លោក អ៊ាង សុផល្លែត ឱ្យមន្ទីរស្រង់ឈ្មោះអ្នកដែលកាន់កាប់ដីក្នុងតំបន់ការ​ពារធម្មជាតិ ទៅតុលាការ
  • ថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៥៩ នាទី យប់
លោក អ៊ាង សុផល្លែត ឱ្យមន្ទីរស្រង់ឈ្មោះអ្នកដែលកាន់កាប់ដីក្នុងតំបន់ការ​ពារធម្មជាតិ ទៅតុលាការ
រូបថត៖ ក្រសួងបរិស្ថាន

ភ្នំពេញ៖ លោក អ៊ាង សុផល្លែត បញ្ជាឱ្យមន្ទីរបរិស្ថានទាំង ២៥​រាជធានី-ខេត្ត ស្រង់ចំនួន​ផ្ទៃ​ដីដែលពលរដ្ឋកាន់កាប់ នៅក្នុង «តំបន់ការពារធម្មជាតិ» បញ្ជូនទៅតុលាការ ដើម្បីចាត់​វិ​ធាន​ការតាមផ្លូវច្បាប់។ ការបញ្ជារបស់រដ្ឋមន្រ្តីនៅពេលនេះ ធ្វើឡើងបន្ទាប់ពី ក្រ​សួង​រក​ឃើញមានករណីឈូសឆាយទន្រ្ទានដីព្រៃដោយខុសច្បាប់ជាច្រើនកន្លែង តែចាប់​ជន​ល្មើសមិនដែលបាន។

TTN-Free-Banner-In-Article-PC

លោក អ៊ាង សុផល្លែត នៅថ្ងៃទី២០ ខែឧសភា បានលើកឡើងថា កន្លងទៅ ក្រសួង​បរិស្ថាន បានរកឃើញករណីឈូសឆាយទន្រ្ទានដីព្រៃ នៅក្នុងតំបន់ការពារធម្មជាតិជាច្រើនកន្លែង និងបានដាក់ពាក្យបណ្ដឹងទៅតុលាការ ប៉ុន្តែមិនអាចចាប់បានជនល្មើសឡើយ ព្រោះ​គ្មាន​អត្តសញ្ញាណនៃអ្នកប្រព្រឹត្ត។ ផ្ទុយទៅវិញ នៅពេលរំលងបាន ១ឬ២ឆ្នាំ ដីដែល​ឈូស​ឆាយ​នោះ បែរជាមានអ្នកប្រើប្រាស់ និងអះអាងថា គេជាម្ចាស់ដី។ ផ្អែកតាមទិដ្ឋភាព នេះ រដ្ឋមន្រ្តី ចាត់ទុក អ្នកដែលកាន់កាប់ដីក្នុងតំបន់ការពារទាំងអស់ គឺជាអ្នកឈូសឆាយ និងជាជន​ល្មើស។  

លោក អ៊ាង សុផល្លែត សង្កត់ធ្ងន់យ៉ាងថា៖«ចោរលួចទូរសព្ទ លួចគ្រឿអលង្ការ អាចលាក់​បាន ប៉ុន្តែចោរលួចដី គឺមិនអាចលាក់បានទេ។ អ៊ីចឹង! អ្នកដែលកាប់កាប់ដីខុសច្បាប់ ដី​ដែលឈូសឆាយ (ក្នុង) តំបន់ការពាររបស់យើង អ្នកនោះឯង គឺជាអ្នកឈូសឆាយ អ្នកនោះ​ឯងគឺជាជនល្មើស។»។

ចំពោះមុខ លោក អ៊ាង សុផល្លែត បញ្ជាឱ្យមន្ទីរបរិស្ថានទាំង ២៥រាជធានី-ខេត្ត ស្រង់ចំនួន​ផ្ទៃ​ដីដែលពលរដ្ឋកាន់កាប់នៅក្នុងតំបន់ការពារធម្មជាតិ បញ្ជូនទៅតុលាការ ដើម្បីចាត់វិធាន​ការតាមផ្លូវច្បាប់។

លោក អ៊ាង សុផល្លែត បន្ថែមយ៉ាងដូច្នេះថា៖«ចាប់ពីពេលនេះតទៅ មន្ទីរទាំង ២៥ខេត្ត-ក្រុង ត្រូវស្រង់ដីដែលពលរដ្ឋប្រើប្រាស់ខុសច្បាប់ទាំងអស់ ដាក់ចូលទៅតុលាការ និង​រាយ​ការណ៍មកខ្ញុំ ដើម្បីចាត់វិធានការផ្លូវច្បាប់។ គ្មានអ្នកណាធំជាងច្បាប់នោះទេ ដូច្នេះ​បើ​យើង​រួម​គ្នាគោរពច្បាប់។ យើងអាចការពារធនធានធម្មជាតិបាន តែបើមិនគោរពច្បាប់ទេ គឺ​មិន​អាច​ទេ។»៕


អ្នកសរសេរអត្ថបទ

 ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។  

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឈុំ ចន្ថា