សកម្មភាពសេដ្ឋកិច្ចរបស់ចិនធ្លាក់ចុះ ដោយសារសង្រ្គាមពាណិជ្ជកម្ម
  • ថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៧:២៩ នាទី ល្ងាច
សកម្មភាពសេដ្ឋកិច្ចរបស់ចិនធ្លាក់ចុះ ដោយសារសង្រ្គាមពាណិជ្ជកម្ម
រូបភាព ៖ Xinhua

ការ​លក់​រាយ ទិន្នផល​ឧស្សាហកម្ម និង​ការ​វិនិយោគ​ទ្រព្យសកម្ម​ថេរ​របស់​​ចិន​ទាំងអស់ មិនអាចឈានដល់ការព្យាករ​ នៅក្នុងខែមេសា។ នេះបង្ហាញថា សកម្មភាពសេដ្ឋកិច្ចរបស់ចិនកំពុងធ្លាក់ចុះ។

TTN-Free-Banner-In-Article-PC

ការិយាល័យស្ថិតិជាតិរបស់ចិន (NBS) នៅថ្ងៃទី១៩ ខែឧសភា​ បានប្រកាសថា ការលក់រាយរបស់ប្រទេសនេះក្នុងខែមេសាបានកើនឡើង ៥,១ភាគរយ បើធៀបគ្រាដូចគ្នាកាលពីឆ្នាំមុន។ កំណើននេះ គឺទាបជាងការព្យាកររបស់ Reuters អត្រា ៥,៥ភាគរយ ហើយក៏ទាបជាងខែមុនក្នុងអត្រា ៥,៩ភាគរយ។

ទិន្នផលឧស្សាហកម្មបានកើនឡើង ៦,១ភាគរយ ក្នុងខែមេសាធៀបនឹងឆ្នាំមុន។ ការកើនឡើងនេះ គឺទាបជាងខែមីនា ៧,៧ភាគរយ។ នេះ​បង្ហាញ​ថា​ ពន្ធ​នាំ​ចូល​របស់​អាម៉េរិក​ បាន​ប៉ះ​ពាល់​ខ្លះ​ដល់​សកម្មភាព​ផលិត​នៅ​ក្នុង​ប្រទេស​ចិន។

NBS លើកឡើងថា​ បរិយាកាសខាងក្រៅនៅតែមានភាពមិនឋិតថេរ និងមិនច្បាស់លាស់ជាច្រើន។ មូលដ្ឋានគ្រឹះសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចចាំបាច់ត្រូវបន្តការកែទម្រង់។

ការវិនិយោគទ្រព្យសកម្មថេរក្នុងរយៈពេល ៤ខែឆ្នាំនេះ បានកើនឡើង ៤ភាគរយ ទាបជាងការព្យាករ ៤,២ភាគរយ នៅក្នុងការស្ទង់មតិរបស់ Reuters។ ក្នុង​នោះ​ការ​វិនិយោគ​លើ​អចលន​ទ្រព្យ​ធ្លាក់​ចុះ ​១០,៣ភាគរយ។

ទោះជាយ៉ាងណា អត្រាអ្នកអត់ការងារធ្វើនៅទីក្រុងបានធ្លាក់ចុះបន្តិចមកត្រឹម ៥,១ភាគរយនៅក្នុងខែមេសា។ ទិន្នន័យ​នេះ​ត្រូវបានប្រកាស ខណៈ​ដែល​អ្នក​សេដ្ឋកិច្ច​ជា​ច្រើន​បាន​ព្រមាន​ពី​ការ​បាត់​បង់​ការងារ​ច្រើន ​នៅ​ក្នុង​ប្រទេស​ចិន​ដោយ​សារ​តែ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាម៉េរិក។

កាល​ពី​ខែ​មុន ប្រធានាធិបតី​អាម៉េរិក ដូណាល់ ត្រាំ បាន​ដាក់​ពន្ធ​នាំ​ចូល ១៤៥ភាគរយ លើ​ទំនិញ​ចិន។ បន្ទាប់មកទីក្រុងប៉េកាំងបានឆ្លើយតបជាមួយនឹងពន្ធ ១២៥ភាគរយលើទំនិញរបស់អាម៉េរិក។ ទោះជាយ៉ាងណា ភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានចុះត្រជាក់បន្តិច បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីដើមខែឧសភានេះ។ បច្ចុប្បន្ន ភាគីទាំងពីរបានកាត់បន្ថយពន្ធនាំចូលជាបណ្ដោះអាសន្នរយៈពេល ៩០ថ្ងៃ ដោយបើកផ្លូវឱ្យមានការចរចាកាន់តែស៊ីជម្រៅឆ្ពោះទៅរកកិច្ចព្រមព្រៀងរយៈពេលវែង។

កិច្ច​ព្រម​ព្រៀង​នេះ​កើត​ឡើង​ ខណៈ​​ទាំង​អាម៉េរិក និង​ចិន​ទទួល​ស្គាល់​ផល​ប៉ះពាល់​សេដ្ឋកិច្ច​នៃ​ពន្ធ​នាំ​ចូល។ នៅចិន សកម្មភាពផលិតកម្មបានធ្លាក់ចុះដល់កម្រិតទាបរយៈពេល ១៦ខែនៅក្នុងខែមេសា។ សន្ទស្សន៍តាមដានការបញ្ជាទិញថ្មីក៏បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាងពីរឆ្នាំ។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់ប្រទេសបានធ្លាក់ចុះ ៣ខែជាប់ៗគ្នា ដែលបង្ហាញថា សម្ពាធបរិត្តផរណានៅតែមាននៅក្នុងសេដ្ឋកិច្ច។

ទោះបីជាយ៉ាងណា ការនាំចេញរបស់ចិន បានកើនឡើងច្រើនជាងការរំពឹងទុកនៅក្នុងខែមេសា ដោយសារការលក់ទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ប៉ះប៉ូវការធ្លាក់ចុះនៃការដឹកជញ្ជូនទៅកាន់អាម៉េរិក។ យោងតាមទិន្នន័យគយចិន ការនាំចេញទៅកាន់អាម៉េរិក បានធ្លាក់ចុះ ២,៥ភាគរយ ក្នុងរយៈពេល ៤ខែឆ្នាំនេះ។ 

លោក Tommy Xie នាយកធនាគារ OCBC បានព្យាករថា សេដ្ឋកិច្ចចិន នឹងកើនឡើងជាង ៥ភាគរយនៅក្នុងត្រីមាសទីពីរ បន្ទាប់ពីឈានដល់ ៥,៤ភាគរយ នៅក្នុងត្រីមាសទី១។ សន្ទុះ​នេះ ​នឹង​ជួយ​ឱ្យ​ពួកគេ ​ឈាន​ដល់​គោលដៅ​កំណត់​ដោយ​អាជ្ញាធរ​ប្រមាណ ៥ភាគរយ។

ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ រដ្ឋាភិបាលចិន បានប្រកាសពីវិធានការជំរុញសារពើពន្ធ និងរូបិយវត្ថុជាបន្តបន្ទាប់ ដើម្បីជំរុញការប្រើប្រាស់ គាំទ្រអាជីវកម្មដែលរងផលប៉ះពាល់ដោយពន្ធនាំចូល និងការពារការងារ។ បើតាមលោក Xiangrong Yu ប្រធានសេដ្ឋវិទូចិនរបស់ Citi បានថ្លែងនៅក្នុងរបាយការណ៍នាថ្ងៃទី១៥ ខែឧសភា ជាមួយនឹងភាពតានតឹងពាណិជ្ជកម្មបានធូរស្រាល និងសេដ្ឋកិច្ចក្នុងស្រុកនៅតែមានភាពធន់ លោកយល់ថា ចិនប្រហែលជាមិនចាំបាច់បញ្ចេញការជំរុញបន្ថែមទៀតទេ៕


អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។   Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy. 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង