ដំណើរស្វែងរកជើងឯក Serie A រវាង Napoli និង Inter Milan ត្រូវកាត់ក្តីនៅជំនួបបិទរដូវកាល
  • ថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៩:២៩ នាទី យប់
ដំណើរស្វែងរកជើងឯក Serie A រវាង Napoli និង Inter Milan ត្រូវកាត់ក្តីនៅជំនួបបិទរដូវកាល

ក្លិប SSC Napoli និង Inter Milan នឹងត្រូវកាត់ក្តី នៅជំនួបបិទរដូវកាល នៅថ្ងៃទី២៣ ខែឧសភា ដើម្បីរកបានក្រុមក្លាយជាម្ចាស់ជើងឯកក្របខណ្ឌអ៊ីតាលី Serie A។ ទាំង Napoli និង Inter Milan សុទ្ធសឹងតែគ្មានវត្តមានអ្នកចាត់ការរៀងខ្លួននៅជំនួបសំខាន់ចុងក្រោយ ដោយសារជាប់បម្រាមដូចគ្នា។

TTN-Free-Banner-In-Article-PC

បើតាមក្រុមប្រឹក្សាលីគ Serie A បានសម្រេចចិត្តថា ការប្រកួតរវាងក្រុម SSC Napoli ក្រៅទឹកដីទល់នឹង ក្រុម Cagliari និងជំនួបរវាង Inter Milan ទល់នឹង Como នឹងត្រូវចាប់ផ្តើមការប្រកួតនៅវេលាម៉ោង ១ និង៤៥នាទីអាធ្រាត្រ (ម៉ោងនៅកម្ពុជា) ដូចគ្នា។

Napoli បច្ចុប្បន្នជាក្រុមឈរកំពូលតារាង មាន ៧៩ពិន្ទុ នាំមុខគូប្រជែង Inter Milan ចំនួន១ពិន្ទុ ប៉ុណ្ណោះ ពីការប្រកួត៣៧លើករៀងខ្លួន។ ការប្រជែងតំណែងជើងឯកលីគកំពូលអ៊ីតាលី នៅតែពីរ ក្រុមនេះប៉ុណ្ណោះ ដែលនឹងត្រូវកាត់ក្តីនៅជំនួបសប្តាហ៍ចុងក្រោយ។

ជំនួបចុងក្រោយរបស់ Serie A ដើម្បីកាត់សេចក្តីរវាង Inter Milan និង Napoli នឹងក្លាយជាការប្រកួតដ៏ជក់ចិត្តអារម្មណ៍មួយ ស្របពេលក្រុមទាំងសងខាងនឹងមានសម្ពាធពីការប្រជែងរៀងៗខ្លួន ព្រោះគ្មានវត្តមានរបស់អ្នកចាត់ការក្រុមដូចគ្នា។ ទាំងលោក Antonio Conte អ្នកចាត់ Napoli និងលោក Simone Inzaghi អ្នកចាត់ការ Inter Milan ជាប់បម្រាមកាតក្រហម ជាហេតុមិនអាចចូលទីលានដឹកនាំក្រុមផ្ទាល់បាន។

លោក Inzaghi ទទួលបានកាតក្រហម នៅជំនួបពេល Inter Milan ស្មើ ២-២ ទល់នឹង Lazio ហើយអំឡុងការប្រកួតនោះក្រុម Inter Milan ហៀបយកឈ្នះ ប៉ុន្តែប្រព័ន្ធជំនួយការអាជ្ញាកណ្តាល (VAR) បានផ្តល់ការពិន័យ ១១ម៉ែត្រ ជាហេតុធ្វើឱ្យក្រុម Lazio តាមស្មើ។ អ្នកចាត់ការវ័យ ៥១ឆ្នាំ បានទៅឈ្លោះប្រកែកជាមួយនឹងគ្រូបង្វឹក Lazio រហូតបង្កកម្តៅជម្លោះខ្លាំងនៅតំបន់គ្រូបង្វឹក ដែលប៉ះពាល់ដល់ការប្រកួត រហូតអាជ្ញាកណ្តាលផ្តល់កាតក្រហមបណ្តេញចេញពីទីលាន។

ចំណែកលោក​ Conte អតីតអ្នកចាត់ការក្រុម Tottenham Hotspur និង Chelsea ក្នុងជំនួបដែល Napoli ស្មើ Parma ០-០ បានទៅបង្កជម្លោះជាមួយនឹងគ្រូបង្វឹករបស់ Parma លោក ​Cristian Chivu រហូតត្រូវអាជ្ញាកណ្តាលផ្តល់កាតក្រហមបណ្តេញចេញពីការប្រកួតដូចគ្នា។ 

ការបន្តប្រជែងពានរហូតដល់សប្តាហ៍បង្ហើយ នឹងអាចក្លាយជារឿងមួយប៉ះពាល់ដល់ការត្រៀមខ្លួនរបស់ Inter Milan សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League តទល់នឹងក្រុម Paris Saint Germain នៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់។ លើសពីនេះ​ទៀត ប្រសិនបើ Inter Milan និង Napoli ត្រូវទៅប្រកួតវគ្គ Playoffs (ការប្រកួតថ្ងៃទី២៦ ឧសភា) ពិតមែន​ នោះនឹងកាន់តែបង្កផលប៉ះពាល់ខ្លាំងដល់ក្រុមស្ថិតក្រោមការដឹកនាំដោយលោក Inzaghi មុនជំនួប UCL ចូលមកដល់៕


អ្នកសរសេរអត្ថបទ

 អ្នក​យកព័ត៌មាន​កីឡា

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង