ភ្នំភ្លើង Laki-Laki នៅភាគខាងកើតឥណ្ឌូនេស៊ី បានផ្ទុះកម្រើកសាជាថ្មី
  • ថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ១:៥៩ នាទី រសៀល
ភ្នំភ្លើង Laki-Laki នៅភាគខាងកើតឥណ្ឌូនេស៊ី បានផ្ទុះកម្រើកសាជាថ្មី
ភ្នំភ្លើង Laki-Laki នៅភាគខាងកើតឥណ្ឌូនេស៊ី បានផ្ទុះកម្រើកសាជាថ្មី AP

នៅឥណ្ឌូនេស៊ី ភ្នំភ្លើង Lewotobi Laki-Laki បានផ្ទុះកម្រើកសាជាថ្មី នៅថ្ងៃចន្ទ ទី១៩ ឧសភា​ ដែលបានបញ្ចេញផ្សែងអួរអាប់ទៅលើអាកាស កម្ពស់ជាង ១គីឡូម៉ែត្រ។ អាជ្ញាធរឥណ្ឌូ​នេស៊ីបានទាញសញ្ញាអាសន្នកំរិតខ្ពស់ ណែនាំឲ្យប្រជាជនពាក់ម៉ាស និងហាមមិនឲ្យ​អ្នក​ទេសចរចូលទៅក្បែរតំបន់គ្រោះថ្នាក់។

TTN-Free-Banner-In-Article-PC

ភ្នំភ្លើង Lewotobi Laki-Laki ដែលស្ថិតនៅលើកោះទេសចរណ៍ Flores បានផ្ទុះកម្រើកសាជាថ្មី ២ដងផ្ទួនៗគ្នា នៅថ្ងៃចន្ទ ទី១៩ ឧសភានេះ។ លើកទី១ កើតឡើងនៅម៉ោង ១២ រំលងអាធ្រាត ម៉ោងនៅឥណ្ឌូនស៊ី ដែលបានបញ្ចេញផ្សែងអួរអាប់ទៅលើអាកាស កម្ពស់ជាង ១២០០ម៉ែត្រ។ លើកទី២ កើតឡើងនៅម៉ោង ៩និង៣៨នាទី។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរគ្រប់គ្រងភ្នំភ្លើងក្នុងតំបន់។ 

កាលពីយប់ថ្ងៃអាទិត្យមិ្សលមិញ អាជ្ញាធរដដែលនេះបានប្រកាសអាសន្នកំរិតខ្ពស់ ថាភ្នំភ្លើង Laki-Laki អាចនឹងផ្ទុះបញ្ចេញផ្សែង កម្ពស់ជាង ១៥០០ម៉ែត្រ ទៅលើអាកាស។

ចំណែកឯ នាយកទីភ្នាក់ងារភូគព្ភសាស្ត្រឥណ្ឌូនេស៊ី លោក Muhammad Wafid បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃអាទិត្យ ទី១៨ ឧសភា ដោយបង្ហាញថាភ្នំភ្លើង Laki-Laki នៅតែមានសកម្មភាពខ្លាំង។ លោក Muhammad Wafid បានព្រមានអំពីហានិភ័យខ្ពស់ ដោយសារភ្នំភ្លើងនេះនឹងអាចបញ្ចេញផ្សែងទៅលើអាកាស កម្ពស់រហូតដល់ ៦គីឡូម៉ែត្រ ដែលបង្កគ្រោះថ្នាក់ដល់ប្រជាជនក្នុងតំបន់។ 

នាយកទីភ្នាក់ងារភូគព្ភសាស្រ្តរូបនេះក៏បានណែនាំឲ្យប្រជាពលរដ្ឋរស់នៅក្បែរតំបន់នោះ ពាក់ម៉ាស ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់ផ្លូវដង្ហើម ព្រមទាំងបានហាមមិនឲ្យអ្នកទេសចរចូលទៅក្បែរតំបន់នោះ ចម្ងាយប្រមាណ ៦គីឡូម៉ែត្រ។ ដោយហេតុថា ភ្នំភ្លើង Laki-Laki ចាប់ផ្តើមសកម្មភាពកម្រើកខ្លាំង ហើយនៅពេលមានទឹកភ្លៀងខ្លាំង នឹងអាចធ្វើបាក់ស្រុតដី ឬ ​ហូរ​នាំយក​កម្ទេចកម្ទី​ មកបំផ្លាញផ្ទះសម្បែងនិងអាយុជីវិតរបស់ប្រជាជនរស់នៅក្បែរទន្លេ ដែលមានប្រភពទឹកមកពីភ្នំភ្លើងនេះ។

សូមរំឭកថា ភ្នំភ្លើង Lewotobi​ Laki-Laki ឧស្សាផ្ទុះជាញឹកញយ។​ ជាក់ស្តែង កាលពីខែមីនាថ្មីៗនេះ ភ្នំភ្លើង Laki-Laki បានផ្ទុះបញ្ចេញផ្សែងទៅលើអាកាស កម្ពស់រហូតដល់ ៨គីឡូម៉ែត្រ ដែលបង្កឲ្យជើងហោះហើរអន្តរជាតិជាច្រើនបានផ្អាកដំណើរការទាំងស្រុង។ អាជ្ញាធរឥណ្ឌូនេស៊ីបានជម្លៀសប្រជាជន ជាង៤ពាន់នាក់​ ចេញពីផ្ទះសម្បែងរបស់ពួកគេ។ 

រីឯ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ភ្នំភ្លើងនេះបានផ្ទុះកក្រើកខ្លាំងជាងសព្វមួយដង ហើយអាជ្ញាធរក្នុងតំបន់បានជម្លៀសមនុស្ស ជិត១ម៉ឺននាក់ ចេញពីតំបន់គ្រោះថ្នាក់។ គ្រោះមហន្តរាយនាពេលនោះបានផ្តាច់ជីវិតមនុស្ស ១០នាក់ និងបានបំផ្លាញផ្ទះសម្បែងរបស់ប្រជាជនជាច្រើនខ្នង៕

ដោយ៖ ទន់ ពុទ្ធពិសិដ្ឋ (RFI ខេមរភាសា)

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

Other