- ថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៩:៥៩ នាទី ព្រឹក

នៅវ័យ ៩១ឆ្នាំ អ្នកស្ត្រី Emma Maria Mazzenga បានបំបែកកំណត់ត្រាពិភពលោក រត់ចម្ងាយ ២០០ម៉ែត្រ ប្រើពេល ៥៤:៤៧វិនាទី ប្រភេទអត្តពលិកអាយុលើស ៩០ឆ្នាំ កាលពីឆ្នាំ២០២៤។ សម្រាប់អត្តពលិកវ័យលើស ៩០ឆ្នាំ រូបនេះ ចាត់ទុកកំណត់ត្រា ឬក៏ជ័យលាភីក្នុងការរត់ប្រណាំង គឺជារឿងបន្ទាប់បន្សំតែប៉ុណ្ណោះ។ ភាពអត់ ធ្មត់ហ្វឹកហាត់ និងល្បឿនការរត់ក្នុងវ័យចាស់របស់អ្នកស្រី Emma បានក្លាយជាចលករជំរុញទឹកចិត្តពលរដ្ឋឱ្យស្រឡាញ់ការត់។
កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ក្នុងទីក្រុង Padua ស្ត្រីវ័យ៩១ឆ្នាំ សញ្ជាតិអ៊ីតាលី បានរត់ចម្ងាយ ២០០ម៉ែត្រ បំបែកកំណត់ត្រា កាន់កាប់រយៈពេល១៣ឆ្នាំ របស់ស្ត្រីសញ្ជាតិកាណាដា Olga Kotelko រត់ល្បឿនចម្ងាយ ២០០ ម៉ែត្រ ប្រភេទអត្តពលិកអាយុលើ ៩០ឆ្នាំ ប្រើពេលជាង ១នាទី។ អ្នកស្ត្រី Emma វ័យ៩១ឆ្នាំ រត់ប្រើពេលត្រឹមតែ ៥៤:៤៧វិនាទី ហើយរឿងនេះធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ខ្លាំងលើបណ្តាញសង្គម រហូតមកដល់ពេលនេះ។
រឿងរ៉ាវរបស់អ្នកស្រី Emma ថែមទាំងបានក្លាយជាការជំរុញទឹកចិត្តដ៏ធំមួយសម្រាប់មនុស្សជំនាន់ក្រោយ ឱ្យស្រឡាញ់ការរត់ និងព្យាយាមតស៊ូ ក៏ដូចជាការស្រឡាញ់ក្នុងការលេងកីឡា។
សម្រាប់អ្នកស្រី Emma កើតនៅឆ្នាំ ១៩៣៣ ការសម្រេចបានកំណត់ត្រាពិភពលោកដែលទទួលបាន ហាក់បីជាសមិទ្ធផលក្រោយ បន្ទាប់ពីអ្វីអ្នកស្ត្រីធ្លាប់សម្រេចធ្វើបានកាលពីមុនៗមក ជាពិសេសពេលអ្នកស្រី Emma នៅជាយុវវ័យ ហើយក៏ធ្លាប់ធ្វើជាអត្តពលិកផ្នែករត់ចម្ងាយនេះ។ ទោះបំបែកកំណត់ត្រាពិភពលោកពិតមែន តែមិនខុសពីអត្តពលិកកីឡារត់ដទៃឡើយ ស្ត្រីវ័យ ៩១ឆ្នាំ នៅតែបន្តផ្តោតអារម្មណ៍ ចំពោះកម្មវិធីរត់ពេលខាងមុខតទៀត។
ដោយឡែកកាលខែកុម្ភៈ ឆ្នាំ ២០២៥ អ្នកស្រី Emma បានចូលរួមប្រកួតប្រជែងព្រឹត្តិការណ៍កីឡា Masters Championships ក្នុងទីក្រុង Ancona ប្រទេសអ៊ីតាលី លើវិញ្ញាសារត់ចម្ងាយសម្រាប់អត្តពលិកជាស្រ្តីវ័យលើស ៩០ឆ្នាំ បន្ទាប់មកអ្នកស្រី Emma បានបន្តទៅប្រកួតក្នុងកម្មវិធីកីឡា European Masters ក្នុងប្រទេសប៉ូឡូញ កាលពីខែមករា។ គោលដៅដែល ស្ត្រីវ័យ ៩១ឆ្នាំ បានដាក់ដើម្បីរត់នោះគឺ ដើម្បីប្រជែងនឹងខ្លួនឯង ព្រមទាំងការធ្វើឱ្យល្អប្រសើរជាងមុន។
ក្រៅពីការប្រកួត អ្នកស្រី Emma បានចូលរួមហ្វឹកហាត់ជាមួយនឹងស្ថាប័នគ្រូបង្វឹកផ្នែកកីឡាអត្តពលកម្ម មានឈ្មោះថា Atletica Insieme Verona ដោយអ្នកស្រី ត្រូវហ្វឹកហាត់ការរត់រៀងរាល់ ២ថ្ងៃ ក្នុងមួយសប្តាហ៍ ក្នុងទីក្រុង Padua។ នៅរដូវកាលស្ត្រីវ័យ ៩១ឆ្នាំ រត់ហ្វឹកហាត់លើទីលានរត់ចម្ងាយក្នុងសាល នៃកីឡដ្ឋាន Palaindoor Facility ហើយនៅក្នុងរដូវកាលក្តៅ អ្នកស្រីរត់ហ្វឹកហាត់លើទីលាន នៅក្នុងកីឡដ្ឋាន Colbacchini។
ការហ្វឹកហាត់ ២ថ្ងៃ ក្នុងមួយសប្តាហ៍ សម្រាប់អ្នកស្រី Emma គឺជាគម្រោងផែនការហ្វឹកហាត់បានរៀបចំដោយលោក Daniele Aloe ជាគ្រូបង្វឹក សម្រាប់ថ្នាក់រត់កម្រិតមនុស្សចាស់។
រំលឹកកាលអ្នកស្រី Emma នៅជាយុវនារី អ្នកស្រីបានចូលរួមលេងកីឡាក្នុងសកលវិទ្យាល័យចន្លោះឆ្នាំ ១៩៥៦ ដល់ ១៩៦១ ដោយបានជ្រើសយកកីឡាអត្តពលិក វិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ ២០០ម៉ែត្រ និង ៤០០ម៉ែត្រ ហើយពេលខ្លះឈានដល់ចម្ងាយ ៨០០ម៉ែត្រថែមទៀត។ លើសពីនេះអ្នកស្រីធ្លាប់ចូលរួមប្រកួតថ្នាក់ជាតិ ហើយទទួលបានលទ្ធផលល្អបំផុតនោះគឺ ចំណាត់ថ្នាក់លេខ ៤។
ប្រសិនបើឱ្យសម្រាក់នៅតែផ្ទះ អង្គុយមួយកន្លែង នឹងអាចធ្វើឱ្យអ្នកស្រី Emma មានអារម្មណ៍ថានៅមិនសុខក្នុងខ្លួន បើទោះជាត្រូវដើរតិច ក៏ស្ត្រីវ័យ៩១ឆ្នាំ នៅតែបន្តក្រោកឈរ ដើម្បីធ្វើរាល់សកម្មភាពដែលជាកីឡារ ដើម្បីពង្រឹងកម្លាំងរាងកាយឱ្យរឹងមាំ។ អ្នកស្រី Emma ធ្លាប់លើកឡើងក្នុងកិច្ចសម្ភាសជាមួយនឹងអ្នកកាសែត ថា ការសម្រាកនៅមួយកន្លែង ធ្វើឱ្យអ្នកស្រីទទួលបានអារម្មណ៍ថាកម្លាំងធ្លាក់ចុះទន់ខ្សោយ។
មកដល់សព្វថ្ងៃអ្នកស្រី Emma នៅតែបន្តលេងកីឡារត់ ដោយនៅរាល់ព្រឹកអ្នកស្រីបានដើរហាត់ប្រាណជាមួយនឹងមិត្តភក្តិមានឈ្មោះថា Rosa អមជាមួយនឹងអ្នករត់វ័យចាស់ក្នុងតំបន់រស់នៅ ដោយពួកគាត់បានហ្វឹកហាត់ ការរត់ប្រណាំង និងប្រើពេលវេលារីករាយក្នុងការលេងកីឡាក្នុងជីវិតរស់នៅប្រចាំថ្ងៃ៕
អ្នកសរសេរអត្ថបទ
អ្នកយកព័ត៌មានកីឡា
