នាយករដ្ឋមន្ត្រី ទទូចសុំសាធារណជនកុំធ្វើសកម្មភាពណាប៉ះពាល់ទឹកចិត្តកងទ័ពព្រំដែន
  • ថ្ងៃចន្ទ ទី២ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ១០:២៥ នាទី ព្រឹក
នាយករដ្ឋមន្ត្រី ទទូចសុំសាធារណជនកុំធ្វើសកម្មភាពណាប៉ះពាល់ទឹកចិត្តកងទ័ពព្រំដែន
សម្តេចនាយករដ្ឋមន្ត្រូី ហ៊ុន ម៉ាណែត ថ្លែងក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា នាថ្ងៃទី២ ខែមិថុនា នេះ ។

ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា​ សម្តេច ហ៊ុន ម៉ាណែត ទទូចសុំចិត្តសាធារណជន កុំធ្វើសកម្មភាពណាដែលប៉ះពាល់ដល់ទឹកចិត្តកងទ័ពការពារព្រំដែន។​  សម្តេច ថ្លែងជាថ្មីបែបនេះ​ នៅក្នុងអង្គប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា នាព្រឹកថ្ងៃទី២ ខែមិថុនា នេះ  ដែលចង់ឃើញមហាជន រួមគ្នាលើកទឹកចិត្ត និងចូលរួមគាំទ្រដល់កងកម្លាំងការពារព្រំដែន។

TTN-Free-Banner-In-Article-PC

សម្តេចនាយករដ្ឋមន្ត្រី អះអាងពីជំហររបស់កម្ពុជា គឺមិនចង់បានទឹកដីរបស់ភាគីណាមួយឡើយ ប៉ុន្តែកម្ពុជាដាច់ខាត មិនឱ្យអ្នកណាឈ្លានពានឡើយ។ សម្ដេច ហ៊ុន ម៉ាណែត យល់ពីទឹកចិត្តទ័ព ដោយចាត់ទុកការលើទឹក ជាកត្តាសំខាន់បំផុត ខណៈស្ថានភាពព្រំដែន កម្ពុជា-ថៃ កាន់តែកើនឡើងកម្ដៅ។ 

« ខ្ញុំសូមអំពាវនាវសារជាថ្មី ដល់ប្រជាជនខ្មែរមួយចំនួន បើទោះជាមាននិន្នាការនយោបាយណាក៏ដោយ សូមកុំធ្វើអ្វីដែលប៉ះពាល់ទឹកចិត្តរបស់កម្ពុជាយើង »។​ នេះជាការស្នើសុំយ៉ាងទទូចរបស់សម្តេច ហ៊ុន ម៉ាណែត ដោយបានបញ្ជាក់យ៉ាងដូច្នេះ ៖ «   ​ពេលនេះ ជាពេលដែលប្រទេសជាតិយើងត្រូវរួមគ្នា ត្រៀមលក្ខខណៈការពារជាតិ ពិសេសរួមគ្នានៅពីក្រោយកងទ័ពយើងដើម្បីការពារទឹកដី»។ 

បើតាមប្រមុខរដ្ឋាភិបាលបានបន្ថែមថា រាល់និន្នាការនយោបាយ និងភាពខុសគ្នាទាំងឡាយ នាពេលនេះ ត្រូវទុកនៅដោយឡែក ហើយជជែកគ្នាពេលក្រោយ។ ប៉ុន្តែ ត្រូវនិយាយអ្វីដែលប៉ះពាល់ដល់ទឹកចិត្ត និងស្មារតីការពារទឹកដីសូមលុបទៅ!។

សមាជរដ្ឋសភា និងព្រឹទ្ធសភា ដំណើរការ ក្រោមការដឹកនាំរបស់ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេច ឃួន សុដារី ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២ ខែមិថុនា​ ។ អង្គចូលរួមទាំងអស់មានចំនួន ២៩២រូប ក្នុងនោះមាន សមាជិកព្រឹទ្ធសភាមាន៦១រូប សមាជិករដ្ឋសភា១១៨រូប សមាជិកគណៈរដ្ឋមន្ត្រី៨៤រូប និងសមាជិកឧត្តម្ភក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់២៩រូប។ សមាជនេះ ជជែកពិភាក្សាពីប្រធានបទបី ពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងវិស័យកសិកម្ម។ 

មុនដំណើរការនៃកិច្ចពិភាក្សា អង្គសមាជទាំងមូល បានក្រោកឈរគោរពវិញ្ញាណក្ខន្ធយុទ្ធជន ដែលបានពលីជីវិតដោយការវាយលុករបស់ថៃ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥​៕ 


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី