- ថ្ងៃអាទិត្យ ទី១ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៥:៣០ នាទី ល្ងាច

របបសឹកមីយ៉ាន់ម៉ា នៅថ្ងៃទី៣១ ខែឧសភា បានប្រកាសបន្តបទឈប់បាញ់ក្រោយរញ្ជួនដី ដើម្បីជួយសម្រួលដល់កិច្ចការមនុស្សធម៌។ បទឈប់បាញ់នេះ នឹងអនុវត្តដល់ថ្ងៃទី៣០ ខែមិថុនា។
រញ្ជួយដីនៅមីយ៉ាន់ម៉ា បានធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធជាច្រើនរងការខូចខាត ខណៈមនុស្សជាច្រើនពាន់នាក់ បានស្លាប់ និងរបួស។ ស្របពេលរងគ្រោះមហន្តរាយបែបនេះ មីយ៉ាន់ម៉ា មានការប្រយុទ្ធគ្នាជាច្រើនកន្លែងរវាងយោធា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច។
ដោយមានការអំពាវនាវពីសហគមន៍អន្តរជាតិ និងប្រទេសក្នុងតំបន់ យោធាមីយ៉ាន់ម៉ា បានប្រកាសអនុវត្តបទឈប់បាញ់ ហើយបន្តអនុវត្តរហូតដល់ដំណាច់ខែមិថុនា។
«នេះនឹងជួយដល់ការស្តារ និងស្ថាបនាឡើងវិញ នៅក្នុងតំបន់ដែលរងគ្រោះដោយសាររញ្ជួយដី»។ របបសឹកមីយ៉ាន់ម៉ា បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី៣១ ខែឧសភា។
បើតាមយោធាមីយ៉ាន់ម៉ា បទឈប់បាញ់នេះ នឹងអនុញ្ញាតឱ្យប្រទេសរបស់ខ្លួន អាចរៀបចំការបោះឆ្នោតប្រកបដោយប្រជាធិបតេយ្យ, ពហុបក្ស និងត្រឹមត្រូវ។ យោធាមីយ៉ាន់ម៉ា បានប្រកាសរៀបចំការបោះឆ្នោតនៅក្នុងឆ្នាំនេះ ទោះមានការប្រយុទ្ធគ្នាជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច នៅតំបន់ជាច្រើនក៏ដោយ៕
អ្នកសរសេរអត្ថបទ
ធៀន ភារិន្ទ បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ នៅក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ននេះ ភារិន្ទកំពុងសិក្សាផ្នែកច្បាប់ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនៅដេប៉ាតេម៉ង់សិក្សាអន្តរជាតិ នៃវិទ្យាស្ថានការបរទេស សកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ភារិន្ទ ជាអ្នកតាមដានព័ត៌មានអន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងការបរទេស។...

ព័ត៌មានពេញនិយម
-
៣ ថ្ងៃ