អង់គ្លេស-សហភាពអឺរ៉ុប សាទរជំពូកថ្មី បន្ទាប់ពី Brexit
  • ថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៤:០៩ នាទី រសៀល
អង់គ្លេស-សហភាពអឺរ៉ុប សាទរជំពូកថ្មី បន្ទាប់ពី Brexit
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer និងលោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប។ រូបភាព ៖ AFP

អង់គ្លេស និងសហភាពអឺរ៉ុបបានចុះហត្ថលេខាលើសន្ធិសញ្ញាការពារជាតិ សន្តិសុខ និងកិច្ចព្រមព្រៀងនាំចេញស្បៀងអាហារជាបន្តបន្ទាប់ ដែលជាការកត់សម្គាល់ពីការចាប់ផ្តើមឡើងវិញនៃកិច្ចសហប្រតិបត្តិការគ្នា បន្ទាប់ពីចាកចេញពី Brexit ។

TTN-Free-Banner-In-Article-PC

មេដឹកនាំអង់គ្លេស និងសហភាពអឺរ៉ុប (EU) នៅថ្ងៃទី១៩ ខែឧសភា បានប្រកាសអំពីកិច្ចព្រមព្រៀងជាបន្តបន្ទាប់ស្តីពីវិស័យការពារជាតិ សន្តិសុខ និងពាណិជ្ជកម្មអាហារក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រនៅទីក្រុងឡុងដ៍។ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer បានពណ៌នាកិច្ចព្រមព្រៀងថាជាភាព «ឈ្នះ-ឈ្នះ» ខណៈប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen លើកឡើងថា ភាគីទាំងពីរកំពុងប្រែក្លាយទំព័រថ្មីនៅក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនង។

កិច្ចប្រជុំកំពូលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងជំរុញដោយនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ដើម្បីស្តារទំនាក់ទំនងជាមួយ EU ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អង់គ្លេស។ វាក៏ជាជំនួបដ៏សំខាន់លើកដំបូងរវាងភាគីទាំងពីរនៅលើទឹកដីអង់គ្លេស ចាប់តាំងពីការធ្វើប្រជាមតិឆ្នាំ២០១៦ ដែលនាំឱ្យអង់គ្លេសចាកចេញពី EU ឬហៅថា «Brexit»។

«ការនាំចេញរបស់អង់គ្លេសទៅកាន់សហភាពអឺរ៉ុបបានធ្លាក់ចុះ ២១ភាគរយ និងការនាំចូល ៧ភាគរយនៅក្រោយឆ្នាំ Brexit ។ បច្ចុប្បន្ន អង់គ្លេសនឹងអាចលក់ផលិតផលបន្ថែមទៀតទៅកាន់សហភាពអឺរ៉ុប រួមទាំងសាច់គោ និងសាច់ក្រកដែលជួយឱ្យវិស័យសំខាន់ៗទាំងនេះបន្តរីកចម្រើន»។ លោក Starmer បញ្ជាក់ដូច្នេះ។

ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេសបានប្រកាសថា កិច្ចព្រមព្រៀងនេះនឹងនាំមកនូវទឹកប្រាក់ចំនួន ១២ពាន់លានដុល្លារដល់សេដ្ឋកិច្ចពអង់គ្លេសនៅឆ្នាំ ២០៤០។

កិច្ចព្រមព្រៀងនេសាទរយៈពេល ១២ឆ្នាំនឹងអនុញ្ញាតឱ្យនាវានេសាទអឺរ៉ុប បន្តប្រតិបត្តិការនៅក្នុងដែនទឹករបស់អង់គ្លេស។ ជាការតបស្នង សហភាពអឺរ៉ុបនឹងកាត់បន្ថយខ្សែអាត់ក្រហមសម្រាប់កសិករ និងអ្នកនេសាទអង់គ្លេស នៅពេលនាំចេញទំនិញទៅកាន់ទីផ្សារសហភាពអឺរ៉ុប។

ភាគីទាំងពីរក៏បានឯកភាពលើកតិកាសញ្ញាសន្តិសុខ និងការពារជាតិ ដែលនឹងផ្តល់ឱ្យអង់គ្លេសនូវលទ្ធភាពទទួលបានមូលនិធិការពារជាតិចំនួន ១៤១ពាន់លានដុល្លាររបស់សហភាពអឺរ៉ុប ខណៈពេលដែលមានកាតព្វកិច្ចក្នុងការរួមចំណែកផ្នែកហិរញ្ញវត្ថុដែលត្រូវគ្នា។

កិច្ចព្រមព្រៀងទាំងនេះមិនផ្លាស់ប្តូរ Brexit ទេ ប៉ុន្តែទីក្រុងឡុងដ៍រំពឹងថាពួកគេនឹងជួយស្តារកំណើនសេដ្ឋកិច្ចឡើងវិញ។ ទោះយ៉ាងណា ទីក្រុងឡុងដ៍ និងទីក្រុងព្រុចសែល បានគូសបន្ទាត់ក្រហមនៅក្នុងទំនាក់ទំនងថ្មីរបស់ពួកគេ។ នាយករដ្ឋមន្រ្តី Starmer បានទទូចថា អង់គ្លេសនឹងមិនត្រឡប់ទៅទីផ្សារ និងសហភាពគយតែមួយរបស់សហភាពអឺរ៉ុបទេ។

ការចរចាបានអូសបន្លាយរហូតដល់នាទីចុងក្រោយអំពីសិទ្ធិនេសាទ ក៏ដូចជាគំនិតនៃសេរីភាពនៃការធ្វើចលនា ការរស់នៅ និងការងាររវាងភាគីទាំងពីរសម្រាប់យុវជន។ រដ្ឋាភិបាល​អង់គ្លេស​បារម្ភ​ថា គម្រោង​នេះ​អាច​នឹង​បង្កើន​ជនអន្តោប្រវេសន៍ ដែលនាយករដ្ឋមន្ត្រី Starmer បាន​សន្យា​កាត់​បន្ថយ​អន្តោប្រវេសន៍​កាលពី​សប្តាហ៍​មុន។ ផែនការនេះក្រោយមកត្រូវបានប្តូរឈ្មោះទៅជា «កម្មវិធីបទពិសោធន៍យុវជន» ហើយភាគីបានត្រឹមតែសន្យាថានឹងបន្តកិច្ចសហប្រតិបត្តិការ។

អ្នកនយោបាយប្រឆាំងអង់គ្លេសជាច្រើននាក់ បានរិះគន់ទីក្រុងឡុងដ៍ចំពោះការសម្របសម្រួលរបស់ខ្លួនជាមួយទីក្រុងព្រុចសែល។ មេដឹកនាំគណបក្សកំណែទម្រង់របស់អង់គ្លេស Nigel Farage ដែលជាអ្នកគាំទ្រ Brexit ដ៏រឹងមាំបានប្តេជ្ញាថា នឹងលុបចោលកិច្ចព្រមព្រៀងនេះ ប្រសិនបើលោកឡើងកាន់អំណាចដោយនិយាយថា ឃ្លានេសាទនឹង«សម្លាប់»វិស័យនេសាទរបស់អង់គ្លេស។ សមាគមវិស័យមួយចំនួនដូចជា សហព័ន្ធអ្នកនេសាទស្កុតឡេនបានហៅ កិច្ចព្រមព្រៀងនេះថាជាគ្រោះមហន្តរាយ។

ទន្ទឹមនឹងនេះ មេដឹកនាំអភិរក្សនិយម Kemi Badenoch បានព្រមានថា អង់គ្លេសកំពុងត្រឡប់ទៅអនុវត្តច្បាប់ចេញដោយទីក្រុងព្រុចសែល» ហើយខ្លាចកម្មវិធី «បទពិសោធន៍យុវជន» អាចនាំទៅដល់ការវិលត្រឡប់ទៅកាន់ការបើកចំហព្រំដែនជាមួយសហភាពអឺរ៉ុប៕


អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។   Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy. 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង