- ថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៤:៣០ នាទី រសៀល

Manchester United នឹងត្រូវប្រកួតទល់នឹងក្រុម ASEAN All-Stars ក្នុងជំនួបមិត្តភាព នៅទឹកដីម៉ាឡេស៊ី នៅថ្ងៃទី២៨ ខែឧសភា វេលាម៉ោង ៧ និង ៤៥នាទីយប់ [ម៉ោងនៅកម្ពុជា] ។ ការប្រកួតរបស់លោក Ruben Amorim នៅម៉ាឡេស៊ី និងហុងកុង ក្នុងសប្តាហ៍នេះជាផ្នែកមួយនៃដំណើរកម្សាន្តរបស់បិសាចក្រហម ដែលរកចំណូលចូលក្លិបបាន ១០,៥៣ លានដុល្លារ។
លោក Ruben Amorim បានដឹកនាំកីឡាករ Man Utd ចំនួន ៣២រូប មកកាន់ទឹកដីអាស៊ី ដើម្បីប្រកួតមិត្តភាពចំនួន២ប្រកួត។ ប្រកួតដំបូង ត្រូវជួបក្រុម ASEAN All-Stars នៅកីឡដ្ឋាន Bukit Jalil ក្នុងក្រុងគូឡាឡំពួ ប្រទេសម៉ាឡេស៊ី។ ASEAN All-Stars ក្រោមការដឹកនាំរបស់លោក Kim Sang-sik គ្រូបង្វឹកកីឡាបាល់ទាត់ជម្រើសជាតិវៀតណាម បញ្ចូលកីឡាកររបស់ក្រុមជម្រើសជាតិទាំង១១ក្នុងតំបន់អាស៊ីអាគ្នេយ៍រូមគ្នា។
បន្ទាប់ពីជំនួបនេះ បិសាចក្រហម នឹងធ្វើដំណើរទៅកាន់ទីក្រុងហុងកុង ដែលពួកគេនឹងត្រូវជួបជាមួយនឹងក្រុមជម្រើសជាតិហុងកុង។
សម្រាប់ Man Utd ដំណើរកម្សាន្តក្រោយបិទរដូវកាលនេះនឹងផ្តល់ឱកាសឱ្យកីឡាករចុងក្រោយដើម្បីផ្លាស់ប្តូរផែនការរបស់លោក Amorim មុនពេលទីផ្សារដោះដូរកីឡាកររដូវកាលថ្មីចូលមកដល់។ ក្រុមយក្សអង់គ្លេសមួយនេះមានគម្រោងរុះរើកីឡាករមួយចំនួនធំ ដើម្បីស្តាក្រុមឡើងវិញ បន្ទាប់ពីធ្វើមិនបានល្អសោះនៅប៉ុន្មានរដូវកាលចុងក្រោយ។
ដំណើរការប្រកួតទេសចរណ៍ ចំនួន២ប្រកួតមកកាន់តំបន់អាស៊ីនេះ មិនត្រឹមនាំកីឡាករ Man Utd បានដើរកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយរកចំណូលដល់ក្លិបប្រមាណ ១០,៥៣ លានដុល្លារថែមទៀត៕
អ្នកសរសេរអត្ថបទ
មុំ ពិទូរ្យ ការីនិពន្ធព័ត៌មានកីឡា។
