«សហគមន៍ប្រាំបីមុម» ដង្ហើយសុំជំនួយ ដើម្បីគាំទ្រដល់ការល្បាតការពារសត្វព្រៃ
  • ថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥៩ នាទី ល្ងាច
«សហគមន៍ប្រាំបីមុម» ដង្ហើយសុំជំនួយ ដើម្បីគាំទ្រដល់ការល្បាតការពារសត្វព្រៃ

ភ្នំពេញ៖ ក្នុងពេលដែលអន្ទាក់ នៅតែបន្តគំរាមកំហែងអាយុជីវិតសត្វព្រៃ«សហគមន៍ព្រៃឈើប្រាំបីមុម» ស្ថិតក្នុងខេត្តកំពង់ស្ពឺ​ បានដង្ហើយរកជំនួយជា អង្ករ ប្រេងសាំង សម្លៀកបំពាក់ និងសម្ភារៈចាំបាច់មួយចំនួន ពីសប្បុរសជន អង្គការដៃគូ និងអាជ្ញាធរ ពាក់ព័ន្ធ ដើម្បីគាំទ្រដល់សកម្មភាពល្បាតការពារសត្វព្រៃរបស់ពួកគេ។ ​

TTN-Free-Banner-In-Article-PC

លោក សឿន ឡាយ ប្រធានសហគមន៍ព្រៃប្រាំបីមុម បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ កាល​ពី​ថ្ងៃទី១៩ ខែឧសភាថា បច្ចុប្បន្ន «អន្ទាក់» នៅតែជាបញ្ហាគំរាមកំហែងដល់ជីវិត​សត្វ​ព្រៃក្នុងសហគមន៍ដែលលោកការពារនៅឡើយ។ បញ្ហានេះទាមទារឱ្យសមាជិក​សហគមន៍​ទាំងអស់ ចេញល្បាតទាំងថ្ងៃ និងយប់ ដើម្បីកាត់ផ្ដាច់ការប៉ុនប៉ងប្រព្រឹត្តិបទល្មើស​ពី​សំ​ណាក់​ព្រានព្រៃ។

យ៉ាងណាមិញ ក្នុងការបំពេញភារកិច្ចនេះ ក្រុមល្បាតក៏បានជួបញ្ហាខ្វះខាតជាច្រើន ដូចជា សម្លៀកបំពាក់ស្បែកជើង, វិទ្យុទាក់ទង, ប្រេងសាំង និងគ្រឿងឧបភោគបរិភោគមួយចំនួន ទៀត ដូចជា អង្ករ ស្ក អំបិល និងទឹកត្រី ជាដើម។ ការខ្វះខាតនេះ កើតឡើងជាងមួយឆ្នាំ​មកហើយ បន្ទាប់ពីកញ្ចប់ជំនួយរបស់ «អង្គការសម្ព័ន្ធមិត្តសត្វព្រៃ» បញ្ចប់ទៅកាលពីឆ្នាំ​២០២៤។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានជ្រោមជ្រែងការងារល្បាតរបស់សហគមន៍ព្រៃប្រាំបីមុម ចាប់​តាំងពី២០១៨ រហូតដល់២០២៤។ អង្គការក្រៅរដ្ឋាភិបាលមួយនេះ បានផ្ដល់ការគាំទ្រជា​ថវិកា, សាំងចាក់សម្រាប់ម៉ូតូ និងសម្ភារៈចាំបាច់មួយចំនួនទៀត ដូចជាស្បែកជើង, អង្រឹង, រថយន្តពន្លត់អគ្គិភ័យ, រថយន្តដឹកទឹក, វិទ្យុទាក់ទង និងអង្ករជាដើម។ នេះបើតាមការរៀប រាប់ របស់ លោក សឿន ឡាយ ដោយបន្ថែមបែបនេះថា៖ «ឥឡូវ សហគមន៍ព្រៃប្រាំបីមុម យើងជួបការខ្វះខាតច្រើន ព្រោះថា​គម្រោងជំនួយរបស់ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បាន​ផុតកំណត់ហើយ។ ហេតុនេះ បានធ្វើឱ្យយើងជួបបញ្ហាខ្វះខាតធ្ងន់ធ្ងរ»។ 

ក្នុងរយៈពេលគ្មានជំនួយពីអង្គការខាងលើ សមាជិកទាំងអស់បានប្រើប្រាស់ធនធាន​ផ្ទាល់ខ្លួ​ន ដើម្បីគាំទ្រដល់ការល្បាត។ យ៉ាងណាក៏ដោយ «ការចំណាយ ដោយគ្មានចំណូល» បាន​ធ្វើឱ្យសមាជិកជាច្រើន សម្រេចបោះបង់ការងារអភិរក្សនេះ​ដើម្បីទៅរកការងារសម្រាប់​ផ្គត់​ផ្គង់ជីវភាពរបស់ពួកគេវិញ។  

កន្លងទៅ សហគមន៍ប្រាំបីមុម មាន​សមាជិកជាង៤០នាក់ ប៉ុន្តែបច្ចុប្បន្ននៅសល់ត្រឹមតែ​១៤​នាក់ប៉ុណ្ណោះ។ ប្រធានសហគមន៍ប្រាំបីមុម បញ្ជាក់បែបនេះ ដោយអះអាងថា មនុស្ស១៤​នាក់​នេះ គឺជាសមាជិកចុងក្រោយ ដែលដាក់ចិត្តដាក់កាយ ល្បាតឥតឈប់ឈរ ទោះបីគ្មាន​កម្រៃ និង​ខ្វះខាតសម្ភារៈជំនួយក៏ដោយ។ ការខិតខំនេះ គឺកើតចេញពីការស្រលាញ់ និង​ចង់​ឃើញវត្តមានសត្វព្រៃក្នុងសហគមន៍​ខ្លួនសម្បូរសប្បាយ។

លោក ឡាយ សឿន ប្រាប់ដូច្នេះថា៖«ដំបូងឡើយ សមាជិកយើងច្រើន ប៉ុន្តែនៅពេលខ្វះ​ខាត​ផ្នែកជីវភាព គាត់ក៏ឈប់ម្នាក់ម្ដងៗ។ រាល់ថ្ងៃនៅសល់តែ១៤នាក់ទេ ប៉ុន្តែ១៤នាក់នេះ គឺគាត់មិនអាចចោលសត្វព្រៃបានទេ ព្រោះគាត់អាណិតសត្វព្រៃ ស្រឡាញ់សត្វព្រៃបាត់​ទៅ​ហើយ។ យើងធ្លាប់តែឮសំឡេងពួកវា (សត្វ) យំស្រែកពេញព្រៃ ដូច្នេះ បើយើងហ៊ានតែ​ដើរចោលបន្តិច គឺជាច្បាស់អស់ហើយ ព្រោះជីវិតពួកវាគឺសម្រាប់តែចំណីមនុស្ស»។ 

សហគមន៍ការពារព្រៃឈើប្រាំបីមុម មានផ្ទៃដី ១ ២២១ហិកតា ស្ថិតឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ តាមការប៉ាន់ប្រមាណ បច្ចុប្បន្នសហគមន៍មួយនេះ ទន្សោងប្រមាណ ១០០​ក្បាល និងសត្វព្រៃជាច្រើនទៀត ដូចជាជ្រូកព្រៃ ក្ងោក ឆ្កែចចក ឈ្លួស សត្វស្លាប និង​ល្មូន​កម្រៗ ជាច្រើនទៀត។ 

 ក្នុងនាមប្រធានសហគមន៍ លោក ឡាយ សឿន បានអំពាវនាវដល់សប្បុរសជន អង្គការ​ដៃគូ និងអាជ្ញាធរពាក់ព័ន្ធ ជួយឧបត្ថម្ភជាឧបករណ៍ និងសម្ភារៈល្បាតចាំបាច់មួយចំនួន ដល់​ក្រុម​ការងាររបស់ខ្លួន ជាពិសេស សាំង និងអង្ករ៕ 

អត្ថបទទាក់ទង




អ្នកសរសេរអត្ថបទ

 ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។  

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឈុំ ចន្ថា