អ្នកនាំពាក្យការពារជាតិ៖ កម្ពុជាមិនអនុញ្ញាតបរទេសណា យកទឹកដីកម្ពុជា ធ្វើជាមូលដ្ឋានយោធា​ឡើយ
  • ថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៤:២៩ នាទី រសៀល
អ្នកនាំពាក្យការពារជាតិ៖ កម្ពុជាមិនអនុញ្ញាតបរទេសណា យកទឹកដីកម្ពុជា ធ្វើជាមូលដ្ឋានយោធា​ឡើយ
លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ។ រូបពី ក្រសួងព័ត៌មាន

ភ្នំពេញ៖ លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានចេញបដិសេធ នឹង​ព័ត៌​មាន​ដែលផ្សាយថា កម្ពុជាអនុញ្ញាតឱ្យភាគីចិន ប្រើប្រាស់ផ្ដាច់មុខ មូលដ្ឋានកង​ទ័ពជើងទឹក​រាម។ ការច្រានចោលនេះ ធ្វើឡើងក្រោយមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្ត និងកិច្ចការ​អន្តរជាតិ (CSIS) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ផ្សាយរបាយការណ៍ថា យោធា​ចិន​កំពុងពង្រីកវត្តយោធា និងមានសិទ្ធិផ្ដាច់មុន លើផ្នែកខ្លះនៃមូលដ្ឋានសមុទ្ររាម។

TTN-Free-Banner-In-Article-PC

តាមរយៈរបាយការណ៍របស់ CSIS ដែលចេញផ្សាយកាល ​ពីដើមខែឧសភានេះ ត្រូវបាន​សារព័ត៌មានមួយចំនួន យកទៅផ្សាយបន្តជាបន្តបន្ទាប់។

ដើម្បីកុំឱ្យសាធារណជនមានការយល់ច្រឡំ នៅថ្ងៃទី២១ឧសភានេះ លោក ឈុំ សុជាត បានប្រកាសច្រានចោលរបាយការណ៍នេះ និងចាត់ទុកថា ជាការ​ចោទប្រកាន់ដែល​មាន​លក្ខណៈញុះញង់ និងចេតនាទុច្ចរិត ដែលនាំឱ្យមានការភ័ន្តច្រឡំ ពាក់ព័ន្ធនឹង មូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹក។

តាមរយៈគណនីហ្វេសប៊ុក លោក ឈុំ សុជាត បញ្ជាក់បន្ថែមដូច្នេះ៖ «រាជរដ្នាភិបាល និងក្រសួងការពារជាតិកម្ពុជា បានប្រកាសជាញឹកញាប់រួចមកហើយថា កម្ពុជាជាប្រទេសអព្យាក្រឹត ហើយរដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតបរទេសណាយកទឹកដីកម្ពុជាធ្វើជាមូលដ្នានយោធាដាច់ខាត»។ 

អ្នកនាំពាក្យក្រសួងការពារជាតិបានពន្យល់បន្ថែម ក្រោយសម្ពោធដាក់ឱ្យដំណើរកំពង់ផែរាម កម្ពុជាបានអនុញ្ញាតឱ្យនាវាបរទេសចូលមកសំចតជាហូរហែ ដែលក្នុងនោះមាននាវាកងទ័ពជប៉ុន វៀតណាម និងនាវាចិនជាដើម។ លោកចាត់ទុកថា សកម្មភាពទាំងនេះ គឺជាភស្តុតាងជាក់ស្តែង ពីការប្រើប្រាស់កំពង់ផែសមុទ្ររាមរបស់កម្ពុជា។

អំឡុងពេល សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ មជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម កាលពីថ្ងៃទី៥មេសា សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានប្រកាសដែរ គឺស្វាគមន៍នូវបណ្តាកងទ័ពប្រទេសជាមិត្តទាំងអស់ ដែលចង់មកចូលចតនៅកំពង់ផែរាមកម្ពុជា ដើម្បីធ្វើការហ្វឹកហ្វឺនរួមគ្នា។ ទោះជាយ៉ាងនេះក្តី រាល់នាវាកងទ័ពបរទេស ដែលចង់ចូលមកចតនៅកំពង់ផែរាម គ្រាន់តែផ្ដល់ដំណឹងមុន។ 

កន្លងមក ពាក់ព័ន្ធនឹងព័ត៌មានចោទប្រកាន់កម្ពុជាដូចខាងលើនេះ កើតមានជាហូរហែ ហើយភាគីកម្ពុជាក៏តែងតែបដិសេធដែរ។ ហើយការចោទប្រកកាន់ចុងក្រោយនេះ ធ្វើឡើង ស្របពេលដែល កងទ័ពកម្ពុជា-ចិន កំពុងធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៥ រួមគ្នា។ សមយុទ្ធនាគមាសនេះ មានរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ឧសភា ដោយមានកម្លាំងចូលរួមប្រមាណ២ពាន់នាក់៕ 


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី