អតីតមិត្តស្រី Son ដែលយករឿងមានផ្ទៃពោះជំរិតទារលុយខ្លួន ទាក់ទងប្រុសផ្សេងក្នុងពេលតែមួយ
  • ថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ២:៥៩ នាទី រសៀល
អតីតមិត្តស្រី Son ដែលយករឿងមានផ្ទៃពោះជំរិតទារលុយខ្លួន ទាក់ទងប្រុសផ្សេងក្នុងពេលតែមួយ

តាមរយៈខ្សែអាត់សំឡេងមួយបានចោទប្រកាន់ថា ស្ត្រីដែលជាប់បទចោទបង្ខូចកេរ្តិ៍ឈ្មោះ និងជំរិតទារប្រាក់ Son Heung-min មានទំនាក់ទំនងស្នេហាជាមួយតារាបាល់ទាត់កូរ៉េខាងត្បូងផង និងបុរសម្នាក់ទៀតក្នុងពេលតែមួយ។ ដោយសារទំនាក់ទំនងស្នេហាត្រីកោណ បាននាំឱ្យមានភាពមិនច្បាស់លាស់ ថាបុរសរូបណាជា ឪពុកកូនក្នុងផ្ទៃរបស់អតីតមិត្តស្រីខ្សែប្រយុទ្ធ Tottenham Hospur។

TTN-Free-Banner-In-Article-PC

សារព័ត៌មានកូរ៉េខាងត្បូង Dispatch បានចាប់យកការសន្ទនារវាងនាង Yang វ័យ ២០ឆ្នាំ និងបុរសម្នាក់ដែលមាននាមត្រកូល Yong វ័យ៤០ឆ្នាំ ដែលអ្នកទាំងពីរត្រូវបានចោទប្រកាន់ពីបទ ប៉ុនប៉ងជំរិតទារប្រាក់ពី Son។ នាង Yang បានសារភាពថា នាងមានទំនាក់ទំនងផ្លូវភេទជាមួយបុរសពីរនាក់ក្នុងពេលដំណាលគ្នា ពោលគឺជាមួយប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូងផង និងបុរសជាអ្នកជំនួញម្នាក់ទៀត។ អតីតមិត្តស្រី Son ​បន្ថែម​ថា នាង​មិនច្បាស់​ថា​ឪពុករបស់កូនក្នុងផ្ទៃខ្លួន​ជា​នរណា​ទេ អំឡុងមានទំនាក់ទំនងជាមួយដៃគូពីរនាក់ក្នុងពេលតែមួយនេះ។

កាលពីខែមិថុនាឆ្នាំ ២០២៤ នាង Yang បានទាមទារប្រាក់ ៣០០លានវ៉ុន (ជាង ២០ម៉ឺនដុល្លារ) ពី Son បន្ទាប់ពីអះអាងថា នាងមានផ្ទៃពោះ និងផ្ញើរូបភាពជាភស្តុតាងផង។ នាង​បាន​យល់ព្រម​ លើ​កិច្ច​ព្រម​ព្រៀង​មិន​បញ្ចេញ​ពីព័ត៌មានមានផ្ទៃពោះជាសាធារណៈ ហើយ Son បាន​ធ្វើ​តាម​ការ​ទាមទារ​របស់​ Yang ដោយយល់ព្រមបង់ប្រាក់ដ៏ច្រើននោះ។ បើតាមការចុះផ្សាយរបស់កាសែត Chosun Ilbo ក្រោយមក Yang បានរំលូតកូន ហើយនាង និង Son ក៏ដាច់ទំនាក់ទំនងគ្នា។

ករណីថ្មី បានកើតឡើងនៅពេលលោក Yong ដែលអះអាងថា ជាគូដណ្តឹងរបស់ Yang បានរកឃើញកិច្ចព្រមព្រៀងរវាង Yang និង Son នៅលើទូរសព្ទរបស់នាង។ លោក Yong បានបង្ហាញព័ត៌មានខ្លះឱ្យកាសែត Dispatch ដោយទាមទារប្រាក់ជាង១៤ម៉ឺនដុល្លារ ដើម្បីជាថ្នូរផ្តល់ឯកសារទាក់ទងនឹង Yang និង Son។

លោក Yong ក៏បាន​ទាមទារ​ស្រដៀង​គ្នា​នេះ ​ទៅ​កាន់​តំណាង​របស់ Son ផងដែរ។ នៅពេលខាងភាគី Son មិនអើពើ បុរសជាគូដណ្តឹងនេះ បានផ្លាស់ប្តូរយុទ្ធសាស្រ្ត ដោយលើកទឹកចិត្តឱ្យពួកគេប្តឹងនាង Yang ពីបទក្លែងបន្លំ និងជំរិតទារប្រាក់ ខណៈរូបគេ បានស្នើផ្គត់ផ្គង់ភស្តុតាងជាថ្នូរនឹងប្រាក់ ៥ម៉ឺនដុល្លារ។

ក្រុមការងារ​របស់​ Son ​​បាន​សង្ស័យ​លើ​ការ​ទាមទារ​ប្រាក់ជុំវិញការ​មាន​ផ្ទៃពោះ ដោយ​កំណត់បាន​ថា រូបភាព​​ពាក់ព័ន្ធនឹងការពិនិត្យផ្ទៃពោះរបស់នាង Yang មិនប្រក្រតី។ បន្ទាប់​ពី​ពិនិត្យ​ឯកសារ​ពីលោក Yong ក្រុមការងារ​របស់ Son បាន​ដឹង​ថានាង Yang មានទំនាក់ទំនងជាមួយ​បុរស​ម្នាក់​ទៀត ​​អំឡុង​ពេល​ទំនាក់​ទំនង​ជាមួយ Son។ ខ្សែប្រយុទ្ធឆ្នើមរបស់ Spurs បាន​ដាក់​ពាក្យ​បណ្តឹង​ជំរិត​ទារ​ប្រាក់ ​ប្រឆាំង​នឹងនាង Yang នៅ​ថ្ងៃ​ទី៧ ខែ​ឧសភា។

ប៉ូលិសក្រុង Gangnam បានចាប់ខ្លួនទាំងនាង Yang និងលោក Yong នៅថ្ងៃទី១៤ ខែឧសភា។ 

Son វ័យ៣២ឆ្នាំ ដែលត្រូវបានចាត់ទុកថាជាកីឡាករបាល់ទាត់ដ៏ល្បីល្បាញបំផុតរបស់កូរ៉េខាងត្បូង និងជាទ្រព្យសម្បត្តិជាតិ ទើបជួយក្រុម Tottenham Hotspur គ្រងតំណែងជើងឯក UEFA Europa League ក្រោយឈ្នះ Manchester United ១-០ នៅវគ្គផ្តាច់ព្រ័ត្រ។ 

ប្រធានក្រុមមាន់ខ្នាយមាស ដែលមិនបង្ហាញរឿងជីវិតផ្ទាល់ខ្លួននៅលើបណ្តាញសង្គម ធ្លាប់អះអាងថា រូបគេមិនមានគម្រោងរៀបការមុនពេលចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់នោះទេ៕


អ្នកសរសេរអត្ថបទ

មុំ ពិទូរ្យ ការីនិពន្ធព័ត៌មាន​កីឡា​។​ ​ ​​​

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

មុំ ពិទូរ្យ