នាយករដ្ឋមន្ត្រីកម្ពុជា៖ ការចូលជាសមាជិករបស់ទីម័រឡេស្តេ នឹងពង្រឹងឯកភាពនិងបរិយាបន្នរបស់អាស៊ាន
  • ថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ១១:៤៥ នាទី យប់
នាយករដ្ឋមន្ត្រីកម្ពុជា៖ ការចូលជាសមាជិករបស់ទីម័រឡេស្តេ នឹងពង្រឹងឯកភាពនិងបរិយាបន្នរបស់អាស៊ាន

ការចូលជាសមាជិករបស់ទីម័រឡេស្តេ នឹងមិនត្រឹមតែពង្រឹងឯកភាព និងបរិយាបន្នរបស់អាស៊ាន។ នេះគឺជាការលើកឡើងរបស់ សម្តេច ហ៊ុន ម៉ាណែត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ ដែលត្រូវបានរៀបចំឡើងនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
TTN-Free-Banner-In-Article-PC


សេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី នៅយប់ថ្ងៃទី២៧ឧសភា ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនៅម៉ាឡេស៊ី បានឱ្យដឹងទៀត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦នេះ ប្រមុខរាជរដ្ឋាភិបាល បានប្រកាសឥតលាក់លៀមទេថា កម្ពុជា គាំទ្រយ៉ាងខ្លាំង និងជាប់លាប់ចំពោះសមាជិកភាពពេញលេញរបស់ប្រទេសទីម័រឡេស្តេ ក្នុងអាស៊ាននៅឆ្នាំនេះ។

សម្រាប់សម្តេច ហ៊ុន ម៉ាណែត វត្តមានរបស់ទីម័រឡេស្តេ ក្នុងអាស៊ាន នឹងរឹតតែធ្វើឱ្យសមត្ថភាពដោះស្រាយបញ្ហាប្រឈមនានា កាន់តែរឹងមាំបន្ថែមថែមទៀត។ សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះ៖ «ការចូលជាសមាជិករបស់ទីម័រឡេស្តេ នឹងមិនត្រឹមតែពង្រឹងឯកភាព និងបរិយាបន្នរបស់អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសមត្ថភាពរួមរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាប្រឈមនានា។»។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល បានរំឭកដែរអំពីមូលបទនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ ហើយក្នុងកិច្ចប្រជុំនេះប្រមុខដឹកនាំអាស៊ានដទៃទៀត បានពិនិត្យវឌ្ឍនភាព នៃកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន លើការបញ្ចប់ប្រកបដោយជោគជ័យ នូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។ 

ស្របពេលដែលបរិបទភូមិសាស្ត្រនយោបាយកាន់តែស្មុគស្មាញ និងមិនអាចប៉ាន់ស្មានទុកជាមុននោះ ប្រមុខដឹកនាំអាស៊ាន បានអះអាងជាថ្មីពីសារៈសំខាន់នៃការរក្សា និងពង្រឹងមជ្ឈភាព និងឯកភាពអាស៊ាន។ ទន្ទឹមនឹងនេះ ប្រមុខដឹកនាំអាស៊ាន ក៏បានគូសបញ្ជាក់ដែរ ពីសារៈសំខាន់នៃសមាហរណកម្មសេដ្ឋកិច្ចកាន់តែស៊ីជម្រៅបន្ថែមទៀតនៃរំហូរពាណិជ្ជកម្ម និងការវិនិយោគក្នុងអាស៊ាន ដោយផ្តោតលើកំណើនប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព។



សូមជម្រាបថា ក្រៅពីកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ ប្រមុខរាជរដ្ឋាភិបាល ក៏បានចូល រួមកិច្ចប្រជុំពាក់ព័ន្ធប្រជុំកំពូលពាក់ព័ន្ធចំនួន៧ ជំនួបត្រីភាគី ទ្វេភាគី និងជំនួបសម្តែងការគួរសមជាមួយប្រមុខរដ្ឋាភិបាលចំនួន៧ និងបានអនុញ្ញាតឱ្យក្រុមហ៊ុនធំៗចំនួន៣ ចូលជួបសម្តែងការគួរសម និងស្វែងរកឱកាសវិនិយោគនៅកម្ពុជាផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកដំណើរចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសម៉ាឡេស៊ីរបស់ សម្តេច ហ៊ុន ម៉ាណែត នាពេលនេះ គឺជាព្រឹត្តិកាណ៍ថ្មីមួយទៀតដែលបង្ហាញពីតួនាទីដ៏សំខាន់របស់កម្ពុជា នៅក្នុងឆាក តំបន់ និងអន្តរជាតិ។ នេះក៏ជាសមិទ្ធផលការងារការទូតដ៏ធំមួយទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន ក្នុងរយៈពេលជិត២ឆ្នាំមកនេះ ក្នុងចំណោមសមិទ្ធផលធំៗជាច្រើន ទាំងក្នុងនិងក្រៅប្រទេស។ នៅទឹកដីម៉ាឡេស៊ី គឺជាបេសកកម្មការងារនៅក្រៅប្រទេសលើកទី១៩ របស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

ក្រោយបញ្ចប់បេសកកម្មប្រកបដោយផ្លែផ្កានៅម៉ាឡេស៊ី សម្តេច ហ៊ុន ម៉ាណែត និងគណៈប្រតិភូកម្ពុជា បានបន្តដំណើរទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុនភ្លាម នៅយប់ថ្ងៃទី២៧ ខែឧសភាតែម្តង។ ទឹកដៅជប៉ុន ជាទីដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបំពេញទស្សនកិច្ចផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា និងជាទស្សនកិច្ចលើកទី២ ចាប់តាំងពីសម្តេច ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រី៕
 
អត្ថបទទាក់ទង

អ្នកសរសេរអត្ថបទ

កញ្ញា ខន ចំប៉ា ចូលរួមជាមួយ​សារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មាន​ផ្នែកសង្គម និងគ្រប់គ្រង​ផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មាន​តួនាទីជានិពន្ធនាយកា៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ខន ចំប៉ា