្រួចស្រាវបានកើនឡើងដល់កំរិតឯតទត្តកម្មនៅលើពិភពលោក។ បើតាមរបាយការណ៍ពិភពលោកស្តីពីវិបត្តិស្បៀងអាហារ នៅឆ្នាំ២០២៤មានមនុស្សចំនួន២៩៥លាននាក់រស់ក្នុងភាពអត់ឃ្លាន ក្នុង៥៣ប្រទេស។ ហើយទស្សនៈវិស័យសម្រាប់ឆ្នាំ២០២៥ កាន់តែអាប់អួរខ្លាំងថែមទៀត ដ្បិតជម្លោះរីកកាន់តែច្រើន ជំនួយអន្តរជាតិកាន់តែតិច។
តុល្យការអាក្រក់ខ្លាំងមិនធ្លាប់មានទេ គិតចាប់តាំងពីបណ្តាញប្រយុទ្ធប្រឆាំងនឹងវិបត្តិស្បៀងអាហារពិភពលោក ដែលជាបណ្តុំស្ថាប័នអឺរ៉ុប ធនាគារពិភពលោក និងទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិ ផ្តើមធ្វើបញ្ជីកត់ត្រាស្ថានភាពអត់ឃ្លាននៅលើពិភពលោក នៅឆ្នាំ២០១៦មក។ បើតាមរបាយការណ៍ប្រចាំឆ្នាំ ទើបចេញផ្សាយនៅសប្តាហ៍នេះ ក្នុងឆ្នាំ២០២៤ នៅក្នុងចំណោមប្រជាពលរដ្ឋអត់ឃ្លានជាង២៩៥,៣លាននាក់ ជិតពីរលាននាក់រស់លើមាត់ជ្រោះនៃគ្រោះទុរ្ភិក្ស។
ជាងនេះទៅទៀត ស្ថានភាពអត់ឃ្លាន ខ្វះអាហារូបត្ថម្ភ ខ្វះចំណីអាហារមានលក្ខណៈកាន់តែធ្ងន់ធ្ងរឡើងៗ ជាគម្រប់៦ឆ្នាំជាប់គ្នា នៅស៊ូដង់នៅភូមា ឬនៅហ្កាហ្សា។ នេះបើរបាយការណ៍ពិភពលោកដដែល។
ពាក្យថាខ្វះអាហារូបត្ថម្ភ រស់ក្នុងភាពអត់ឃ្លាន ក្នុងរបាយការណ៍សំដៅលើ ការរលត់ទាំងស្រុងនៃស្បៀងសម្រាប់ឱ្យស៊ូនិងត្រដររស់។ គ្រោះទុរ្ភិក្សដែលពិភពលោកលែងមានតាំងពីឆ្នាំ២០២០មក បានលេចឡើងជាថ្មីតាំងពីខែកក្កដា២០២៤មកនៅក្នុងជំរំជនភៀសខ្លួននៅដាហ្វួរប្រទេសស៊ូដង់ ហើយអាចបន្តលេចឡើងច្រើនទៀត នៅហ្កាហ្សា ដែនដីប៉ាឡេស្ទីនដែលធ្លាក់ក្នុងសង្គ្រាមអស់ជិតពីរឆ្នាំនិងត្រូវបិទខ្ទប់មិនមានជំនួយអន្តរជាតិចូលតាំងពីពីរខែមក។
ជម្លោះប្រដាប់អាវុធ អំពើហិង្សា ដែលជំរុញឱ្យប្រជាជនផ្លាស់ទី ជាមូលហេតុទីមួយនាំមានវិបត្តិស្បៀងអាហារ នៅឆ្នាំ២០២៤ សម្រាប់២០ប្រទេស ឬសម្រាប់ពលរដ្ឋជាង១៤០លាននាក់។ ចំណែក១៨ប្រទេសផ្សេងទៀត ភាពអត់ឃ្លាន អសន្តិសុខស្បៀងអាហារបណ្តាលមកពីបាតុភូតអាកាសធាតុ ដែលបណ្តាលមកពីការឡើងកម្តៅសីតុណ្ហភាពនៃភពផែនដី។ នេះជាករណី ដែលបណ្តាប្រទេសនៅភាគខាងត្បូងទ្វីបអាហ្វ្រិក ឬអាស៊ីខាងត្បូង ដូចយ៉ាងបង់ក្លាដែសកំពុងជួបប្រទះ។
ចំនួនជនរងគ្រោះដោយភាពអត់ឃ្លានបានឡើងដល់កំរិតកំពូលនៅឆ្នាំ២០២៤ហើយ ស្ថានភាពនៅឆ្នាំខាងមុខ (២០២៥) ក៏នឹងមិនប្រសើរឡើងដែរ។ នេះបើតាមរបាយការណ៍របស់បណ្តាញពិភពលោកប្រឆាំងនឹងវិបត្តិស្បៀងអាហារដដែល ដោយព្យាករថា ជម្លោះប្រដាប់អាវុធកាន់តែរីកធំ សម្ពាធភូមិសាស្ត្រនយោបាយកាន់តែតានតឹង ស្ថានភាពសេដ្ឋកិច្ចពិភពលោកកាន់តែមិនជាក់លាក់ បូកនឹងការកាត់ជំនួយអន្តរជាតិអស់មួយចំណែកធំទៀត វិបត្តិស្បៀងអាហារត្រូវតែមានអសន្តិសុខកាន់តែខ្លាំង។
សង្គ្រាមពាណិជ្ជកម្មដំឡើងពន្ធគយ នឹងធ្វើឱ្យទំនិញអាហារឡើងថ្លៃខ្លាំង បណ្តាញផ្គត់ផ្គង់ស្បៀងត្រូវរអាក់រអួល។ ការកាត់បន្ថយជំនួយអន្តរជាតិជាទូទៅ និងពីសំណាក់អាមេរិកដែលជាអ្នកផ្តល់វិភាគទានដ៏ចម្បងគេ បានធ្វើឱ្យសកម្មភាពមនុស្សធម៌ជុំវិញការផ្តល់ស្បៀងអាហារធ្លាក់ចុះអស់៤៥%។ ហេតុដូច្នេះហើយ បានជារបាយការណ៍សន្និដ្ឋានថា មានកុមារយ៉ាងហោចណាស់១៤លាននាក់ ដែលធ្លាប់ទទួលផលពីកម្មវិធីអន្តរជាតិ អាចនឹងជួបគ្រោះថ្នាក់ ធ្លាក់ខ្លួនមានជំងឺខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ឬត្រូវស្លាប់។
ភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ រីករាលដាលលឿនជាងសមត្ថភាពដោះស្រាយរបស់ពិភពលោក ដែលខ្ជះខ្ជាយអាហារអស់មួយភាគបី។ នេះជាប្រសាសន៍របស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយស្រែកបន្ទោសតួលេខដ៏អាក្រក់ថ្មីនេះថា ជាបរាជ័យមនុស្សជាតិ។
ប៉ុន្តែរបាយការណ៍ មិនភ្លេចលើកឡើងអំពីវឌ្ឍនភាពក្នុងការប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លាននៅប្រទេសអាហ្វហ្កានីស្ថាន ឬកេនយ៉ាទេ ដោយហេតុតែជំនួយដល់កសិករ អាហ្វហ្កានីស្ថាន កាត់បន្ថយជនរងគ្រោះពីអសន្តិសុខស្បៀងអាហារ បាន៨លាននាក់ ក្នុងរយៈពេលបីឆ្នាំ៕
ដោយ៖អៀង សុខម៉ិញ (RFI ខេមរភាសា)
