ក្រសួងព័ត៌មានថា លោក អ៊ុក ម៉ៅ មិនមែនជាអ្នកសារព័ត៌មានឡើយ ហើយរំលោភច្បាប់ និងវិជ្ជាជីវៈ
- ថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៨:៥៣ នាទី យប់

ភ្នំពេញ៖ ក្រសួងព័ត៌មាន អះអាងថា លោក អ៊ុក ម៉ៅ មិនមែនជាអ្នកសារព័ត៌មានឡើយ ដោយសារលោក កំពុងជាប់ពាក់បណ្ដឹងជាច្រើន ហើយកន្លងមក លោកប្រព្រឹត្តខុសវិជ្ជាជីវៈ ដោយគ្រាន់តែជ្រកក្រោមស្លាកសារព័ត៌មានប៉ុណ្ណោះ។

នៅយប់ថ្ងៃទី២២ ឧសភានេះ ក្រសួងព័ត៌មាន បានចេញសេចក្ដីថ្លែងការណ៍ ឆ្លើយតបនឹងបណ្ដាសង្គមស៊ីវិលក្នុងស្រុក និងអន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានបរទេសមួយចំនួន ដែលបានលើកឡើងពាក់ព័ន្ធនឹងករណី លោក អ៊ុក ម៉ៅ ពិសេសពួកគេ ទាមទារឱ្យមានការដោះលែង។
ក្រសួងពន្យល់ ពីករណី លោក អ៊ុក ម៉ៅ ជាប់បណ្តឹងចំនួន១៥សំណុំរឿងផ្សេងៗគ្នា ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើសច្បាប់នានារបស់ខ្លួន ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២មក។ ករណីចាប់ខ្លួនថ្មីៗនេះ ពាក់ព័ន្ធពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្ដិ៍ជាសាធារណៈ បង្កហិង្សា និងការកាប់ទន្ទ្រានដីព្រៃរដ្ឋខុសច្បាប់។ លោក អ៊ុក ម៉ៅ កំពុងជាប់ឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ និងរង់ចាំបន្តនីតិវិធី ដោយធ្វើអត្ថាធិប្បាយផ្សេងៗ ដែលប៉ះពាល់ដល់សុចរិតភាព។
ក្រសួងព័ត៌មាន បញ្ជាក់បន្ថែមថា លោក អ៊ុក ម៉ៅ ជាអ្នកបម្រើការនៅអង្គភាព ឥន្ទ្រីផ្លើស ញូស៍ ប៉ុន្តែលោកមិនមានបណ្ណសារព័ត៌មាន ដែលចេញដោយក្រសួងព័ត៌មានឡើយ ដោយសារលោក មិនអាចបំពេញលក្ខខណ្ឌក្នុងការស្នើសុំបណ្ណ។ ក្រសួងបានសង្កត់ធ្ងន់បន្ថែមបែបនេះ៖ «រាល់អ្នកសារព័ត៌មានដែលស្នើសុំបណ្ណ ត្រូវតែមិនមានជាប់ពាក់ព័ន្ធនឹងបណ្ដឹងតវ៉ា ឬស្ថិតក្នុងនីតិវិធីតុលាការឡើយ។ សកម្មភាពរបស់លោក( អ៊ុក ម៉ៅ )នាពេលកន្លងទៅ គឺប្រាស់ចាកនឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងរំលោភលើច្បាប់ ហើយតាមព័ត៌មានដែលប្រមូលបានបុគ្គល អ៊ុក ម៉ៅ បានជ្រកក្រោមស្លាកសារព័ត៌មាន ដើម្បីធ្វើសកម្មភាពដែលបម្រើ ឱ្យគោលបំណងផ្សេង ដែលមិនមែនជាការអនុវត្តផ្នែកសេរីភាពសារព័ត៌មាន និងបោះពុម្ពផ្សាយស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន»។
រាល់បទល្មើស ដែលបុគ្គល អ៊ុក ម៉ៅ រងការចោទប្រកាន់ជារឿងរបស់បុគ្គលផ្ទាល់ខ្លួន មិនទាក់ទងនឹងការងារក្នុងក្របខណ្ឌវិជ្ជាជីវៈសារព័ត៌មានឡើយ។ ក្រសួងបកស្រាយបែបនេះ ហើយប្រកាសប្រឆាំងដាច់ខាត មិនអនុញ្ញាតឱ្យជនទាំងឡាយណា ជ្រកក្រោមស្លាកព័ត៌មានទៅបម្រើរឿងផ្សេង ដែលក្រៅអំពីសេរីភាពសារព័ត៌មាន និងការបោះពុម្ពផ្សាយឡើយ។
ចំពោះ អ្នកបំពេញការងារទាក់ទងនឹងសារព័ត៌មាន ត្រូវតែចុះបញ្ជីត្រឹមត្រូវ និងមានការទទួលស្គាល់ត្រឹមត្រូវតាមច្បាប់។ លើសពីនេះ យោងតាមធម្មនុញ្ញវិជា្ជជីវៈសារព័ត៌មាន អ្នកអនុវត្តសកម្មភាពក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ ត្រូវគោរពច្បាប់ជាធរមាននៃកម្ពុជា។ ទង្វើបំពានក្រៅវិជ្ជាជីវៈសារព័ត៌មាន ត្រូវប្រឈមនឹងផលវិបាករដ្ឋប្បវេណី និងព្រហ្មទណ្ឌដែលមានចែង។ លើសពីនេះ ទង្វើបំពានប្រភេទទាំងនេះ មិនស្ថិតក្នុងក្របខណ្ឌនៃសេរីភាពខាងសារព័ត៌មានឡើយ។ ក្រសួងព័ត៌មានបង្ហាញជំហរបែបនេះ ហើយប្រាប់ទៅ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងអ្នកសារព័ត៌មានបរទេសមួយចំនួន ឱ្យឈប់ព្យាយាមធ្វើអាជីវកម្មនយោបាយជ្រុលហួសហេតុ។
សូមជម្រាបថា លោក អ៊ុក ម៉ៅ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៦ឧសភា ដោយបន្សល់ទុកប្រពន្ធ និងកូន៧នាក់។ បុគ្គលនេះ រងបណ្ដឹងជាបន្តបន្ទាប់ ដែលភាគច្រើនជាបណ្ដឹងរបស់មន្ត្រីបរិស្ថានខេត្តស្ទឹងត្រែង រដ្ឋបាលស្ទឹងត្រែង និងបណ្ដឹងអាជ្ញាធរ៕
អត្ថបទទាក់ទង
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com