- ថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៣:៤៩ នាទី រសៀល

គណៈកម្មការរៀបចំការប្រឡងប្រជែង នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី លើវិញ្ញាសាសរសេរលើកទី២ នៅថ្ងៃទី២៥ ឧសភាខាងមុខ។ បើតាមក្រសួងមុខងារសាធារណៈ ក្នុងដំណើរការប្រឡងវិញ្ញាសាសរសេរលើកទី១ គណៈកម្មការ សម្រាំងបានបេក្ខជនចំនួន ៤១នាក់ ក្នុងចំណោម ៥០៧នាក់។
ក្រោយបញ្ចប់ដំណើរការប្រឡងលើវិញ្ញាសាសរសេរលើកទី១ និងប្រកាសលទ្ធផលលើកទី១ គណៈកម្មការរៀបចំការប្រឡងប្រជែងនៃក្រសួងមុខងារសាធារណៈ បានរកឃើញបេក្ខជនដែលជាជើងខ្លាំងចំនួន ៤១នាក់ ក្នុងនោះស្រ្តីចំនួន ១៨នាក់ ដើម្បីបន្តការប្រឡងលើវិញ្ញាសាសសរសេរលើកទី២។
វិញ្ញាសាសរសេរលើកទី២ នៅថ្ងៃទី២៥ ឧសភាខាងមុខ នឹងរៀបចំនៅសាលាភូមិន្ទរដ្ឋបាល លើវិញ្ញាសាអធិប្បាយ ជំនាញឯកទេសរយៈពេល ៣ម៉ោង និងវិញ្ញាសាអធិប្បាយ ចំណេះដឹងទូទៅ រយៈពេល ២ម៉ោងផងដែរ។ ក្នុងដំណាក់កាលទី២នេះ ក្រសួងមុខងារសាធារណៈ នឹងជ្រើសរើសបេក្ខជនត្រឹមតែ១៥នាក់ប៉ុណ្ណោះ។
សូមបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសមន្រ្តីក្នុងសម័យកំណែទម្រង់ការជ្រើសរើសមន្រ្តីនេះ ក្រសួងមុខងារសាធារណៈ បន្តអនុវត្តដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ ជាមួយគ្នានេះ ក្រសួងមុខងារសាធារណៈ មិនអនុញ្ញាតឱ្យបេក្ខជនយកឯកសារផ្សេងៗ ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ចូលក្នុងមណ្ឌលប្រឡងឡើយ៕
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕
