សម្ដេច ឃួន សុដារី ជំរុញឱ្យតាមវិសោធនកម្មច្បាប់ ដែលរារាំងដល់បរិយាប័ន្ន ក្នុងប្រព័ន្ធគាំពារសង្គម
  • ថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៩:២៩ នាទី ព្រឹក
សម្ដេច ឃួន សុដារី ជំរុញឱ្យតាមវិសោធនកម្មច្បាប់ ដែលរារាំងដល់បរិយាប័ន្ន ក្នុងប្រព័ន្ធគាំពារសង្គម

ភ្នំពេញ៖ សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភា ជំរុញឱ្យ គណៈកម្មការទី៨ (គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា) និងគណៈកម្មការពាក់ព័ន្ធផ្សេងទៀត ផ្ដួចផ្ដើមវិសោធនកម្មច្បាប់ណា ដែលមិនឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន ក្នុងវិស័យគាំពារសង្គម។

TTN-Free-Banner-In-Article-PC

នៅវេទិកាផ្សព្វផ្សាយ ស្ដីពី «ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា» នាព្រឹកថ្ងៃទី១៩ឧសភា សម្ដេច ឃួន សុដារី បានភាគីពាក់ព័ន្ធនៃកិច្ចគាំពារសង្គម ពង្រឹងអភិបាលកិច្ច និងការសម្របសម្រួល។ ពិសេស ប្រធានរដ្ឋសភា ចង្អុលបង្ហាញឱ្យ ក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលជាស្ថាប័នស្របសម្រួលដ៏សំខាន់ ត្រូវបន្តពង្រឹងសមត្ថភាព និងដើរតួឱ្យកាន់តែសកម្ម រួមទាំងធានាកិច្ចសហការប្រកបដោយប្រសិទ្ធភាព ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីលើកម្ពស់ភាពជាដៃគូ ពហុភាគី ក្នុងចំណោម វិស័យសាធារណៈ ឯកជន សង្គមស៊ីវិល។ 

សម្ដេច ឃួន សុដារី ក៏លើកកម្ពស់ ដល់គណៈកម្មការទី៨នៃរដ្ឋសភា និងគណៈកម្មការពាក់ព័ន្ធបន្តការតាមដាន ការអនុវត្តច្បាប់ និងគោលនយោបាយ ដើម្បីលើកម្ពស់តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព ក្នុងការអនុវត្តគោលនយោបាយគាំពារសង្គម រួមទាំងផែនការសកម្មភាពផ្សេងៗ។ លើសពីនេះ ប្រមុខដឹកនាំរដ្ឋសភា ជំរុញទៅគណៈកម្មការពាក់ព័ន្ធ យ៉ាងដូច្នេះ៖ «ផ្ដួចផ្ដើមស្នើធ្វើវិសោធនកម្មច្បាប់បទប្បញ្ញត្តិនានា ដែលមិនឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន និងភាពចន្លោះប្រហោងនៃច្បាប់ ដែលអាចរារាំងដល់បរិយាប័ន្ន និងសមធម៌»។ 

ជាមួយគ្នាដែរ សម្ដេច ឃួន សុដារី ណែនាំឱ្យ ពង្រឹងការគ្របដណ្ដប់ និងផ្ដល់អត្ថប្រយោជន៍នៃកិច្ចគាំពារសង្គមបន្ដែម ពិសេសវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមទាំងធ្វើឱ្យប្រសើរឡើង នូវឌីជីថលលូបនីយកម្ម ការគ្រប់គ្រងទិន្នន័យ និងថ្នាលគាំពារសង្គមឌីជីថល។ 

ចំណែក រដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋត្រូវធានាឱ្យបានថាថ្នាក់ក្រោមជាតិ មានសមត្ថភាពគ្រប់គ្រាន់ និងមានភារកិច្ចច្បាស់លាស់ តាមរយៈការវិនិយោគធនធានមនុស្សនិងការកសាងសមត្ថភាពមន្ត្រី ដើម្បីបង្កើនប្រសិទ្ធភាព ប្រព័ន្ធគាំពារសង្គមកម្ពុជាឱ្យកាន់តែល្អប្រសើរ។ ទន្ទឹមនឹងនេះ ត្រូវចូលរួមគោលការណ៍យេនឌ័រ ដោយធានាថាការចូលរួមតាក់តែងគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត ក្នុងការផ្ដល់កិច្ចគាំពារសង្គមបានឆ្លើយតបនឹងយេនឌ័រ ពិការភាព និងជនងាយរងគ្រោះ។ នេះជាអនុសាសន៍ របស់សម្ដេច ឃួន សុដារី ដែលផ្ដល់ទៅភាគីដែលពាក់ព័ន្ធនឹងប្រព័ន្ធកិច្ចគាំពារសង្គម៕ 


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី