ក.អ.ក និងស.អ.ថ ស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយថៃនិងកម្ពុជា ប្រុងប្រយ័ត្នលើការផ្សាយព័ត៌មានពីស្ថានភាពខ្សែបន្ទាត់ព្រំដែន
- ថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ១១:២៦ នាទី យប់

ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) និងសមាគមអ្នកកាសែតថៃ (ស.អ.ថ) ស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយថៃ និងកម្ពុជា បង្កើនការប្រុងប្រយ័ត្នអំពីការចុះផ្សាយព័ត៌មាន ដែលគ្មានប្រភពច្បាស់លាស់ ពីស្ថានភាពនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ការចែកចាយព័ត៌មានមិនពិត បណ្តាឱ្យមានការភាន់ច្រឡំជំរុញឱ្យកើតភាពចម្រុងចម្រះផ្នែក ព័ត៌មានកាន់តែធំរវាងប្រទេសទាំងពីរ។

តាមរយៈសេចក្តីថ្លែងការណ៍រួមមួយ ចុះថ្ងៃទី២៨ ខែឧសភា ក.អ.ក និងស.អ.ថ បញ្ជាក់ថា នាពេលថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមបានផ្សព្វផ្សាយ និងចែកចាយព័ត៌មាន ដែលគ្មានប្រភពច្បាស់លាស់អំពីស្ថានភាពទូទៅនៅតាមតំបន់ព្រំដែនកម្ពុជាថៃ។ ការណ៍នេះ ក.អ.ក និង ស.អ.ថ កំពុងព្រួយបារម្ភអំពីការបន្តផ្សព្វផ្សាយ ដែលអាចនឹងជំរុញឱ្យកើតភាពចម្រុងចម្រះកាន់តែធំរវាងប្រទេសទាំងពីរ។
ទន្ទឹមគ្នានេះ ក.អ.ក និង ស.អ.ថ ក៏បានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសទាំងពីរគួរមានការប្រុងប្រយ័ត្ន ដោយអ្នកផ្សព្វផ្សាយ មិនគួរផ្សព្វផ្សាយព័ត៌មាន ដែលគ្មានប្រភពច្បាស់លាស់ ឬព័ត៌មានមិនពិតទាក់ទងនឹងស្ថានភាពនៅតាមខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំង២ ដើម្បីកេងយកប្រយោជន៍នោះឡើយ។ អ្នកប្រើប្រាស់បណ្តាញសង្គមទាំងថៃ និងកម្ពុជា គួរពិចារណាអំពីផលវិបាកដែល អាចកើតមានដោយសារតែការចែកចាយព័ត៌មាននោះ។
ជាមួយគ្នានេះ ក.អ.ក និង ស.អ.ថ សង្ឃឹមថា បញ្ហាមួយចំនួនដែលកំពុងកើតមាននៅតាមខ្សែបន្ទាត់ព្រំដែននឹងត្រូវបានដោះស្រាយ ដោយសន្តិវិធីរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បីទប់ស្កាត់ការបង្កផលប៉ះពាល់ដល់ទំនាក់ទំនងដ៏យូរអង្វែងរវាង ប្រជាពលរដ្ឋ និងប្រទេសយើងទាំងពីរ៕
អ្នកសរសេរអត្ថបទ
កញ្ញា ហេង ស្រីលីន ជាសហការីនៃសារព័ត៌មានThmeyThmey25 និងជានិស្សិតផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា។ ស្រីលីន បានចូលបម្រើការងារ នៅខែវិច្ឆិកា ឆ្នាំ២០២១។ បច្ចប្បន្ន កញ្ញាជាអ្នកយកព័ត៌មានជាតិ ទេសចរណ៍ និងផលិតវីដេអូតាមទូរសព្ទដៃ(MOJO)។

© រក្សាសិទ្ធិដោយ thmeythmey.com