- ថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ១១:៤៩ នាទី ព្រឹក

ភ្នំពេញ៖ កម្ពុជាកំពុងរងឥទ្ធិពលខ្យល់មូសុងនិរតី ជាមួយសម្ពាធទាបគ្របដណ្តប់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ការណ៍នេះ បានធ្វើឱ្យភ្លៀង ខ្យល់កន្រ្តាក់ និង រន្ទះបាញ់ បន្តកើតឡើងចាប់ពីថ្ងៃទី ២០ដល់២៦ ខែឧសភា ក្នុងកម្រិតពីតិចទៅបង្គួរ គ្របដណ្ដប់ស្ទើរ ទូទាំងប្រទេស។
បើតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៩ ខែឧសភា នៅតំបន់វាលទំនាប អាចមានសីតុណ្ហភាពមធ្យមអប្បបរមា២៤អង្សា និងសីតុណ្ហភាពមធ្យមអតិបរមា៣៦អង្សា។ សម្រាប់ភូមិសាស្រ្តខេត្តកំពង់ធំ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ សៀមរាប និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៣៥ភាគរយ។
តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៥អង្សា និងសីតុណ្ហភាពមធ្យមអតិបរមា៣៦អង្សា។ សម្រាប់ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំដងរែក និងភ្នំក្រវាញ អាចធ្លាក់ភ្លៀងជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៤៥ភាគរយ។
ចំណែកតំបន់មាត់សមុទ្រវិញ មានសីតុណ្ហភាពមធ្យមអប្បបរមា២៥អង្សា និងសីតុណ្ហភាពមធ្យមអតិបរមា៣៦អង្សា។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់ លើផ្ទៃដី៣០ភាគរយ និងរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា០,៧៥ម៉ែត្រ។
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីថ្ងៃទី១២ ឧសភា បានអះអាងថា គ្រោះរន្ទះបាញ់ និងខ្យល់កន្រ្តាក់ ក្នុងឆ្នាំ២០២៥នេះ កើតឡើងច្រើនជាងឆ្នាំមុន។ ជាក់ស្ដែងចាប់ពីខែមករា ដល់មេសា រន្ទះបាញ់បានកើតឡើង៣០លើកនៅទូទាំងប្រទេស ដោយបានសម្លាប់១២នាក់, របួស១៦នាក់, ងាប់គោក្របី២១ក្បាល និងខូចខាតផ្ទះ៦ខ្នង។ ចំណែក ខ្យល់កន្ត្រាក់វិញ កើតឡើង១០៧លើក ក្នុងនោះសម្លាប់មនុស្ស៤នាក់, របួស១៥នាក់,ខូចខាតសាលារៀន២៨ខ្នង, រលំផ្ទះ២៦៧ខ្នង និងផ្ទះរបើក៣៦៩២ខ្នង។
ឆ្លើយតបបញ្ហានេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រៀមកម្លាំងប្រដាប់អាវុធ កម្លាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមូលដ្ឋាន ដើម្បីជួយអន្តរាគមន៍សង្រ្គោះពលរដ្ឋ។ លើសពីនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ក៏កំពុងពង្រឹងសមត្ថភាពប្រព័ន្ធតាមដានមុខសញ្ញាគ្រោះថ្នាក់ ដើម្បីជូនព័ត៌មានដល់ពលរដ្ឋឱ្យបានទាន់ពេលវេលា៕
អ្នកសរសេរអត្ថបទ
ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។
