- ថ្ងៃអាទិត្យ ទី១ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៨:០០ នាទី យប់

ភ្នំពេញ៖ មន្ទីរធម្មការ និងសាសនា តាមរាជធានី-ខេត្ត បានធ្វើកិច្ចសន្យាជាមួយ បុគ្គល ៨រូប ឱ្យបញ្ឈប់ការបង្ហោះ និងលុបវីដេអូ រូបភាព ដែលនាំឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ របស់ព្រះពុទ្ធសាសនា។ក្នុងចំណោមបុគ្គលទាំង ៨រូបនោះ មាន១រូបបានធ្វើកិច្ចសន្យាជាលើកទី២។
ការចុះកិច្ចសន្យានេះធ្វើឡើងក្រោយ សម្តេច ហ៊ុន ម៉ាណែតឱ្យក្រសួងធម្មការ និងសាសនា គ្រប់គ្រងក្រុមដែលអួតថាខ្លួនមានបារមី និងយកសាសនាឆបោកលុយប្រជាពលរដ្ឋ ដែលជាទង្វើខុសច្បាប់រដ្ឋ។ លើសពីនេះ ក៏មិនអនុញ្ញាតឱ្យបុគ្គលទាំងនោះផ្សព្វផ្សាយលើបណ្ដាញសង្គមដែលបង្កឱ្យមានបញ្ហាច្របូលច្របល់ក្នុងសង្គមផងដែរ។ សម្ដេច ហ៊ុន ម៉ាណែត ណែនាំដូច្នេះនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលថ្ងៃទី២៣ ខែឧសភា ។
អ្នកស្រី អេន ចរិយា មានមុខរបរជាគ្រូបារមី និងមើលជំងឺ ដែលតាំងខ្លួនជារូបស្នងព្រះនាងឥន្រ្ទទេវី
អ្នកស្រី អេន ចរិយា មានមុខរបរជាគ្រូបារមី និងមើលជំងឺដែលតាំងខ្លួនជារូបស្នងព្រះនាងឥន្រ្ទទេវី បានចុះកិច្ចសន្យាជាលើកទី២ នៅថ្ងៃទី២៤ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីអ្នកស្រី ប្រោះព្រំកងទ័ពឈរជើងនៅប្រាសាទតាមាន់ធំ ដោយមានការថតបង្ហោះជាវីដេអូ។
កាលពីថ្ងៃទី ២ ខែកុម្ភៈ គ្រូបារមីរូបនេះបានចុះកិច្ចសន្យាជាមួយមន្ទីរធម្មការ និងសាសនាខេត្តសៀមរាបម្តងរួចមកហើយដោយសន្យាឈប់ធ្វើសកម្មភាពតាមប្រាសាទ និងសកម្មភាពតាំងខ្លួនជាអ្នកមានបុណ្យនិងបានធ្វើវីដេអូសុំទោសជាសាធារណៈផងដែរ។
លោក រេម សារ៉ុម, អ្នកស្រី ឆេង គន្ធា, និងលោក ទូច ឌី អ្នកទាំង ៣មានមុខរបជាគ្រូបារមី
រីឯលោក ថោង សុខុមដែលបានតាំងនាមខ្លួនឯងថា «តាបសរិទ្ធីមុនីធម្មមនោសុខុម» ក៏បានចុះកិច្ចសន្យាជាមួយប្រធានមន្ទីរវប្បធម៌ រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នឹងលុបរាល់វីដេអូរូបភាពសកម្មភាពផ្សេង មានការប្រោះព្រំ ស្រោចទឹក ព្យាបាលជំងី ប្រសិទ្ធីមន្តគាថា។មិនដើរបិណ្ឌបាត្រ ដោយគ្រងសំពត់បែបអ្នកបួសព្រះពុទ្ធសាសនាជាដើម។
ចំណែកលោក ជា ម៉ៅ មានមុខរបរជាគ្រូបារមី ក៏ចុះកិច្ចសន្យាជាមួយ ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ស្ពីនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។ លោកអះអាងថា នឹងលុបរូបភាពចាស់ៗ តាមបណ្ដាញសង្គមដែលបានបង្ហោះ រួមមានសកម្មភាពប្រោះព្រំ ស្រោចទឹក ព្យាបាលជំងឺ ដោះអំពើប្រសិទ្ធីមន្តគាថា ចារយ័ន្តកថា និងចាកសាក់។
លោក ថោង សុខុម ដែលបានតាំងនាមខ្លួនឯងថា «តាបសរិទ្ធីមុនីធម្មមនោសុខុម»
ដោយឡែក លោក ម៉េង សុវណ្ណ និងអ្នកស្រី សុខសមាលី តាំងខ្លួនជា«ព្រះមាតានាគី» បានចុះកិច្ចសន្យាជាមួយប្រធានមន្ទីរធម្មការ និងសាសនា ខេត្តតាកែវ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។ប្តីប្រពន្ធទាំងពីរ សន្យាស្ដាប់តាមការណែនាំរបស់មន្ទីរធម្មការ និងសាសនាខេត្តតាកែវមិនធ្វើសកម្មភាពនាំឱ្យប៉ះពាល់ដល់ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម។លើសពីនេះ អ្នកទាំងពីរ សន្យាមិនថតបង្ហោះក្នុងបណ្ដាញសង្គម ដែលមានលក្ខណៈអួតអាងហួសពីការពិត។
លោក ជា ម៉ៅ មានមុខរបរជាគ្រូបារមី(ស្តាំ)
ចំពោះលោក ណុប សក្កដា ដែលមានមុខរបរជាគ្រូដោះអំពើ ព្យាបាលជំងឺប្រសិទ្ធីមន្តគាថា ឈប់បង្ហោះសកម្មភាពនាំឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់ព្រះពុទ្ធសាសនា និងទំនៀមទម្លាប់ប្រពៃណី។ បុរសរូបនេះ បានចុះកិច្ចសន្យាជាមួយប្រធានមន្ទីរធម្មការ រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ថានឹងលុបចេញរាល់សកម្មភាព ដែលបានបង្ហោះក្នុងបណ្ដាញសង្គមខាងលើចេញ។
លោក ណុប សក្កដា មានមុខរបរជាគ្រូដោះអំពើ
លោក សែម អនុស្សនៈ ដែលបានតាំងនាមខ្លួនឯងជា «មហាឥសី» បានបញ្ឈប់សកម្មភាពដែលមិនត្រឹមត្រូវ នៅតាមបណ្តាញសង្គមនិងទីសាធារណ:។ ជាមួយគ្នានេះ លោក អនុស្សនៈក៏យល់ព្រមលុបរូបភាពនិងវីដេអូដែលខ្លួនបានបង្ហោះកន្លងមក ដោយចុះកិច្ចសន្យាជាមួយ ប្រធានមន្ទីរធម្មការ រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែឧសាភា ឆ្នាំ២០២៥។
លោក រេម សារ៉ុម, អ្នកស្រី ឆេង គន្ធា, និងលោក ទូច ឌី អ្នកទាំង៣មានមុខរបជាគ្រូបារមីដូចគ្នា ក៏បានចុះកិច្ចសន្យាជាមួយ ប្រធានមន្ទីរវប្បធម៌រាជធានីភ្នំពេញ និងលុបរាល់វីដេអូចាស់ៗ ពាក់ព័ន្ធអំពីមន្តអាគមគាថាចេញពីផេក ឬបណ្ដាញសង្គមផ្សេងៗ ដែលបានផ្សាយពីមុន។ មិនធ្វើសកម្មភាពថតឡាយវីដេអូពេលទាយជាដើម។
លោក ម៉េង សុវណ្ណ និងអ្នកស្រី សុខសមាលី តាំងខ្លួនជា«ព្រះមាតានាគី»
អ្នកទាំងអស់ខាងលើ សុទ្ធតែបានអះអាងថាប្រសិនពួកគេមិនគោរពតាមកិច្ចសន្យា ពួកគេនឹងព្រមទទួលខុសត្រូវ ចំពោះមុខច្បាប់។ ក្រសួងធម្មការ និងសាសនាក៏បានព្រមានដល់មហាជន ដែលប្រើប្រាស់បណ្ដាញសង្គមទាំងអស់ឱ្យឈប់បង្ហោះវីដេអូចាស់ៗកន្លងទៅ ឬវីដេអូថ្មីៗ ពាក់ព័ន្ធនឹងគ្រូបារមីគ្រូអូមអាមផ្សេងៗ។ ប្រសិនមិនបញ្ឈប់ទេ នោះសាមីខ្លួនក៏នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ ជាធរមានផងដែរ៕
លោក សែម អនុស្សនៈ ដែលបានតាំងនាមខ្លួនឯងជា «មហាឥសី»
អ្នកសរសេរអត្ថបទ
លោក តុប វណ្ណារ៉ា (Top Vannara) ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែមករា ឆ្នាំ២០២៤ លោក តុប វណ្ណារ៉ា ចូលបម្រើការងារជាអ្នកហាត់ការនៅសារព័ត៌មានថ្មីៗ។ លោក តុប វណ្ណារ៉ា ជាអ្នកសារព័ត៌មានថ្មីៗ ដែលផ្តោតលើព័ត៌មានអប់រំ វប្បធម៌ និងផលិតវីដេអូតាមទូរស័ព្ទ។

ព័ត៌មានពេញនិយម
-
៣ ថ្ងៃ