- ថ្ងៃអាទិត្យ ទី២៥ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៥:២៤ នាទី ល្ងាច

ភ្នំពេញ៖ លោក អ៊ុក ម៉ៅ ដែលគេស្គាល់ថាជាអ្នកកាសែតបរិស្ថាន ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន តាមរយៈដីកាបង្គាប់ឱ្យដោះលែង របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្ទឹងត្រែង ម៉េង ហ៊ត់ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។
បើតាមដីកាបង្គាប់ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្ទឹងត្រែង បានប្រាប់ឱ្យលោក ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ឲ្យដោះលែងជនត្រូវចោទឈ្មោះ អ៊ុក ម៉ៅ ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ប្រសិនបើជនត្រូវចោទរូបនេះ មិនត្រូវបានឃុំខ្លួន ពីបទល្មើសក្នុងសំណុំរឿងផ្សេងទៀត។
លោក អ៊ុក ម៉ៅ ត្រូវបានត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៦ឧសភា ដោយរងបណ្ដឹងជាបន្តបន្ទាប់ ដែលភាគច្រើនជាបណ្ដឹងរបស់មន្ត្រីបរិស្ថានខេត្តស្ទឹងត្រែង រដ្ឋបាលស្ទឹងត្រែង និងបណ្ដឹងអាជ្ញាធរ។ ជននេះ ត្រូវបានតុលាការខេត្តស្ទឹងត្រែង ដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទញុះញង់ឱ្យប្រព្រឹត្ត បទឧក្រិដ្ឋជាអាទិ៍ និងបទបរិហារកេរ្តិ៍ ជាសាធារណៈ តាមបញ្ញត្តិមាត្រា ៣០៥, មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅខេត្តស្ទឹងត្រែង កាលពីអំឡុងខែឧសភា ឆ្នាំ២០២៤ និងអំឡុងខែកុម្ភៈ ឆ្នាំ២០២៥។
លោក អ៊ុក ម៉ៅ ត្រូវបានគេស្គាល់ថា ជាអ្នកសារព័ត៌មានបរិស្ថាន ដ៏សកម្មម្នាក់។ ប៉ុន្តែក្រសួងព័ត៌មាន តាមរយៈសេចក្ដីថ្លែងការណ៍ ចុះថ្ងៃទី២២ ខែឧសភា បញ្ជាក់ថា អះអាងថា លោក អ៊ុក ម៉ៅ មិនមែនជាអ្នកសារព័ត៌មានឡើយ គឺគ្រាន់តែជ្រកក្រោមស្លាកសារព័ត៌មាន ប៉ុណ្ណោះ។
ការអះអាងបែបនេះ គឺជាការឆ្លើយតបរបស់ក្រសួងព័ត៌មាន នឹងបណ្ដាសង្គមស៊ីវិលក្នុងស្រុក និងអន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានបរទេសមួយចំនួនដែលទាមទារឱ្យមានការដោះលែង លោក អ៊ុក ម៉ៅ។ ក្រសួងព័ត៌មានពន្យល់ថា ក្រសួងព័ត៌មាន បញ្ជាក់បន្ថែមថា លោក អ៊ុក ម៉ៅ ជាអ្នកបម្រើការនៅអង្គភាពឥន្ទ្រីផ្លើស ញូស៍ ប៉ុន្តែលោកមិនមានបណ្ណសារព័ត៌មាន ដែលចេញដោយក្រសួងព័ត៌មានឡើយ ដោយសារលោក មិនអាចបំពេញលក្ខខណ្ឌក្នុងការស្នើសុំបណ្ណ។
ក្រសួងបានសង្កត់ធ្ងន់បន្ថែមបែបនេះ៖ «រាល់អ្នកសារព័ត៌មានដែលស្នើសុំបណ្ណ ត្រូវតែមិនមានជាប់ពាក់ព័ន្ធនឹងបណ្ដឹងតវ៉ា ឬស្ថិតក្នុងនីតិវិធីតុលាការឡើយ។ សកម្មភាពរបស់លោក( អ៊ុក ម៉ៅ) នាពេលកន្លងទៅ គឺប្រាស់ចាកនឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងរំលោភលើច្បាប់ ហើយតាមព័ត៌មានដែលប្រមូលបានបុគ្គល អ៊ុក ម៉ៅ បានជ្រកក្រោមស្លាកសារព័ត៌មាន ដើម្បីធ្វើសកម្មភាពដែលបម្រើ ឱ្យគោលបំណងផ្សេង ដែលមិនមែនជាការអនុវត្តផ្នែកសេរីភាពសារព័ត៌មាន និងបោះពុម្ពផ្សាយស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន។»៕
អ្នកសរសេរអត្ថបទ
កញ្ញា ខន ចំប៉ា ចូលរួមជាមួយសារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មានផ្នែកសង្គម និងគ្រប់គ្រងផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មានតួនាទីជានិពន្ធនាយកា៕
