អាជ្ញាធរគ្រោងបើកជាន់ទី៣ប្រាសាទបាយ័នមួយជ្រុងឱ្យទេសចរចូលទស្សនាឡើងវិញ
  • ថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៨:០០ នាទី ព្រឹក
អាជ្ញាធរគ្រោងបើកជាន់ទី៣ប្រាសាទបាយ័នមួយជ្រុងឱ្យទេសចរចូលទស្សនាឡើងវិញ
ជាន់ទី៣ប្រាសាទបាយ័នដែលនឹងបើកឱ្យទេសចរឡើងទស្សនាឡើងវិញ

សៀមរាប៖ អាជ្ញាធរជាតិអប្សរាគ្រោងរៀបចំ បើកឱ្យដំណើរការឡើងវិញ នូវផ្នែកខ្លះនៃ ជាន់ ទី៣ ប្រាសាទបាយ័ន បន្ទាប់ពីបញ្ចប់ការងារជួសជុលជាស្ថាពរ។ ការបើកដំណើរការនេះ គឺ​ដើម្បីឱ្យទេសចរបានចូល​ទស្សនាគ្រប់ជ្រុងជ្រោយ ពិសេសបានចូលថតជិតព្រហ្មមុខបួន​ដែលជានិមិត្តរូបនៃប្រាសាទបាយ័ន។

TTN-Free-Banner-In-Article-PC

ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ និងវប្បធម៌ លោក សេង សុធារ៉ា បានឱ្យដឹងនៅថ្ងៃទី២៣ ខែឧសភាថា អាជ្ញាធរជាតិអប្សរាកំពុងរៀបចំបើកឱ្យទេសចរចូលទស្សនាឡើងវិញ​នូវជាន់ទី៣​ប្រាសាទបាយ័ន ដែលជាទីកន្លែងដ៏ទាក់ទាញសម្រាប់ទេសចរ។ លោកបញ្ជាក់ថា អាជ្ញាធរនឹងជូនដំណឹង​ចំពោះពេលវេលាជាក់លាក់នៃការបើកនេះ ដែលអាចដំណើរការនៅអំឡុងខែ មិថុនាខាងមុខ។

យ៉ាងណា តាមការបញ្ជាក់ពីមន្រ្តីអាជ្ញាធរជាតិអប្សរា ការបើកឱ្យចូលទស្សនាឡើងវិញនេះ គឺនៅជ្រុងនិរតី (ខាងលិចឈៀងខាងត្បូង) តែប៉ុណ្ណោះ ខណៈដែលជ្រុងផ្សេងទៀត ក្រុមការងារផ្នែកអភិរក្សកំពុងបន្ត​ការងា​រជួសជុលនៅឡើយ។ ហើយការបើកនេះដែរ ក៏មានកំណត់ចំនួនភ្ញៀវទេសចរឡើងចុះ​និងពេលវេលាផងដែរ។ លោក សុធារ៉ា បញ្ជាក់ថា ក្រោយការសិក្សាពីក្រុមការងាររបស់លោក ទីតាំងដែលបើកឱ្យឡើងទស្សនាឡើងវិញនេះ អាចផ្ទុកអ្នកទស្សនាបានខ្ទង់៣០នាក់ និងរយៈពេល​១០នាទី​។ មន្រ្តីរូបនេះសំណូមពរឱ្យទេសចរមានការយោគយល់ និងចែករំលែកពេលវេលា ឱ្យទេសចរដទៃទៀតបានចូលទស្សនាផង។

លោក សេង សុធារ៉ា 

ការសម្រេចបើកឡើងវិញនេះដែរ ធ្វើឡើងទៅតាមការស្នើសុំរបស់ក្រុមហ៊ុន ទីភ្នាក់ងារទេសចរណ៍ រួមនិងមគ្គុទ្ទេសក៍ទេសចរណ៍ ដែលបានសំណូមពរមកអាជ្ញាធរជាតិអប្សរា ឱ្យពិចារណាបើក​ជាន់ទី៣នេះវិញ។ លោក សេង សុធារ៉ា រៀបរាប់ថា៖«​យើងចង់ឱ្យទេសចរ​ពេលមកទស្សនា​ប្រាសាទបាយ័ន​បានឡើងកំពូល​ដែលជាគុណតម្លៃនៅទីនេះ…ទោះបីបើកបានតែមួយជ្រុង ក៏ជារឿងដែលល្អប្រសើរ​សម្រាប់ទាក់ទាញ​ទេសចរ និងបង្ហាញពីការងារជួសជុល និងអភិរក្សជាន់​នេះផងដែរ»។ 

ដើម្បីធានាពីសុវត្ថិភាពភ្ញៀវទេសចរ ក្នុងនោះអាជ្ញាធរជាតិអប្សរានឹងរៀបចំដាក់ស្លាកសញ្ញា បង្ហាញពីទីតាំងចូលទស្សនា និងហាមភ្ញៀវមិនឱ្យចូល ឬប្រុងប្រយ័ត្ននៅកន្លែងដែលជាការដ្ឋានជួសជុល។ ភ្ញៀវទេសចរអាចឡើងទៅទស្សនាជ្រុងនីរតីនៃជាន់ទី៣ តាមច្រកខាងកើត និងឡើងជណ្ដើរជ្រុងខាងលិច ហើយចុះមកវិញនៅជណ្ដើរជ្រុងខាងត្បូង ដើម្បីបន្តការទស្សនានៅជាន់ទី២ តាមវង់ទស្សនា​ដែល​រៀបចំ​ដោយមន្រ្តីអាជ្ញាធរជាតិអប្សរា។

ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ និងវប្បធម៌ ក៏សំណូមពរដល់ទេសចរគ្រប់រូប ចូលរួមថែរក្សាសណ្ដាប់ឱ្យបានល្អ និងមិនត្រូវប៉ះពាល់ចម្លាក់ ឬអង្គុយលើបង្កាន់ដៃនាគ ដើម្បីរក្សានិរន្តរភាពទីតាំងនេះឱ្យបានគង់វង្សយូរអង្វែង។  

សូមបញ្ជាក់ថា ជាន់ទី៣ប្រាសាទបាយ័នត្រូវបានបិទបណ្ដោះអាសន្ននៅខែមករា ឆ្នាំ២០២០ បន្ទាប់ពីទីតាំងនេះត្រូវបានរកឃើញថាមានហានិភ័យ និងទ្រុឌទ្រោមខ្លាំង។ ចាប់ពីពេលនោះមក អ្នកជំនាញផ្នែកអភិរក្សបានសិក្សា និងរៀបចំគម្រោងជួសជុលជាបន្តបន្ទាប់៕

 


អ្នកសរសេរអត្ថបទ

អ៊ី​សា រ៉​ហា​នី (Isa Rohany) មាន​ស្រុកកំណើត​នៅ​ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាង​បាន​ចូលធ្វើការ​ជា​អ្នក​សារព័ត៌មាន​នៅ​គេហទំព័រ​សារព័ត៌មាន​ថ្មីៗ​នៅ​ដើមឆ្នាំ​២០១៣ ក្រោយ​ទទួល​ការបណ្តុះបណ្តាល​វគ្គ​ខ្លី​លើ​ជំនាញ​សារព័ត៌មាន​ពី​អ្នកកាសែត​ជើងចាស់​។ ចាប់ពី​ឆ្នាំ​២០១៤​មក អ៊ី​សា រ៉​ហា​នី គឺជា​សហការី​របស់​សារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប ដោយ​ផ្តោតលើ​ព័ត៌មាន​ចម្រុះ​។ អ៊ី​សា រ៉​ហា​នី បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ សេដ្ឋកិច្ច នៅ​ឆ្នាំ​២០១១៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អុីសា រ៉ហានី