- ថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៥:២៩ នាទី ល្ងាច

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសតាមចាប់ខ្លួនស្ត្រីម្នាក់ ដែលបានរត់គេចទៅថៃ ហើយផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។ ករណីនេះ ប៉ូលិសកម្ពុជា ក៏បានសហការជាមួយភាគីថៃដែរ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យ អគ្គស្នងការដា្ឋននគរបាលជាតិ ចេញថ្ងៃទី២៣ឧសភា អះអាងថាបានសង្កេតឃើញ មានការបង្ហោះផ្សព្វផ្សាយ
ព័ត៌មានតាមរយៈវីដេអូលើទំព័រហ្វេសប៊ុកមួយឈ្មោះ «ស្រ្តី Overseas» មានចរិតញុះញង់។ ម្ចាស់គណនីនេះ ផ្សាយពីកិច្ចសម្ភាសលោកស្រី ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយបំភ្លៃការពិតពាក់ព័ន្ធ នឹងលទ្ធផលនៃការចរចាលើការអនុគ្រោះពន្ធជុំទី១ រវាងកម្ពុជាសហរដ្ឋអាម៉េរិក។
ក្នុងវីដេអូ រយៈពេលជាង២នាទីនោះ បានដាក់រូបភាពរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ហើយសរសេរភ្ជាប់ពីរូបនោះបន្ថែមថា ក្រសួងពាណិជ្ជកម្មទៅចរចាជាមួយអាម៉េរិកជុំទី១ បរាជ័យ។ ក្នុងនោះក៏មានសំឡេងស្ត្រីម្នាក់ រៀបរាប់មូលហេតុនៃការបរាជ័យ ដោយសារពលរដ្ឋខ្មែរនៅក្រៅប្រទេស ដូចជាកូរ៉េ ជប៉ុន អាម៉េរិក នាំគ្នាធ្វើបាតុកម្មជាញឹកញាប់។ ស្ត្រីនោះ ដាក់បន្ទុកលើបញ្ហានេះ បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។
ពាក់ព័ន្ធករណីនេះ អ្នកនាំពាក្យ អគ្គស្នងការដ្ឋាននគរបាលជាតិ បានស៊ើបអង្កេតយ៉ាងហ្មត់ចត់ និងពិនិត្យឃើញសារសំឡេងវីដេអូក្នុងទំព័រហ្វេសប៊ុក «ស្ត្រី Overseas» ពុំមែនជាសារសំឡេង
របស់ លោកស្រី ចម និមល ឡើយ។ សំឡេងស្ត្រី ដែលអត្ថាធិប្បាយក្នុងវីដេអូនោះ មានចេតនា បំផ្លាញសង្គម ញុះញង់ និងលាបពណ៌ ក្នុងគោលបំណងធ្វើឱ្យសាធារណជនភាន់ច្រឡំ ចំពោះរាជរដ្ឋាភិបាល ក្នុងកិច្ចការចរចាលើការអនុគ្រោះពន្ធជុំទី១ ជាមួយភាគីអាម៉េរិក។
តាមការស្រាវជ្រាវ សមត្ថកិច្ចបានរកឃើញ ជនសង្ស័យខាងលើ ជាមុខសញ្ញាចាស់ ដែលគេចខ្លួនទៅថៃ ហើយផ្សាយព័ត៌មានមិនពិតជាបន្តបន្ទាប់។ ទាក់ទិននឹងបញ្ហានេះ អគ្គស្នងការដ្ឋាននគរបាលជាតិ អះអាងថា៖ «កំពុងកសាងសំណុំរឿងតាមនីតិវិធី និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ប្រទេសថៃ ស្វែងរកចាប់ខ្លួន និងបញ្ជូនស្រ្តីឈ្មោះ
ជូ ឈីន មកកាន់កម្ពុជា ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់»។
ជនសង្ស័យរូបនេះមានស្រុកកំណើតក្នុងខេត្តបាត់ដំបង។ កន្លងមក ត្រូវបានតុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ពីបទរួមគំនិតក្បត់ តាមរយៈសកម្មភាពឃុបឃិតជាមួយក្រុមឧទ្ទាមជ្រុលនិយម វាយប្រហារលើរាជរដ្ឋាភិបាល។ ដីកានោះ ចេញចុងឆ្នាំ២០២៤។ ក្នុងអំឡុងពេលសម្ងំលាក់ខ្លួននៅថៃ ស្រ្តីរូបនេះ ក៏ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកមួយចំនួន ដូចជាទំព័រឈ្មោះ ស្ត្រី Overseas, គណនីហ្វេសប៊ុក ស្ទឹងសម្ងាត់ និង Chhin Chou ជាដើម សម្រាប់បង្ហោះព័ត៌មានបែបនញុះញង់ និងបំភ្លៃការពិត៕
អ្នកសរសេរអត្ថបទ
