សម្ដេច ហ៊ុន ម៉ាណែត៖ ចុះជួបសហគមន៍ផ្ទាល់ ដោះស្រាយលឿនជាង ឱ្យក្រុមការងារចុះទៅសិក្សា
  • ថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៥:០៩ នាទី ល្ងាច
សម្ដេច ហ៊ុន ម៉ាណែត៖ ចុះជួបសហគមន៍ផ្ទាល់ ដោះស្រាយលឿនជាង ឱ្យក្រុមការងារចុះទៅសិក្សា
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាពិធីសម្ពោធបើកឱ្យដំណើរជាផ្លូវការរោងចក្រផលិតស៊ីម៉ងត៍ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ រូបភាព៖ STPM

ភ្នំពេញ៖ ពីពិធីសម្ពោធបើកឱ្យដំណើរជាផ្លូវការរោងចក្រផលិតស៊ីម៉ងត៍ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សម្តេច ហ៊ុន ម៉ាណែត បាន​លើក​ពី​ការ​ដោះស្រាយ​បញ្ហា​នៅ​តំបន់​ខ្នង​ផ្សារ​ដោយ​ជោគជ័យ ក្រោយ​សម្ដេច​ចុះ​ទៅ និងជួប​ប្រធាន​សហគមន៍ដោយ​​​ផ្ទាល់​។ សម្ដេច ថ្លែង​ដូច្នេះ​៖ «ខ្ញុំ​ដើរ​ឡើង​ភ្នំ ៥ម៉ោង​ ហើយ​ចុះ​មក​វិញ ខ្ញុំ​អង្គុយ​និយាយជាមួយ​ប្រធាន​សហគមន៍​ប្រហែល​កន្លះ​ម៉ោង​គត់។ តែ​កន្លះ​ម៉ោងនេះ ខ្ញុំ​អាច​យល់​ថា​ប្រសើរជាង ហើយ​ដោះស្រាយ​ត្រូវជាង។ បើ​យើងឱ្យ​ក្រុម​ការងារ​ចុះ​ទៅ​សិក្សា​រាប់សិនខែ»។

TTN-Free-Banner-In-Article-PC

កាល​ពី​ខែមីនា កន្លង​ទៅ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា​, រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍, រដ្ឋមន្រ្តី​បរិស្ថាន និង​អភិបាលខេត្ត​កំពង់ស្ពឺ បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ទៅ​កាន់​ភ្នំ​ខ្នង​ផ្សារ។ ក្នុង​ដំណើរ​ចុះ​ទស្សនកិច្ច​នៅ​តំបន់ខ្នង​ផ្សារ សម្ដេច ហ៊ុន ម៉ាណែត បាន​ជួប​ជាមួយ​ប្រជា​សហគមន៍ ដើម្បី​ដឹង​ពីសុខទុក្ខ​ និង​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​នា​តំបន់នោះ ជាពិសេស​ការ​បម្រើ​សេវាក​ម្ម​ទេសចរណ៍។

នា​ពិធី​សម្ពោធបើកឱ្យដំណើរជាផ្លូវការរោងចក្រផលិតស៊ីម៉ងត៍ សម្ដេច​នាយករដ្ឋមន្រ្តី បាន​រំឭក​ពី​ការ​ភ័យ​ខ្លាច​របស់​ប្រជា​សហគមន៍ ​ចំពោះ​​ការ​អនុញ្ញាតឱ្យ​វិស័យ​ឯក​ជន​មក​វិនិយោគ​នៅ​តំបន់​ខ្នង​ផ្សារ​។ ក្រោយស្ដាប់​ការ​លើក​ឡើង​របស់​ប្រជា​សហគមន៍ សម្ដេច ហ៊ុន ម៉ាណែត សម្រេច​លុប​ចោល​គម្រោង​វិនិយោគនានានៅខ្នងផ្សារ ដើម្បី​រក្សា​ផល​ប្រយោជន៍​ដល់​ប្រជាសហគមន៍ ដែលរកចំណូល​ពី​វិស័យ​ទេសចរណ៍។ នាយករដ្ឋមន្ត្រី បន្តថារដ្ឋាភិបាល មិ​ន​បដិសេដរាល់ការ​អភិវឌ្ឍនោះទេ ប៉ុន្តែ​ត្រូវ​រក្សា​តម្លៃ​នៃ​ទីតាំង​នោះ។ 

សូម​អញ្ជើញ​ស្ដាប់​ការ​លើកឡើង​របស់​សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដូចតទៅ៖​


ការ​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ខ្នង​ផ្សារ បាន​បង្ហាញ​សម្ដេច ហ៊ុន ម៉ាណែត ឱ្យដឹង​លើស​ពី​អ្វី​ដែល​ឃើញ​ផែនទី។ «​ទៅ​មើល​ផ្ទាល់​បាន​ដឹងថា ជួន​កាល​យើង​បោះ​ប្លង់​នៅ​លើ​ផែនទី​ គិតថា​កន្លែង​ហ្នឹង​គួ​រតែ​វិនិយោគ​ តែ​ដល់​យើង​ចុះ​ទៅ​មើល​ផ្ទាល់ បាន​ឃើញថា​ អត់បានទេ បើវិនិយោគងាប់»។ ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់​បែបនេះដោយ​គូសបញ្ជាក់ពី​​ជំហរ​រក្សា​​សិទ្ធិ​ និងការ​ពារ​ដល់​សហគមន៍​ រួមទាំង​បង្រៀន​ប្រជាសហគមន៍​បន្ថែម ​ពី​ការ​ធ្វើ​សេវាកម្មទេសចរណ៍​ផងដែរ។ ​

សូម​បញ្ជាក់ថា កាលពីថ្ងៃទី​១៦ ឧសភា ក្រសួងបរិស្ថាន តាមរយៈគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» បាន​បើកការដ្ឋានសាងសង់ផ្លូវចូលទៅភ្នំខ្នងផ្សារ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន។ ការ​អភិវឌ្ឍន៍តំបន់ព្រៃភ្នំដ៏មានសក្ដានុពល​នេះ ធ្វើឡើងទិសដៅលើកកម្ពស់ជីវភាពរស់នៅរបស់​ប្រជា​សហគមន៍ តាមរយៈការបម្រើសេវាទេសចរណ៍៕ 


អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ  (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។     ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។    ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ