អឺរ៉ុបបានចុះកិច្ចព្រមព្រៀមគោលខ្ចីលុយរួមគ្នា ប្រមាណ ១៥០ពាន់លានអឺរ៉ូ ដើម្បីទិញអាវុធ
  • ថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៨:២៩ នាទី ព្រឹក
អឺរ៉ុបបានចុះកិច្ចព្រមព្រៀមគោលខ្ចីលុយរួមគ្នា ប្រមាណ ១៥០ពាន់លានអឺរ៉ូ ដើម្បីទិញអាវុធ
អឺរ៉ុបបានចុះកិច្ចព្រមព្រៀមគោលខ្ចីលុយរួមគ្នា ប្រមាណ ១៥០ពាន់លានអឺរ៉ូ ដើម្បីទិញអាវុធ AP - Omar Havana

នៅទីក្រុងព្រុយសែល ប្រទេស​សមាជិក​អឺរ៉ុប​ទាំង ២៧ប្រទេស បានចុះកិច្ចព្រមព្រៀមគោល ដែលមានឈ្មោះថា «សកម្មភាពសន្តិសុខសម្រាប់អឺរ៉ុប» ហៅកាត់ជាភាសាអង់គ្លេសថា SAFE កាលពីថ្ងៃចន្ទ ទី១៩ ឧសភា។ កិច្ចព្រមព្រៀងគោលនេះគឺជាស្ថិតក្នុងក្រមខណ្ឌកម្មវិធីកម្ចីហិរញ្ញវត្ថុរួមគ្នារបស់សហភាពអឺរ៉ុប ក្នុងទំហំទឹកប្រាក់ប្រមាណ ១៥០ពាន់លានអឺរ៉ូ ដើម្បីសម្រួលដល់ការទិញសព្វាវុធនិងការផលិតអាវុឌក្នុងទី្វបអឺរ៉ុប។ នេះបើតាមការបញ្ជាក់របស់មន្រ្តីការទូតអឺរ៉ុប។

TTN-Free-Banner-In-Article-PC

កិច្ចព្រមព្រៀងគោលដែលមានឈ្មោះថា «សកម្មភាពសន្តិសុខសម្រាប់អឺរ៉ុប» ហៅកាត់ជាភាសាអង់គ្លេស SAFE គឺជាកម្មវិធីកម្ចីហិរញ្ញវត្ថុរួមគ្នារបស់សហភាពអឺរ៉ុប ក្នុងទំហំប្រាក់ប្រមាណ ១៥០ពាន់លានអឺរ៉ូ ពោលគឺស្មើនឹងប្រមាណ ១៧០ពាន់លានដុល្លារ។ ប្រទេសសមាជិកអឺរ៉ុបបានចុះកិច្ចព្រមព្រៀងគោលនេះ នៅថ្ងៃចន្ទ ទី១៩ ឧសភា។ 

គម្រោងកម្ចីហិរញ្ញវត្ថុនេះនឹងអាចផ្តល់ភាពងាយស្រួលដល់ប្រទេសសមាជិកសហភាពអឺរ៉ុប ​សម្រាប់ប្រើប្រាស់ទិញអាវុធនិងគម្រោងផលិតអាវុធក្នុងទឹកដីអឺរ៉ុប ដូចជា ការផលិតមីស៊ីល គ្រាប់រំសេវ ដ្រូន និង ប្រព័ន្ធការពារដែនអាកាសជាដើម។ បន្ថែមពីនេះ ប្រទេសមិនមែនជាសមាជិកសភាពអឺរ៉ុបជាច្រើន តួយ៉ាង ន័រវែសនិងអ៊ុយក្រែនក៏អាចចូលរួមក្នុងកិច្ចព្រមព្រៀងគោលនេះ ដោយសារតែប្រទេសទាំងនេះជាប្រទេសហត្ថលេខីនៃដៃគូការពារជាតិនិងសន្តិសុខ។

នៅថ្ងៃចន្ទ ទី១៩ ឧសភាដដែលនេះ ប្រទេសអង់គ្លេសនិងសហភាពអឺរ៉ុបក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូស្រដៀងគ្នានេះដែរ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ កិច្ចព្រមព្រៀងនៅទីក្រុងឡុងដ៏នេះ នឹងអនុញ្ញាតឱ្យអង់គ្លេសចូលរួមយ៉ាងពេលលេញក្នុងកម្មវិធីកម្ចីរបស់សហភាពអឺរ៉ុប ក្រោយពីកិច្ចចរចាបន្ថែមជាមួយនឹងអឺរ៉ុបទទួលបានជោគជ័យ។ 

ប្រសិនបើអង់គ្លេសចូលរួមក្នុងកម្មវិធីរបស់សហភាពអឺរ៉ុប អង់គ្លេសនឹងមានសិទ្ធិស្មើគ្នាដូចប្រទេសអឺរ៉ុបដទៃទៀត។ នេះបើតាមការអះអាងរបស់អ្នកទទួលខុសត្រូវអឺរ៉ុបមួយរូប។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងគោលរបស់សហភាពអឺរ៉ុប គឺជាធាតុផ្សំមួយដ៏ចាំបាច់​ ដើម្បីលើកទឹកចិត្តដល់ឧស្សាហកម្មការពារជាតិអឺរ៉ុប។ ពីព្រោះថានាពេលបច្ចុប្បន្ននេះ អឺរ៉ុបច្រើនតែទិញអាវុធពីប្រទេសដទៃក្រៅទ្វីបអឺរ៉ុប ជាពិសេសទិញពីអាវុធសហរដ្ឋអាមេរិក។ ប្រទេសសមាជិកអឺរ៉ុបភាគច្រើន រួមមានបារាំងជាដើម បានមូលមតិគ្នាឲ្យឧស្សាហកម្មការពារជាតិអឺរ៉ុប ជាអ្នកផលិតគ្រឿងបង្គុំអាវុធ ចំនួនប្រមាណ ៦៥%។ រីឯ គ្រឿងបង្គុំអាវុធ ៣៥% ដែលនៅសល់ គឺត្រូវនាំចូលពីប្រទេសមិនមែនសមាជិកក្នុងកម្មវិធី SAFE តួយ៉ាងសហរដ្ឋអាមេរិក។ គំនិតផ្តួចផ្តើមគឺដើម្បីរារាំងមិនឲ្យប្រទេសក្រៅពីសមាជិក SAFE អាចគ្រប់គ្រងនិងបញ្ជាអាវុធពីចម្ងាយបាន។ ឧទាហរណ៍ ដូចជាការរារាំងមិនឲ្យក្រុមហ៊ុនផលិតកម្មវិធីអាមេរិកអាចបញ្ជាដ្រូនផលិតដោយប្រទេសសមាជិក SAFE ពីចម្ងាយបាន។

មន្ត្រីការទូតអឺរ៉ុបទាំង២៧ប្រទេសនឹងជួបប្រជុំគ្នាម្តងទៀត នៅថ្ងៃអង្គារ ទី២៧ ឧសភាខាងមុខ ដើ​ម្បីសម្រេចកិច្ចព្រមព្រៀងគោល SAFE ជាផ្លូវការ ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអឺរ៉ុប។

គួររំឭកថា កិច្ចព្រមព្រៀងគោល SAFE គឺជាផ្នែកមួយនៃកម្មវិធីរួម ដែលគណៈកម្មការអឺរ៉ុបបានបង្ហាញក្នុងអង្គប្រជុំ កាលពីចុងខាងមីនា កន្លងទៅ ដើម្បីគៀងគររកថវិកាហូតដល់ ៨០០ពាន់លានអឺរ៉ូ ស្តារមុខមាត់អឺរ៉ុបឡើងវិញ៕

ដោយ៖ ទន់ ពុទ្ធពិសិដ្ឋ (RFI ខេមរភាសា)


Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

Other