គណៈកម្មការទី១ ព្រឹទ្ធសភា ស្នើឱ្យផ្ដល់ប័ណ្ណ ប.ស.ស. ដល់ចាស់ជរាអាយុលើស៦០ឆ្នាំ
  • ថ្ងៃចន្ទ ទី២ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ៣:០៩ នាទី រសៀល
គណៈកម្មការទី១ ព្រឹទ្ធសភា ស្នើឱ្យផ្ដល់ប័ណ្ណ ប.ស.ស. ដល់ចាស់ជរាអាយុលើស៦០ឆ្នាំ
លោក ងី ច័ន្ទ្រផល ជាប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា នាថ្ងៃទី២មិថុនា ឆ្នាំ២០២៥។

ភ្នំពេញ៖ នៅក្នុងសមាជលើកទី១ រដ្ឋសភា និងព្រឹទ្ធសភា នៅថ្ងៃទី២មិថុនា ប្រធានគណៈ​កម្មការទី១ ព្រឹទ្ធសភា លោក ងី ច័ន្ទ្រផល បានកត់សម្គាល់ឃើញថា វិស័យគាំពារ​សង្គម បាននៅមិនទាន់គ្របដណ្ដប់ ដល់ជនចាស់ជរា ដែលមានវ័យ៦០ឆ្នាំឡើងនៅឡើយ។ ក្នុងន័យនេះ លោក ងី ច័ន្ទ្រផល បានស្នើឱ្យរាជរដ្ឋាភិបាល ពិចារណាការផ្តល់ប័ណ្ណសមធម៌សង្គម (ប.ស.ស.) ទៅពលរដ្ឋចាសជរាទាំងនោះផង។

TTN-Free-Banner-In-Article-PC

លោក ងី ច័ន្ទ្រផល  បានអំពាវនាវយ៉ាងដូច្នេះ៖ «សូមមេត្ដារដ្ឋាភិបាល ពិចារណាពាក់ព័ន្ធនឹងការចំណាយថវិកាដែរ ប៉ុន្តែវាឱកាសជូនដល់ប្រជាពលរដ្ឋយើង ដែលមានអាយុលើសពី៦០ឆ្នាំ អាចមានឱកាសទទួលបាន ប.ស.ស ផងដែរ»។ 

ដ្បិតមានចំណុចខ្វះខាត ប៉ុន្តែនៅក្នុងអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា ដែល​មានអង្គចូល​រួម២៩២រូប ប្រធាន​គណៈកម្មការទី១ព្រឹទ្ធសភា ក៏បានលើកឡើង​ពីភាពល្អប្រសើរ របស់​រដ្ឋាភិបាល ក្នុងការផ្តល់កិច្ចគាំពារដល់ពលរដ្ឋជាមនុស្ស​ ចាស់ជរាក្រីក្រ តាមរយៈការផ្តល់​នូវ​ប័ណ្ណសមធម៌ ឬផ្នែកថែទាំសុខភាពនេះ។

គិតត្រឹមខែមេសា ឆ្នាំ២០២៥ កម្មវិធីជាតិជំនួយសង្គម បានក្របដណ្តប់លើពលរដ្ឋសរុបប្រមាណ ១,២លានគ្រួសារ មានប្រមាណ ៤,៨៤លាននាក់ ស្មើនឹង ២៨ភាគរយ នៃចំនួនពលរដ្ឋសរុប។ ក្នុងឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលបានវិភាជថវិកាប្រមាណ ២៥៧លានដុល្លារអាម៉េរិក សម្រាប់អនុវត្តកម្មវិធីចំនួន៩។

គិតត្រឹមខែមេសា ឆ្នាំ២០២៥ របបសន្តិសុខសង្គម (ប.ស.ស) បានគ្របដណ្តប់លើពលរដ្ឋប្រមាណ ៣,១លាននាក់ ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន។ ក្នុងឆ្នាំ២០២៥នេះ រដ្ឋាភិបាលបានវិភាជថវិកាប្រមាណ៤២៥លានដុល្លារបន្ថែម លើថវិកាវិភាគទានដែលប្រមូលបានពីសមាជិក ប.ស.ស សម្រាប់អនុវត្តរបបសន្តិសុខសង្គមចំនួន ៣សំខាន់ៗ។

​សូមជម្រាប់ថា សមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នឹងត្រូវប្រព្រឹត្តទៅពីថ្ងៃទី ២ -៣ មិ​ថុ​នា ដោយអង្គសមាជ នឹងជជែក ពិភាក្សា ពីប្រធានបទចំនួន ៣ ពាក់ព័ន្ធនឹងប្រព័ន្ធគាំ​ពារ​សង្គម វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងវិស័យកសិកម្ម។ សមាជរដ្ឋសភា និងព្រឹទ្ធសភា បាន​ដំណើរការ ក្រោមការដឹកនាំរបស់ប្រធានសមាជ គឺសម្ដេច ហ៊ុន សែន ដែលជា​ប្រធានព្រឹទ្ធ​សភាកម្ពុជាផង។  ​អង្គចូលរួមទាំងអស់នៅថ្ងៃទី២មិថុនា មានចំនួន ២៩២រូប ក្នុង​នោះមាន​សមាជិក​ព្រឹទ្ធសភាមាន៦១រូប សមាជិករដ្ឋសភា១១៨រូប សមាជិក​គណៈរដ្ឋមន្ត្រី៨៤រូប និង​សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់២៩រូប៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី