- ថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៥:៣៩ នាទី ល្ងាច

ក្លិប Al Hilal ជើងខ្លាំងប្រចាំលីគកីឡាបាល់ទាត់កំពូលអារ៉ាប៊ីសាអូឌីត បានបដិសេធសំណើរបស់មូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត (PIF) ដែលចង់ឱ្យចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធ Cristiano Ronaldo ពីក្រុម Al Nassr បន្ទាប់ពីលេចឮព័ត៌មានថា កីឡារកវ័យ ៤០ឆ្នាំ សម្លឹងរកក្លិបថ្មី។
បើតាមកាសែតកីឡា RMC Sport មូលនិធិ PIF ជាមូលនិធិមានទ្រព្យសម្បត្តិសរុបជាង ៩៣០ពាន់លានដុល្លារ និងជាម្ចាស់គ្រប់គ្រងក្លិបកំពូលៗ ចំនួន៤ ប្រចាំលីគអារ៉ាប៊ីសាអូឌីត រួមមាន Al Hilal, Al Nassr, Al Ittihad និង Al Ahli បានផ្តល់ឱកាសដល់ក្លិប Al Hilal ឱ្យចុះកិច្ចសន្យាយក Ronaldo ទៅចូលរួមក្រុម។
ការស្នើរបស់មូលនិធិ PIF ព្រោះចង់ឃើញវត្តមាន ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ ចូលលេងជាមួយ Al Hilal នៅក្នុងព្រឹត្តិការណ៍ FIFA Club World Cup ឆ្នាំ២០២៥ ក្នុងប្រទេសអាម៉េរិក។ Club World Cup ឆ្នាំ២០២៥ មានតម្លៃប្រាក់រង្វាន់បែងចែកសរុបជាង ១ពាន់លានដុល្លារ នឹងចាប់ផ្តើមការប្រកួតនៅថ្ងៃទី១៥ ខែមិថុនា ហើយក្លិប Al Hilal ជាក្រុមមួយមានកៅអីចូលប្រកួតផងដែរ។
មូលនិធិ PIF បានចាត់ទុកថា វត្តមានអតីតកីឡាករ Real Madrid និង Manchester United ក្នុងការប្រកួត Club World Cup នឹងអាចជាឱកាសជួយជំរុញកំណើនអ្នកទស្សនាការប្រកួត។
យ៉ាងណាមិញ ក្រុមប្រឹក្សាប្រតិបត្តិក្លិប Al Hilal បដិសេធសំណើនោះ ហើយនាយកប្រតិបត្តិក្លិប មានបំណងរកមើលខ្សែប្រយុទ្ធវ័យក្មេងដទៃផ្សេងទៀត។ Al Hilal សម្លឹងផ្ទេរយកកីឡាករ Victor Osimhen របស់ក្លិប Galatasaray វ័យ ២៦ឆ្នាំ។
កន្លងមក មានរបាយការណ៍ចុះផ្សាយពីសំណាក់អ្នកកាសែតអារ៉ាប់ លោក Walid Al Faraj ថាក្លិបជើងខ្លាំង Al Hilal ដាក់លក្ខខណ្ឌតឹងរឹងបំផុតមួយ បើចុះកិច្ចសន្យាយក Ronaldo ទៅចូលរួមក្រុម។ លក្ខខណ្ឌទាំងនោះរួមមាន ប្រធានក្រុមព័រទុយហ្កាល់ នឹងមិនអាចកាន់កាប់តំណែងប្រធានក្រុមដោយស្វ័យប្រវត្តិឡើយ ហើយត្រូវតែទទួលស្គាល់តួនាទីក្នុងក្រុម ជាជាងការទាមទារឱ្យជាប់ជម្រើស ១១នាក់ដំបូងរហូត ហើយរឿងទាំងនេះ កីឡាករវ័យ ៤០ឆ្នាំ មិនអាចទទួលយកបាន។
ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ Marca ក្លិបមកពីប្រេស៊ីល Palmeiras កំពុងបង្ហាញបំណងយ៉ាងហ្មត់ចត់លើការចុះកិច្ចសន្យាយក Ronaldo ពីទឹកដីអារ៉ាប៊ីសាអូឌីត។ ក្លិប Palmeiras ជាក្លិបមានកៅអីប្រកួតក្នុងក្លិប Club World Cup។
មែនទែនទៅមានក្លិបមកពីប្រេស៊ីលចំនួន ៤ នឹងត្រូវប្រកួតក្នុង Club World Cup ឆ្នាំ ២០២៥ ដោយរួមមានក្រុម Palmeiras, Flamengo, Fluminense និង Botafago។ នៅរយៈកាលចុងក្រោយមកនេះ បាល់ទាត់ប្រេស៊ីល ទទួលបានការគាំទ្រយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ ដែលរឿងនេះបានបើកភ្លើងខៀវ ដល់ក្លិបអាចមានលទ្ធភាពនាំយក Ronaldo ទៅចូលរួមក្រុមបាន។
រីឯកីឡាករវ័យ ៤០ឆ្នាំ ប៉ុន្មានថ្ងៃចុងក្រោយនេះ រូបគេមិនបានចូលហ្វឹកហាត់ជាមួយ Al Nassr ឡើយ បន្ទាប់ពីមានព័ត៌មានថាគេកំពុងតែមិនរីករាយចំពោះក្រុមគ្រូបង្វឹកក្នុងក្រុម ហើយទាមទារក្លិបឱ្យផ្លាស់ប្តូរកីឡាករមួយចំនួនចេញពីក្រុម៕
អ្នកសរសេរអត្ថបទ
អ្នកយកព័ត៌មានកីឡា
