អគាររោងអភិរក្សអង្គរទី១នៅខាងលិចប្រាសាទបាយ័នត្រូវបានកែលម្អ និងលើកតម្លៃឡើងវិញ
  • ថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ២:៣០ នាទី រសៀល
អគាររោងអភិរក្សអង្គរទី១នៅខាងលិចប្រាសាទបាយ័នត្រូវបានកែលម្អ និងលើកតម្លៃឡើងវិញ
អគាររោងអភិរក្សអង្គរជំនាន់បារាំងដែលរៀបចំជួសជុលឡើងវិញ

សៀមរាប៖ អគាររោងអភិរក្សអង្គរទី១នៅសម័យបារាំង ដែលស្ថិតនៅខាងលិចប្រាសាទបាយ័ន ត្រូវបានកែលម្អ និងលើកតម្លៃឡើងវិញ ដើម្បីឱ្យសាធារណជន និងភ្ញៀវទេសចរបានសិក្សាស្វែងយល់ពី ការងារអភិរក្សនៅសម័យមុន។ នេះក៏ជាផ្នែកមួយក្នុងការរៀបចំវង់ទស្សនាថ្មីបន្ថែមទៀត ដើម្បីឱ្យទេសចរ អាចទស្សនាគ្រប់ជ្រុងជ្រោយនៃអតីតក្រុងអង្គរធំដ៏ល្បីល្បាញមួយនេះ។

TTN-Free-Banner-In-Article-PC

អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានឱ្យដឹងថា អគារដែលជា​រោងអភិរក្សអង្គរដំបូងនៅសម័យបារាំងនេះ ត្រូវបានកសាងឡើងនៅអំឡុងឆ្នាំ ១៩២៤។ អគារនេះ​ត្រូវបាន​ទុកចោលរាប់សិបឆ្នាំមកហើយ និងបន្ទាប់ពីបារាំងបានរៀបចំបង្កើតអភិរក្សដ្ឋានអង្គរ ដែលមានទីតាំងស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខាងលិចស្ទឹងសៀមរាប ឬនៅទល់មុខវត្តព្រះឥន្ទកោសីយ។ មន្រ្តីរូបនេះបានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរានឹងប្រើប្រាស់​អគារបុរាណនេះឱ្យមានភាពរស់រវើក។ ក្រៅពីតាំងបង្ហាញសម្ភារ ឬការងារអភិរក្ស និងជួសជុល ទីនេះក៏មានរៀបចំជាសាលពិព័រណ៍បង្ហាញភ្ញៀវទេសចរពីប្រាសាទដែលនៅ​ក្នុងតំបន់អតីត​ក្រុងអង្គរធំនេះផងដែរ ក្នុងនោះមានប្រាសាទសំខាន់ៗដូចជា បាយ័ន បាភួន ព្រះលានជល់ដំរី និងភិមានអាកាស ដែលជាអតីតព្រះបរមរាជវាំងនៅក្នុងក្រុងអង្គរធំ។

លោក ឡុង កុសល

សព្វថ្ងៃ ស្រពពេលតំបន់នេះកំពុងមានសកម្មភាពអភិរក្ស និងជួសជុលជាបន្តបន្ទាប់ វានឹងក្លាយជាវង់ទស្សនាដ៏ទាក់ទាញ និងប្លែកមួយសម្រាប់ទេសចរផងដែរ។ ពួកគេអាច​ទស្សនាទាំងប្រាសាទ សកម្មភាពជួសជុល និងអភិរក្សនៅតំបន់នេះដោយផ្ទាល់ និងដឹងពីការវិវឌ្ឍនៃកិច្ចការងារនេះ ដែលនឹងមានតាំងបង្ហាញក្នុងអគាររោងជាងខាងលើ។

តាមការពន្យល់ពីអ្នកនាំពាក្យ ក្រៅពីនេះអាជ្ញាធរជាតិអប្សរា ក៏គ្រោងនឹងដាក់​តាំងរាល់​សម្ភារជួសជុល និងគ្រឿងបរិក្ខាមួយចំនួនទៀត ដែលបង្ហាញពីសកម្មភាពជួសជុលពី​សម័យអតីតកាល រហូតដល់បច្ចុប្បន្ន​ដែលនឹងឱ្យសាធារណជន ក៏ដូចជាភ្ញៀវទេសចរបានស្វែងយល់ពីកិច្ចការងារ​ខាងលើកាន់តែលម្អិត។

ក្នុងបទសម្ភាសនៅថ្ងៃទី២២ ខែឧសភា លោក ឡុង កុសល បានបន្ថែមថា ចំពោះថ្មដែល​គររាយប៉ាយ​នៅជុំវិញតំបន់នេះ ក៏កំពុងត្រូវបានរៀបចំចុះបញ្ជីលេខ និងផ្គុំលើកតម្លៃឡើងវិញដែរ។ លោក កុសល ពន្យល់ថាថ្មទាំងនោះមួយចំនួន មិនទាន់ដឹងប្រភពច្បាស់ទេ ប៉ុន្តែអ្នកជំនាញនឹងព្យាយាមរកទីតាំងដើម ហើយថ្មដែលអាចផ្គុំបាន នឹងត្រូវរៀបចំផ្គុំនៅនឹងកន្លែង​ដើម្បីបង្ហាញដល់ភ្ញៀវទេសចរ និងសម្រាប់ការសិក្សាស្រាវជ្រាវ។ លោកបន្ថែមថា៖« តាមរយៈនេះ នឹងធ្វើឱ្យកន្លែងនេះ ក្លាយជាកន្លែង​ដែលមាន​លក្ខណៈ​ប្រមូលផ្តុំ ព្រោះក្រៅពីការធ្វើឱ្យដំណើរការ​ឡើងវិញនៃអាគារនេះ វាក៏នឹងត្រូវបានរៀបចំ​នូវពិព័រណ៍រូបភាព ក៏ដូចជាសកម្មភាពការងារមួយចំនួន ដែលបង្ហាញអំពីកិច្ចការងារជួសជុល អភិរក្ស អង្គរពីអតីតកាល»។

ផ្នែកខាងក្នុងនៃរោងអគារអភិរក្សអង្គរដែលជួសជុលកែលម្អឡើងវិញ

អគាររោងជាងសម័យបារាំងនេះ ក៏នឹងក្លាយជាទីតាំងប្រគល់ និងទទួលរាល់សម្ភារដែលភ្ញៀវទេសចរ បាត់ ឬភ្លេចនៅតំបន់អង្គរផងដែរ។ លោក កុសល ប្រាប់ថា ទេសចរដែលជ្រុះបាត់ ឬភ្លេចសម្ភារផ្សេងៗ អាចមកស្វែងរកនៅអគារនេះ។

ក្រៅពីបង្ហាញពីមោទកភាព និងផែនការការងារដើម្បីបង្កើនការទាក់ទាញទេសចរនៅតំបន់អង្គរ​ លោក ឡុង កុសល ពន្យល់ថា អាជ្ញាធរជាតិអប្សរាបានធ្វើការដើម្បីជំរុញលើការងារទាំង៣​មិនឱ្យដាច់ពីគ្នាឡើយ។  ការងារទាំង៣ដែលមន្រ្តីរូបនេះចង់បញ្ជាក់ គឺអតីតកាល បច្ចុប្បន្ន និងអនាគត។ លោក កុសល លើកឡើងដូច្នេះថា៖« ទាំង៣នេះ មិនអាចបែងចែក​ដាច់​ដោយឡែក​ពីគ្នាបានទេ យើងត្រូវមានផែនការ​រួមមួយក្នុងការគាស់កកាយឡើងវិញនៃអតីតកាល រំលឹកពីអតីតកាល​ដែលអាចធ្វើឱ្យយើងមានក្នុងពេលបច្ចុប្បន្ននេះ អាចឈររឹងមាំនៅទីនេះ ការឈរដ៏រឹងមាំនៅទីនេះបាន គឺដើម្បីគិតពីការផែនការផ្សេងទៀត​ក្នុងការជំរុញ​វិស័យទេសចរណ៍​នៅតំប់នអង្គរ»៕

 


អ្នកសរសេរអត្ថបទ

អ៊ី​សា រ៉​ហា​នី (Isa Rohany) មាន​ស្រុកកំណើត​នៅ​ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាង​បាន​ចូលធ្វើការ​ជា​អ្នក​សារព័ត៌មាន​នៅ​គេហទំព័រ​សារព័ត៌មាន​ថ្មីៗ​នៅ​ដើមឆ្នាំ​២០១៣ ក្រោយ​ទទួល​ការបណ្តុះបណ្តាល​វគ្គ​ខ្លី​លើ​ជំនាញ​សារព័ត៌មាន​ពី​អ្នកកាសែត​ជើងចាស់​។ ចាប់ពី​ឆ្នាំ​២០១៤​មក អ៊ី​សា រ៉​ហា​នី គឺជា​សហការី​របស់​សារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប ដោយ​ផ្តោតលើ​ព័ត៌មាន​ចម្រុះ​។ អ៊ី​សា រ៉​ហា​នី បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ សេដ្ឋកិច្ច នៅ​ឆ្នាំ​២០១១៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អុីសា រ៉ហានី