លោក ឈីវ យីស៊ាង៖ រដ្ឋសភានិងព្រឹទ្ធសភា បន្តសហការជាមួយរដ្ឋាភិបាល ដើម្បីអភិវឌ្ឍជាតិ
  • ថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ៣:២៩ នាទី រសៀល
លោក ឈីវ យីស៊ាង៖ រដ្ឋសភានិងព្រឹទ្ធសភា បន្តសហការជាមួយរដ្ឋាភិបាល ដើម្បីអភិវឌ្ឍជាតិ
លោក ឈីវ យីស៊ាង នាយកខុទ្ទកាល័យសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលសមាជរដ្ឋសភានិងព្រឹទ្ធសភា កាលពីយប់ថ្ងៃទី៣មិថុនា ឆ្នាំ២០២៥។

ភ្នំពេញ៖ រដ្ឋសភានិងព្រឹទ្ធសភា អះអាងគាំទ្រសកម្មភាពរបស់រដ្ឋាភិបាល និងសហការជាមួយគ្នា ដើម្បីអភិវឌ្ឍនជាតិ ពិសេសលើវិស័យទាំងបី រួមមានប្រព័ន្ធគាំពារសង្គម សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិកម្ម។ នេះបើតាម លោក ឈីវ យីស៊ាង នាយកខុទ្ទកាល័យសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលសមាជរដ្ឋសភានិងព្រឹទ្ធសភា កាលពីយប់ថ្ងៃទី៣មិថុនា ឆ្នាំ២០២៥។

TTN-Free-Banner-In-Article-PC

តាមរយៈកិច្ចពិភាក្សា រយៈពេល២ថ្ងៃ ដែលក្នុងនោះ ចំណាយពេលអស់២៩ម៉ោង អង្គសមាជ បានស្នើដល់រដ្ឋាភិបាលកត់ត្រាទុក រាល់សំណូមពរ និងសំណើ ដែលសមាជិករដ្ឋសភា និងព្រឹទ្ធសភាបានលើកឡើង។ 

ជុំវិញការសំណូមពរ និងសំណើ សមាជិករដ្ឋសភា និងព្រឹទ្ធសភា ទាំង៦៩រូប ដែលបានលើកឡើងក្នុងអង្គសមាជ នាយកខុទ្ទកាល័យសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានឱ្យដឹងថា៖ «សំណូមពរទាំងនោះ រាជរដ្ឋាភិបាល ក៏បានកត់ត្រាទុក យកទៅពិចារណា សម្រាប់ដោះស្រាយ។ ហើយបើមានករណីចាំបាច់ នឹងបញ្ចូលបន្ថែម លើគោលនយោបាយ និងច្បាប់ដែលមានស្រាប់»។ យ៉ាងណាក្ដី លោក ឈីវ យីស៊ាង បញ្ជាក់ថា សេចក្ដីសម្រេចរបស់អង្គសមាជ មិនលម្អិត ពាក់ព័ន្ធនឹងការស្រង់យកចំណុចនីមួយៗ ទៅបញ្ចូលក្នុងគោលនយោបាយ ឬច្បាប់ឡើយ ដោយសារកន្លងកម្ពុជាមានគោលនយោបាយ និងច្បាប់ច្រើនរួចហើយពាក់ព័ន្ធប្រធានបទទាំង៣ខាងលើ។  

សន្និសីទសារព័ត៌មានស្ដីពីលទ្ធផលសមាជរដ្ឋសភានិងព្រឹទ្ធសភា កាលពីយប់ថ្ងៃទី៣មិថុនា ឆ្នាំ២០២៥។ 

លោក ឈីវ យីស៊ាង បានពន្យល់បន្ថែម ពីជំហររបស់រដ្ឋសភានិងព្រឹទ្ធសភា លើសេចក្ដីសម្រេចនៃអង្គសមាជទាំងបីចំណុចពាក់ព័ន្ធប្រព័ន្ធគាំពារសង្គម សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិកម្មថា អង្គនីតិបញ្ញត្តិទាំង២ គាំទ្រនិងសហការ ជាមួយរដ្ឋាភិបាល តាមរយៈសកម្មភាពនិងគោលនយោបាយនានា ដើម្បីសម្រេចតាមតាមចក្ខុវិស័យ។ 

ជាមួយគ្នាដែរ នាយកខុទ្ទកាល័យសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា អះអាងពីសមាជរដ្ឋសភាពនិងព្រឹទ្ធសភា អាចកើតមានជាលើកទី២ បានគ្រប់ពេល តាមការស្នើរបស់ឥស្សរជន ដែលមានតាមច្បាប់ដែលបានចែង។ 

ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសមាជរដ្ឋសភា និងព្រឹទ្ធសភា ជំពូកទី៣ ស្ដីពីការប្រព្រឹត្តទៅនៃសមាជ មាត្រា១០ ចែងថា ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី អាចផ្ដួចផ្ដើមឱ្យមានការប្រជុំសមាជបាន។ ប្រធានសមាជ អាចអញ្ជើញសមាជិករដ្ឋសភា និងព្រឹទ្ធសភាចូលរួមប្រជុំសមាជ៕  


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី